សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យកំណត់តំបន់វិនិយោគជាក់លាក់ ពិសេសខេត្តសម្បូរធនធានធម្មជាតិ
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យកំណត់តំបន់វិនិយោគជាក់លាក់ ពិសេសខេត្តសម្បូរធនធានធម្មជាតិ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ខេត្តទាំង៤នៅភាគឦសាន រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ គឺជាប៉ូលសេដ្ឋកិច្ចដែលមានសក្តានុពលខ្លាំងក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍។ ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍតំបន់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំទៅអាជ្ញាធរខេត្តទាំង៤ ត្រូវកំណត់ឱ្យបានច្បាស់លាស់នៃតំបន់វិនិយោគរវាងវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍។

TTN-Free-Banner-In-Article-PC

« ខ្ញុំឱ្យខេត្តទាំង៤ ជាពិសេសខេត្តដែលមានធនធានធម្មជាតិ!  ខេត្តមណ្ឌលគិរី  សុំឱ្យគិតគូរពី Zoning [ការកំណត់តំបន់]ឱ្យបានស្រួលបួល ដើម្បីយើងថែមសម្រាប់កន្លែងណាជាតំបន់ឧស្សាហកម្ម, កន្លែងជាតំបន់ទេសចរណ៍។ យើងត្រៀមឱ្យហើយទៅ»។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ដែលមិនចង់ឃើញកន្លែងដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍ ក្លាយជាកន្លែងរោងចក្រឧស្សាហកម្មនោះទេ។

ប្រមុខរដ្ឋាភិបាលបានបញ្ជាក់យ៉ាងថា៖ « កុំយករោងចក្រទៅដាក់លើភ្នំកំប៉ិកកំប៉ុកតិចតួច វាលែងស្អាត។កន្លែងណាទុកឱ្យជាកន្លែងទេសចរណ៍! កន្លែងធម្មជាតិ គឺទុកនៅកន្លែងហ្នឹង ដោយរុញតំបន់ឧស្សាហកម្មទៅកន្លែងផ្សេង!។ កន្លែងណា សម្រាប់ធ្វើកសិ-ឧស្សាហកម្ម ដាំទំហំធំ យើងកុំទៅយកវានៅកំប៉ិកកំប៉ុកនៅកន្លែងនេះកន្លែងនោះ ដោយគិតនៅកន្លែងទាំងមូល។ បានន័យថា យើងគិតពីការអភិវឌ្ឍដោយចីរភាព»។  ការទាមទាររបស់សម្តេច ហ៊ុន ម៉ាណែត បែបនេះ ក៏ព្រោះតែខេត្តទាំង៤ ក្នុងភាគឦភាគសានគឺមានសក្តានុពលដ៏សម្បូរបែប រួមមានទាំងវិស័យទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម និងទាំងផ្នែកកម្មន្តសាលថែមទៀត ដែលអាជ្ញាធរខេត្តត្រូវគិតគូរឱ្យច្បាស់លាស់ក្នុងការបែបចែកតំបន់អភិវឌ្ឍន៍។ ជាពិសេស ខេត្តមណ្ឌលដែលមានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ។

« បើយើងអត់គិតឱ្យហើយ យើងដាក់មួយដុំៗ យើងអាចបាត់មួយក្នុងរយៈពេលខ្លី គឺវាខូចកន្លែងអស់ ថ្ងៃក្រោយយើងចង់ធ្វើទេសរណ៍ធម្មជាតិ ស្រាប់ទៅដល់ឃើញរោងចក្រកំប៉ិកកំប៉ុកនៅនេះទាំងអស់»។ នេះជាការពន្យល់របស់ប្រមុខរដ្ឋាភិបាល ដែលប្រាប់អាជ្ញាធរខេត្តនីមួយៗនៅឦសានឱ្យសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និដងសំណង់ ដើម្បីពន្លឿននៃការកំណត់តំបន់អភិវឌ្ឍន៍ឱ្យច្បាស់លាស់រវាងវិស័យទេសចរណ៍ និងឧស្សាហកម្ម ឈានទៅដល់បង្កើតផែនទីមេ នៃការប្រើប្រាស់ដីក្នុងខេត្តទាំង៤នេះតែម្តង។ បើតាមសម្តេច ហ៊ុន ម៉ាណែត ការគិតគូរឱ្យច្បាស់លាស់បែបនេះ គឺដើម្បីទាញយកផលប្រយោជន៍ពីខេត្តនីមួយៗបានប្រកបដោយប្រសិទ្ធភាព និងការពារសក្តានុពលដែលមានស្រាប់ក្នុងការជំរុញពហុវិស័យ នាពេលអនាគត៕


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន