ធនាគារ វីង គាំទ្រសកម្មភាពសុខុមាលភាពក្នុងសហគមន៍
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:១៧ នាទី រសៀល
ធនាគារ វីង គាំទ្រសកម្មភាពសុខុមាលភាពក្នុងសហគមន៍

ធនាគារ វីង រៀបចំកម្មវិធីបរិច្ចាគឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណសម្រាប់បុគ្គលិក។ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់ការពិគ្រោះ និងពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាពដោយឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញ។

ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺ ដែលត្រូវការព្យាបាលបន្ទាន់។



លោក Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ»។

បច្ចុប្បន្ននេះកម្ពុជា  មានអ្នកត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថាការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធីបរិច្ចាគឈាមដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។



ក្រៅពីជំរុញការបរិច្ចាគឈាម ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា។

លោក Kolechko បន្ថែមថា៖ «ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាមទារឱ្យយើងធ្វើការងារជាច្រើន ក៏ប៉ុន្តែការថែរក្សាសុខភាពរបស់យើងឱ្យល្អគឺជាកត្តាអាទិភាពមួយ។ តាមរយៈការតាមដានពិនិត្យសុខភាពជាប្រចាំ និងទទួលបានការណែនាំពីអ្នកជំនាញ យើងអាចរកឃើញ ហើយអាចដោះស្រាយបញ្ហាសុខភាពបានទាន់ពេលវេលា ដើម្បីប្រាកដថាយើងមានសុខភាពរឹងមាំដើម្បីដោះស្រាយការងាជាច្រើននៅក្នុងជីវិត។»



ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលលំហាត់ប្រាណថ្មី
ជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតបរិយាកាសការងារ ដែលមានផាសុកភាពសម្រាប់បុគ្គលិក ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណថ្មីនៅជាន់ទី៦ នៃទីស្នាក់ការកណ្តាលរបស់ខ្លួន។ មជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបនេះ ផ្តល់ជូនបុគ្គលិកនូវការចូលហាត់ប្រាណដោយឥតគិតថ្លៃ ដោយបំពាក់នូវសម្ភារប្រណីតៗ រួមជាមួយនឹងថ្នាក់យូហ្គាដ៏ស្រស់ស្រាយ បន្ទាប់ពីបំពេញការងាររួចរាល់។

មជ្ឈមណ្ឌលហាត់ប្រាណនេះ ត្រូវបានរចនាឡើងដោយផ្តោតលើសោភ័ណភាព និងមុខងារជាសំខាន់ៗ ដោយបានបំពាក់នូវម៉ាស៊ីនហាត់ប្រាណទំនើប ឧបករណ៍សម្រាប់ហ្វឹកហាត់កម្លាំង និងស្ទូឌីយោយូហ្គាដ៏មនោរម្យ ដែលអាចមើលឃើញទិដ្ឋភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញថែមទៀតផង។



មជ្ឈមណ្ឌលហាត់ប្រាណនេះ មានទូសម្រាប់ទុកដាក់សម្ភារធំទូលាយ បន្ទប់ទឹកស្អាត និងកន្លែងសម្រាកដ៏កក់ក្ដៅ ទីនេះបានក្លាយជាកន្លែងហាត់ប្រាណដ៏ទាក់ទាញ។ ដោយមានពន្លឺធម្មជាតិជះចូលទៅក្នុងអគារគ្រប់គ្រាន់ ក៏ដូចជាពណ៌ស្រាលស្រទន់ អមដោយការតុបតែងប្រកបដោយភាពទាក់ទាញ មជ្ឈមណ្ឌលនេះបានជំរុញលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យគិតគូរលើសុខភាពរបស់ពួកគេកាន់តែខ្លាំង។

លើសពីកន្លែងធ្វើការ
អគារធនាគារ វីងថៅវើ ក៏មានការផ្តល់ជូនជាច្រើនថែមទៀត ដែលជួយលើកកម្ពស់បរិយកាសការងារប្រចាំថ្ងៃរបស់បុគ្គលិក។ ទាំងនេះរួមមានហាងកាហ្វេ Coffee Hub ចំនួនពីរកន្លែង ដោយមានមួយនៅជាន់ផ្ទាល់ដី និងមួយទៀតស្ថិតនៅជាន់ខាងលើ ព្រមទាំងមានអាហារដ្ឋានដែលផ្តល់ជូននូវអាហារឆ្ងាញ់ៗជាច្រើនជម្រើស ហើយមានតម្លៃសមរម្យ។



ជាន់នីមួយៗនៃអាគារនេះ មានបន្ទប់ផ្ទះបាយ និងកន្លែងសម្រាក ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពសម្រាប់បុគ្គលិកទាំងអស់ពេញមួយថ្ងៃ។ ដោយបច្ចុប្បន្នមានបុគ្គលិកបម្រើការងារនៅទូទាំងប្រទេសជាង ៣.០០០នាក់ ដែលក្នុងនោះប្រហែល ៤០% គឺជាបុគ្គលិកស្ត្រី ធនាគារ វីង បានបង្កើតសហគមន៍ចម្រុះ និងប្រកបដោយថាមពល។

ធនាគារ វីង បានយកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកតាមរយៈកម្មវិធីបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ដែលមានគោលបំណងបំពាក់បំប៉នបុគ្គលិកនូវជំនាញដែលពួកគេត្រូវការដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយវិជ្ជាជីវៈ។

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ធនាគារ វីង បានផ្តល់ការបណ្តុះបណ្តាលចំនួន ១១៥ វគ្គ ដែលជួយលើកកម្ពស់សមត្ថភាព បុគ្គលិកជិត២.០០០នាក់ ដើម្បីពង្រីកជំនាញរបស់ពួកគេ ក៏ដូចជាជំរុញឱ្យធនាគារ វីង បន្តនូវភាពបានជោគជ័យដ៏រឹងមាំ៕




(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន