- ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

ភ្នំពេញ៖ លោក ឈាវ មុន្និន ជានាយទាហាន ថ្នាក់ឧត្តមសេនីយ៍ត្រី ត្រូវបានលុបឈ្មោះ បណ្ដេញចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី៤មេសា ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
មូលហេតុនៃការដកក្របខណ្ឌលោក ឈាវ មុន្និន មិនត្រូវបានបញ្ជាក់ជាផ្លូវការឡើយ។ ពាក់ព័ន្ធនឹង សំណុំរឿងខាងលើ សារព័ត៌មានឌីជីថលថ្មីៗ ពុំអាចសុំការបកស្រាយបន្ថែមពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានឡើយនៅព្រឹកថ្ងៃទី៩ ខែមេសា។
ទោះបីជាយ៉ាងណាក៏ដោយ គេអាចសន្និដ្ឋានបានថា ការដកក្របខណ្ឌរបស់នាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ រូបនេះ គឺពាក់ព័ន្ធនឹងការថតបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok។
ក្នុងឃ្លីបវីដេអូ លោក ឈាវ មុន្និន បានបង្ហាញសកម្មភាពរាប់លុយ និងរាំលេងយ៉ាងសប្បាយរីករាយនៅកន្លែងធ្វើការ ហើយមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានរិះគន់យ៉ាងខ្លាំងក្លា ជាពិសេសពេលឃើញស្លាកកងយោធពលខេមរភូមិន្ទនៅពីក្រោយ។
ជុំវិញករណីនេះ ក្រសួងការពារជាតិ ចាត់ទុក វីដេអូនៃសកម្មភាពរាំលេងលើបណ្ដាញសង្គមនៅកន្លែងការងារ របស់ លោក មុន្និន ជារូបភាពនិងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន។ ក្រសួងក៏វាយតម្លៃដែរ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមតភូមិន្ទទាំងមូល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចេញថ្ងៃទី១ មេសា។
តាមរយៈលិខិតដដែល លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឱ្យ អង្គភាពជំនាញ បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យនិងវាយតម្លៃរាល់ទង្វើទាំងឡាយ ដែលឧត្តមសេនីយ៍ត្រី ប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្ម៕
អ្នកសរសេរអត្ថបទ
