បុរី មេគង្គ លែន និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ផ្ដល់ជូនកម្ចីទិញផ្ទះជាមួយនឹងលក្ខខណ្ឌពិសេសដល់អតិថិជន
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤០ នាទី រសៀល
បុរី មេគង្គ លែន និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ផ្ដល់ជូនកម្ចីទិញផ្ទះជាមួយនឹងលក្ខខណ្ឌពិសេសដល់អតិថិជន

(ភ្នំពេញ)៖  នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ បុរី មេគង្គ លែន និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ផ្ដល់កម្ចីទិញផ្ទះជាមួយទំហំទឹកប្រាក់ធំ រយៈពេលកម្ចីវែង និងការផ្ដល់ជូនពិសេសៗជាច្រើនទៀតជូនដល់អតិថិជនគ្រប់គម្រោងនៃ បុរី មេគង្គ លែន។ 



ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងគម្រោង «មេគង្គ ស៊ីធី» របស់ បុរី មេគង្គ លែន ក្រោមអធិបតីភាព លោក ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងលោក Akihiko Kisaka នាយកប្រតិបត្តិរង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរផងដែរ។ 



កិច្ចសហការរវាង បុរី មេគង្គ លែន និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់អតិថិជនក្នុងការទទួលបានគេហដ្ឋានក្នុងក្តីស្រមៃដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងផ្ដល់កម្ចីទិញផ្ទះជាមួយទំហំទឹកប្រាក់ធំរហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ រយៈពេលកម្ចីវែងរហូតដល់ ២៥ឆ្នាំ ព្រមជាមួយដំណើរការស្នើសុំកម្ចីកាន់តែមានភាពងាយស្រួល សម្រាប់គ្រប់អតិថិជនដែលទិញគេហដ្ឋាននៅ បុរី មេគង្គ លែន។



លោក ជាម ឃុនណាត បានមានប្រសាសន៍យ៉ាងមុតមាំថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង បុរី មេគង្គ លែន និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាការចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រដែលបើកទំព័រថ្មីនៃការរីកចម្រើនរបស់វិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការមួយនេះ យើងរួមគ្នាផ្ដល់ជូនភាពងាយស្រួលនៃឥណទានផ្ទះដ៏សម្បូរបែបសមស្របតាមតម្រូវការអតិថិជនក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ដែលអនុញ្ញាតឱ្យពួកគាត់ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃពី បុរី មេគង្គ លែន ជាមួយឥណទានដ៏ល្អរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។» 

លោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបន្ថែមឱ្យដឹងដែរថា៖ «ភាពជាដៃគូនេះ នឹងធ្វើឱ្យមានការប្តេជ្ញាចិត្តរួមគ្នាជួយឱ្យអតិថិជនគ្រប់រូបមិនថាជាបុគ្គល ឬក្រុមគ្រួសារឱ្យសម្រេចបានផ្ទះក្នុងក្ដីស្រមៃរបស់ពួកគាត់។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប តាមរយៈកម្មវិធី Alliance Programme ដើម្បីជួយឱ្យក្ដីប្រាថ្នានេះក្លាយជាការពិត។ អតិថិជនរបស់ បុរី មេគង្គ លែន នឹងរីករាយជាមួយលក្ខខណ្ឌកម្ចីពិសេស រួមទាំងការផ្តល់កម្ចីរហូតដល់ ៨០% នៃតម្លៃគេហដ្ឋានសរុប ព្រមទាំងមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំ រហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចីនោះទេ។»



កាន់តែពិសេស ដើម្បីអបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ អតិថិជនដែលទិញគេហដ្ឋាននៅ បុរី មេគង្គ លែន និងស្នើសុំកម្ចីពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នឹងរីករាយជាមួយការផ្ដល់ជូនពិសេសរួមមាន ឥតគិតតម្លៃសេវាផ្លូវច្បាប់ និងគិតកម្រៃសេវាអនុម័តកម្ចីត្រឹមតែ ០.៥%។ ទន្ទឹមនឹងគ្នានេះដែរ បុរី មេគង្គ លែន ក៏ធ្វើការផ្តល់ជូនប្រម៉ូសិនដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជនដូចជា៖
1.    ទទួលបានបណ្ណសាច់ប្រាក់រហូតដល់ ៦៥,០០០ ដុល្លារ សម្រាប់ការទិញផ្ទះ
2.    ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៦%
3.    ថែមជូនម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង
4.    ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE
5.    គោលការណ៍បង់ប្រាក់ងាយស្រួល
6.    ទិញភ្លាម ចូលនៅភ្លាម! 
7.    ក្លាយជាម្ចាស់កម្មសិទ្ធិ ១០០% ភ្លាមៗ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូដទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ ប្រណីតភាព សោភ័ណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានានូវសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។



គួរបញ្ជាក់ផងដែរថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (Joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ៕


(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន