រដ្ឋសភា គាំទ្រលើការលើកកម្ពស់«ប្រាក់រៀល»
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
រដ្ឋសភា គាំទ្រលើការលើកកម្ពស់«ប្រាក់រៀល»

ថ្ងៃទី២០ មីនា ឆ្នាំ២០២៥  ជាខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។ ឆ្នាំនេះ គឺជាលើកទី១ ដែលធនាគារជាតិ នៃកម្ពុជា សហការជាមួយរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំពិធីអបអរសាទរនៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ រួមទាំងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រាក់រៀលក្នុងចរន្តសេដ្ឋកិច្ចជាតិ នៅចំពោះមុខអ្នកតំណាងរាស្រ្តទូទាំងរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ នៅឯវិមានរដ្ឋសភា ក្រោមវត្តមានលោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា​។

TTN-Free-Banner-In-Article-PC

សិក្ខាសាលាដែលបានរៀបចំឡើងកាលពីថ្ងៃទី២០មីនា មានគោលដៅរួមមួយគឺ លើកកម្ពស់ការចរាចរប្រាក់រៀល  ពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិ។ ការណ៍នេះ នឹងចូលរួមចំណែកជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយបន្តក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច​ជាតិ។ 

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានថ្លែងយ៉ាងដូច្នេះ៖   « ដូចយើងទាំងអស់គ្នាបានដឹងហើយថា រូបិយវត្ថុជាតិ មានន័យថា លុយ​ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ដូចនេះ ទាមទារឱ្យយើងទាំងអស់គ្នាចូលរួមជាចាំបាច់ ក្នុងការលើកស្ទួយលុយជាតិរបស់យើង។ ការរៀបចំទិវាប្រាក់រៀលរួមគ្នារវាងធនាគារជាតិ ជាមួយរដ្ឋសភា និងព្រឹទ្ធសភា នាពេលនេះ ពិតជាកំពុងបង្ហាញយ៉ាងច្បាស់ពីស្មារតីរួមគ្នា ក្នុងការលើកកម្ពស់រូបិយវត្ថុជាតិរបស់យើង»។​​  

ស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តប្រាក់រៀល។ ការគាំទ្ររបស់រដ្ឋសភា និងព្រឹទ្ធសភា នាពេលនេះគឺជាជំហានថ្មីមួយទៀតក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយឡើងថែមទៀត។ 

« ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមពីក្រសួង-ស្ថាប័នសាធាណៈ និងឯកជន នឹងផ្តល់ជាធាតុចូលបន្ថែមទៀត ទៅលើកាលានុវត្តភាព និងបញ្ហាប្រឈមទាំងឡាយ ក្នុងការលើកកម្ពស់ប្រាក់រៀល ដើម្បីយើងអាចរួមគ្នាគិត និងស្វែងរកដំណោះស្រាយក្នុងការការជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយថែមទៀត ប្រកបដោយជំនឿទុកចិត្តខ្ពស់»។  នេះជាការទាមទាររបស់លោក ឈាង វុន ក្នុងគោលដៅលើកកម្ពស់ការចរាចរប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។​

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា 

កន្លងមក ធនាគារជាតិ នៃកម្ពុជា  បានសហការស្រាវជ្រាវជាមួយសា្ថប័នអន្តរជាតិជាច្រើន ចំពោះការលើកកម្ពស់រូបិយវត្ថុជាតិ​ ដោយវិភាគយ៉ាងលម្អិត និងស៊ីជម្រៅ លើផលចំណេញ និងគុណវិបត្តិនៃការធ្វើបដិដុល្លារូបនីយកម្ម ក្នុងគោលដៅធ្វើយ៉ាងណា ជំរុញការប្រើប្រាស់ប្រាក់រៀល ដោយធានានិងមិនធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នាឆ្នាំនេះ ធនាគារជាតិ បានពង្រីកកិច្ចសហការស្រាវជ្រាវជាមួយរដ្ឋសភាជាតិ លើប្រធានបទ « តួនាទីរបស់ស្ថាប័នសាធារណៈក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល» ដែលគ្រោងបញ្ចប់ការស្រាវជ្រាវនេះនៅឆ្នាំចុងឆ្នាំ២០២៥។​ 

ជាមួយគ្នានេះ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីកិច្ចសហការជាមួយទីភា្នក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការធ្វើអង្កេតនិងពិនិត្យនៃចំណូល-ចំណាយ រវាងប្រាក់រៀល និងប្រាក់ដុល្លាររបស់ប្រជាពលរដ្ឋ ក្នុងស្រុកផងដែរ។ 

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា 

« អ្វីដែលយើងរកឃើញ  នៅទីប្រជុំជនភាគច្រើនចំណូលជាប្រាក់ដុល្លារ ហើយចំណាយក៏ភាគច្រើនជាដុល្លារដែរ។ ដោយឡែក នៅតាមជនបទ មានចំណូលជាប្រាក់រៀល និងដុល្លារស្មើគ្នា  ប៉ុន្តែការចំណាយ ភាគច្រើន ជាលុយរៀល។ អ៊ីចឹង យើងក៏បានតាមដានបន្តទៀត ជាពិសេសលើកម្មករោងចក្ររបស់យើង។ កម្មករោងចក្ររបស់យើងមានប្រាក់ខែជាប្រាក់ដុល្លារ! ពេលយើងអង្កេតមើលនិងសួរពួកគាត់ទៅ ភាគច្រើនលុយដុល្លាររបស់ពួកគាត់នោះ គឺត្រូវដូរជាលុយរៀល ដើម្បីចាយប្រចាំថ្ងៃ។ បានន័យថា​ សឹងតែ៧៥ភាគរយ នៃលុយដុល្លាររបស់ពួកគាត់ ត្រូវដូរជាលុយរៀល។ អ្វីដែលពួកគាត់ត្រូវចាយជាដុល្លារ គឺមានតែទៅលើការជួលបន្ទប់ស្នាក់នៅ និងថ្លៃកាតទូរសព្ទប៉ុណ្ណោះ។ ក្រៅពីនេះ​ គឺគាត់ចាយជាប្រាក់រៀល»។​ 

ខាងលើនេះជាការពន្យល់របស់លោកស្រី ជា សិរី ពីចំណុចសំខាន់ ដើម្បីរៀបចំគោលនយោបាយជំរុញការប្រើប្រាស់​ប្រាក់រៀលនៅក្នុងវិស័យឧស្សាហកម្ម កាត់ដេរ និងសម្លៀកបំពាក់ រួមទាំងត្រូវពន្យល់ណែនាំគ្រប់ភាគីពាក់ព័ន្ធឱ្យយល់ពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល។ 

ជាការពិតណាស់  ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ, បានកសាងជំនឿទុកចិត្ត, ជួយជំរុញសាមគ្គីភាព និងពង្រឹងអធិបតេយ្យភាពជាតិ។ ដូច្នេះ ការចូលរួមការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ព្រមទាំងជួយដល់ការការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ 

ពាក់ព័ន្ធនឹងកិច្ចការជំរុញការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិនេះ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា​ បានប្រកាសសាទរ និងគាំទ្ររាល់សំណើគោលនយោបាយ ដែលមានគោលដៅលើកកម្ពស់ ប្រាក់រៀល។  លោក បានប្រកាសលើក ទឹកចិត្តសមាជិករដ្ឋសភា ពិនិត្យ និងសិក្សាក្នុងការផ្តួចផ្តើមធ្វើច្បាប់ ឬអនុម័តច្បាប់នានា ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល»។​

លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា 

លើសពីនេះ អនុប្រធានទី១នៃរដ្ឋសភាកម្ពុជារូបនេះ បានជំរុញក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន បន្តប្រឹងប្រែងបន្ថែមទៀតដើម្បីប្រែក្លាយប្រាក់រៀល ទៅជារូបិយវត្ថុចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ពីព្រោះការប្រើប្រាស់រូបិយវត្ថុជាតិ គឺអាចជួយកាត់បន្ថយប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យកម្ពុជាយើងមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកាន់តែខ្ពស់ និងល្អប្រសើរ។​

លោក ជាម យៀប  បានថ្លែងយ៉ាងដូច្នេះ ៖  «សូមលើកទឹកចិត្តដល់រដ្ឋាភិបាល ពិចារណាបង្កើតក្រុមការងារ បច្ចេកទេសអន្តរក្រសួងមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រ និងធ្វើការស្រាវជ្រាវអំពី ការលើកកម្ពស់ប្រាក់រៀល សំដៅឱ្យគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់ រៀលតាមវិស័យ នានា អាចប្រព្រឹត្តទៅប្រកបដោយសង្គតិភាព។  ជាពិសេស គឺរដ្ឋាភិបាលគួរពិចារណាបង្កើតនូវវិធាន ឬនិយ័តកម្ម និងពង្រឹងកិច្ចសហការពហុភាគី ដែលសំដៅជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងអប់រំ ផ្សព្វផ្សាយដល់វិស័យឯកជន និងពលរដ្ឋទូទៅ អំពីសារៈ សំខាន់នៃការប្រើប្រាស់ប្រាក់រៀល។»៕ 


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន