- ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ព្រឹត្តិការណ៍«សង្ក្រាន្តពោធិ៍សាត់ ២០២៥» នឹងរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅទីតាំងចំនួន ៤ រួមមាន នៅលើបុរីវប្បធម៌កោះសំពៅមាស, ទីធ្លាខាងមុខសាលាខេត្ត, ៣សួន១៤មករា និងពហុកីឡាដ្ឋានខេត្ត។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ព្រឹត្តិការណ៍នេះ នឹងមានការប្រគំតន្ត្រីប្រពៃណី និងសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៌ និងការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ។
ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តពោធិ៍សាត់ ២០២៥ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នឹងទទួលបានអារម្មណ៍តាមរយៈកម្មវិធីសប្បាយក្នុងព្រឹត្តិការណ៍។
រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានការប្រគំតន្ត្រីប្រពៃណី និងសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារ ប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ។ ក្រៅពីនេះ ក៏មានការចូលរួមពីតារាចម្រៀងល្បីៗប្រចាំប្រទេស គឺលោកស្រី ឱក សុគន្ធកញ្ញា លោក ណុបបាយ៉ារិទ្ធ លោក លឹម តិចម៉េង និងតារាល្បីៗជាច្រើនទៀតផងដែរ។
រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃនៃខេត្តពោធិ៍សាត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
