សាំង ចាន់រក្សា៖ ចំរើន គុនខ្មែរ ស្វាគមន៍ជានិច្ច ប្រសិនជា តៃម៉ូ សុំសងសឹក
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
សាំង ចាន់រក្សា៖ ចំរើន គុនខ្មែរ ស្វាគមន៍ជានិច្ច ប្រសិនជា តៃម៉ូ សុំសងសឹក
ការប្រកួតរវាង ចំរើន គុនខ្មែរ និង តៃម៉ូ ហ៊ីសៃ រូបពីវីដេអូ Town Full HD

លោក សាំង ចាន់រក្សា គ្រូជំនួយក្លិបគុនខ្មែរដូនតា បាននិយាយថា កីឡាករ ចំរើន គុនខ្មែរ ដែលជាកូនសិស្សខ្លួន នឹងមិនបដិសេធទេ ប្រសិនជា តៃម៉ូ ហ៊ីសៃ (Taimu Hisai) អ្នកប្រដាល់ជប៉ុន សុំប្រកួតសងសឹក។ តៃម៉ូ ហ៊ីសៃ គឺជាកីឡាករជប៉ុនម្នាក់ ដែលបានផ្ដួលកីឡាករគុនខ្មែរខ្លាំងៗ មួយចំនួន តាមរយៈស្នៀតពិសេស។ ប៉ុន្ដែ កីឡាកររូបនេះ បានចាញ់ ចំរើន គុនខ្មែរ ដោយពិន្ទុ កាលពីថ្ងៃទី៣ មេសា នៅខណ្ឌកំបូល។

TTN-Free-Banner-In-Article-PC

នេះជាលើកទី៤ ដែលកីឡាករ Taimu បានមកប្រកួតនៅទឹកដីកម្ពុជា ដោយឈ្នះ ២ប្រកួត និងចាញ់២ប្រកួត។ ដោយឡែក នេះក៏ជាលើកទី៦ ដែលអ្នកប្រដាល់ជប៉ុនរូបនេះ បានប្រកួតជាមួយកីឡាករគុនខ្មែរ។  Taimu ធ្លាប់ឈ្នះ រតនៈ សុធី ដោយពិន្ទុ ហើយក៏ធ្លាប់ផ្ដួល ពេជ្រ សម្បត្តិ និង ឈុត សេរីវ៉ាន់ថន ឲ្យសន្លប់ផងដែរ តាមរយៈការលោតដាំក្បាល ហើយប្រើកែងជើងវ័ធលើផ្នែកខាងលើរបស់គូប្រកួត។

ការមកកម្ពុជា លើកទី៤នេះ Taimu បានចាញ់ ចំរើន គុនខ្មែរ ដោយពិន្ទុ កាលពីថ្ងៃទី៣ មេសា ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ លើប្រភេទទម្ងន់ ៦១គីឡូក្រាម។ លោក សាំង ចាន់រក្សា បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ ជំនួសលោក ឃឹម សុជាតិ ជាគ្រូបង្គោលក្លិបគុនខ្មែរដូនតា ដែលជាប់ភារៈកិច្ចខាងក្រៅ និងជំនួសកីឡាករ ចំរើន គុនខ្មែរ ដែលត្រូវសម្រាកមួយរយៈពេលខ្លីបន្ទាប់ពីប្រកួតនេះ។ លោក សាំង ចាន់រក្សា និយាយថា ក្លិបគុនខ្មែរដូនតា នឹងមិនបដិសេធទេ ប្រសិនជាកីឡាករជប៉ុនរូបនេះ សុំប្រកួតសងសឹកដណ្ដើមខ្សែក្រវ៉ាត់វិញ។

គ្រូជំនួយរូបនេះ បានប្រាប់ថា៖«ប្រសិនជាគេ សុំ ចំរើន ប្រកួតសងសឹក យើងនឹងមិនបដិសេធទេ។ ចំរើន ឥឡូវគាត់ក៏ប្រឹងប្រែងដែរ។ តែបើមានការសងសឹកមែន ចំរើន នឹងត្រៀមខ្លួនជានិច្ច។»។

លោក សាំង ចាន់រក្សា សរសើរកីឡាករជប៉ុនរូបនេះ ថាមានកម្លាំងស្ទុះ ស្មារតីល្អ ទោះជាត្រូវកីឡាករ ចំរើន គុនខ្មែរ វាយចូលច្រើនយ៉ាងណា ក៏អាចរក្សាជំហរបានល្អ ជាពិសេសការប្រើប្រាស់ដៃ និងជើងពេលចូលវាយ និងដកថយបានលឿនៗ ហើយរហ័ស។ ប៉ុន្ដែលោក ចាន់រក្សា ក៏បានប្រាប់ពីចំណុចខ្វះខាតរបស់ តៃម៉ូ គឺចាប់ផ្ដើមប្រយ័ត្នខ្លាំង នៅពេលដែល ចំរើន គុនខ្មែរ បានវាយចូលកែង ហើយនេះ ក៏ជាឱកាសនាំឲ្យកីឡាករកម្ពុជា អាចវាយឈ្នះពិន្ទុ ផងដែរ។

«តៃម៉ូ ល្អ ប៉ុន្ដែ ចំរើន ក៏ល្អដែរ។ លោកគ្រូ ឃឹម សុជាតិ រួមទាំងខ្ញុំបាន មើលក្បាច់គាត់ ហើយក៏ប្រាប់ទៅ ចំរើន។ អាវុធរបស់តៃម៉ូ គឺការវាយចេញចូលលឿន។ គាត់ចេញចូលប្រើដៃ ហើយជើងលឿនណាស់។ យើង ប្រាប់ ចំរើន ឲ្យទាត់កាត់មុនពេល តៃម៉ូ ទាត់យើង។ តៃម៉ូ ហាក់បីដូចជាញញឺតកែង ចំរើន ពេលចំរើន ចាប់ផ្ដើមវាយកែង។ ចឹងហើយធ្វើឲ្យចាញ់ចំរើន។»។ លោក ចាន់រក្សា បានពន្យល់ដូច្នេះ។

តៃម៉ូ ធ្លាប់ផ្ដួល ពេជ្យ សម្បត្តិ ឲ្យបោះបង់ការប្រកួតនៅទឹកទី៣ និងធ្លាប់ផ្ដួល ឈុត សេរីវ៉ានថន ឲ្យសន្លប់ទឹកទី១ នៅក្នុងទឹកដីនៃប្រទេសជប៉ុន។ ប៉ុន្ដែ កីឡាករជប៉ុនរូបនេះ ក៏ធ្លាប់ចាញ់ ពេជ្យ សម្បត្តិ ដោយពិន្ទុ នៅកម្ពុជា ផងដែរ។ ប្រសិនជាមានជំនួបសងសឹក រវាងកីឡាករ ចំរើន គុនខ្មែរ និង Taimu Hisai នៅទឹកដីជប៉ុន តើកីឡាករកម្ពុជារូបនេះ អាចយកឈ្នះបានទេ?

លោក សាំង ចាន់រក្សា យល់ឃើញថា ការប្រកួតនៅក្រៅប្រទេស អាចលំបាកខ្លះសម្រាប់កីឡាករកម្ពុជា ក្នុងការត្រៀមខ្លួន ព្រោះត្រូវធ្វើដំណើរផង ហ្វឹកហាត់ផង និងសម្រកគីឡូផង។ ខុសគ្នាពីកីឡាករម្ចាស់ផ្ទះ ពួកគេគ្រាន់តែត្រៀមខ្លួន ហើយសម្រក់គីឡូ ចាំគូប្រកួតប៉ុណ្ណោះ។

គ្រូជំនួយរូបនេះ និយាយប្រាប់ថា៖«ប្រសិនយើង ឆ្លងប្រទេសមួយទៅវាយគេ វាក៏អាចជារឿងពិបាកមួយដែរ ព្រោះគេបានត្រៀមកម្លាំង គេហាត់ គេញ៉ាំ គេគេង ហើយគេគ្រាន់តែសម្រកគីឡូហើយ គេត្រៀមវាយយើងតែម្ដង។ ប៉ុន្ដែយើង វិញហាត់ហើយ យើងត្រូវសម្រកគីឡូ ហើយយើងត្រូវធ្វើដំណើរទៅវាយគេទៀត។ ចឹងយើង រៀងចាញ់តែមគេបន្ដិចដែរ។»។

គួរបញ្ជាក់ផងដែរ ចំរើន គុនខ្មែរ ប្រកួត វ័យ ២៦ឆ្នាំ ប្រកួតបាន ១០៦ដង ក្នុងនោះឈ្នះ ៧៣ដង និងចាញ់ ៣៣ដង។ ក្នុងជ័យជម្នះ ៧៣ប្រកួតនោះ ចំរើន គុនខ្មែរ ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ ២៧ដង។ 

រីឯ តៃម៉ូ ហ៊ីសៃ វ័យ ១៩ឆ្នាំ ប្រកួតបាន ២០ដង ឈ្នះ ១៥ដង និងចាញ់ ៥ដង។ កីឡាករ ជប៉ុនរូបនេះ ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ ចំនួន៥ដង៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា