សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងបង្កើតមេធាវី ដើម្បីការពាររាល់ការបំពាន លើអត្ដពលិក
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងបង្កើតមេធាវី ដើម្បីការពាររាល់ការបំពាន លើអត្ដពលិក
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សំណេះសំណាលជាមួយ លោក នួន សុរិយា រូបពី សេង ម៉ូលីនី

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា សហព័ន្ធ មានផែនការបង្កើតមេធាវី ដើម្បីការពារផលប្រយោជន៍អត្ដពលិកគុនខ្មែរ ដោយនឹងមានចំណាត់ការលើជនណា ដែលបំពាន់លើសលប់លើសិទ្ធិកីឡាករ-កីឡាការិនី។ នេះ បើតាមកិច្ចសន្ទនាមួយ ដែលបានផ្សាយលើហ្វេសប៊ុក Seng Moliny Journalist ដោយប្រធានសហព័ន្ធរូបនេះ បានប្រាប់ទៅលោក នួន សុរិយា អតីតកីឡាករគុនខ្មែរ កាលពីថ្ងៃទី៧ មេសា នៅរដ្ឋ California សហរដ្ឋអាម៉េរិក។

TTN-Free-Banner-In-Article-PC

លោក ខូវ ឆាយ ធ្លាប់មានបទពិសោធ ដែលត្រូវបានមនុស្សមួយចំនួន បានរិះគន់យ៉ាងធន់ធ្ងរ ដោយប្រើពាក្យជេរប្រមាថ។ ប៉ុន្ដែប្រធានសហព័ទ្ធ​រូបនេះ និយាយថារូបលោក អាចទទួលយកបាន ដោយសារតែផ្លូវចិត្តរឹងមាំ។ ដោយឡែក ប្រធានសហព័ន្ធរូបនេះ សំណូមពរឱ្យ​អ្នករិះគន់ទាំងនោះ ប្រើការបញ្ចេញមតិ ក្នុងន័យស្ថាបនា ជាជាងការជេរប្រមាថទៅលើកីឡាករ ម្ដាយឪពុក ឬក៏ប្រមាថដល់ជីវិតកីឡាករ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ ចាត់ទុកថា ការជេរប្រមាថទាំងនោះ អាចនឹងធ្វើឱ្យបាត់បង់ធនធានអត្ដពលិកជាតិ ព្រោះកីឡាករ-កីឡាការិនីមួយចំនួន មានអារម្មណ៍ ផ្លូវចិត្តមិនរឹងមាំ ដែលជាហេតុធ្វើឱ្យ​ពួកគេខ្លាច និងបាក់ទឹកចិត្ត ហើយឈានដល់ការបោះបង់អាជីព។

«អ្នកជេរ​​​​ខ្ញុំ ខ្ញុំមិនតបតទេ ប៉ុន្ដែកីឡាករខ្លះ ពួកគាត់មានផ្លូវចិត្តមិនរឹងមាំ។ ដូច្នេះ ពួកគាត់ អាចបោះបង់ចោលអាជីពនេះ ហើយពួកគាត់អាចទៅជាអន់ចិត្ត ខូចចិត្ត លែងហាត់ ហើយធ្វើឱ្យយើងបាត់បង់ធនធានកីឡាករ។»។ លោក ខូវ ឆាយ លើកឡើង​ដូច្នេះ។

លោក ខូវ ឆាយ លើកទឹកចិត្តឱ្យ​អ្នកគាំទ្រប្រដាល់គុនខ្មែរ លុបបំបាត់ការជេរប្រមាថជីវិត ទៅលើកីឡាករ និងក្រុមគ្រួសារកីឡាករ។ ដោយឡែក តាមការបញ្ជាក់របស់លោក ខូវ ឆាយ ជាមួយលោក នួន សុរិយា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានគម្រោងនឹងបង្កើតមេធាវីសម្រាប់ស្ថាប័នខ្លួន ដើម្បីការពារដល់កីឡាករ-កីឡាការិនី។

លោក ខូវ ឆាយ បាននិយាយថា៖«យើង ត្រូវតែលុបបំបាត់បញ្ហាជេរនេះ។ យើង ចូលរួមរិះគន់ដើម្បីស្ថាបនា។ ប៉ុន្ដែ បើចូលមកជេរម្ដាយគេ ជេរឪពុកគេ ឬប្រមាថដល់ជីវិតរបស់គេ តើវាមានអ្វីដែលបានជួយស្ថាបនា? សហព័ន្ធ មានផែនការ នឹងបង្កើតមេធាវីប្រចាំសហព័ន្ធ។ ប្រសិនជាជនណាដែលធ្វើលើសលប់ពេក គឺយើងដាក់ពាក្យប្ដឹងតែម្ដង។»៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា