- ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី យប់

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យអភិបាលខេត្តទាំងបួន មានមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង យកចិត្តទុកដាក់ ទប់ស្កាត់ និងបង្ក្រាប បទល្មើសឆបោកតាមអនឡាញ ឱ្យម៉ឺងម៉ាត់ ដើម្បីសន្តិសុខ និងមុខមាត់ខេត្ត។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នាព្រឹកថ្ងៃទី៩មេសា សម្ដេច ហ៊ុន ម៉ាណែត បានលើកពីសក្តានុពលភាគឦសាន ដែលសម្បូរដោយធនធានធម្មជាតិ តំបន់ទេសចរណ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ហេតុនេះ ទើបសម្រេចដាក់ផែនការជាបន្តបន្ទាប់ ដើម្បីជំរុញការវិនិយោគ។
ទន្ទឹមនឹងនេះ ប្រមុខថ្នាក់ដឹកនាំ ចង្អុលបង្ហាញឱ្យអភិបាលខេត្ត ប្រឹងការពារមុខមាត់ខេត្តរបស់ពួកគេផងដែរ ដើម្បីទាក់ទាញការវិនិយោគ សន្តិសុខ និងស្ថិរភាព។ ថ្លែងក្នុងពិធីខាងលើ សម្ដេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «សូមខេត្តទាំង៤ យកចិត្តទុកដាក់ គឺរឿងសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវធ្វើយ៉ាងម៉េច ទប់ស្កាត់នូវសកម្មភាពទាំងឡាយណា ដែលបង្កនូវអសន្តិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា»។
នាយករដ្ឋមន្ត្រី បានពន្យល់បន្ថែម ដោយមិនឱ្យមន្ត្រីថ្នាក់ក្រោមរស់ពឹងផ្អែកលើករណីឆបោកតាមអនឡាញឡើយ ព្រោះកន្លងមកខេត្តនេះ បានប្រឹងឈរជើងតាមរយៈលើវិស័យកសិកម្ម ទេសចរណ៍ រួមជាមួយសម្បត្តិធម្មជាតិដែលមានក្នុងខេត្តទាំង៤។ ហេតុនេះ សម្ដេចជំរុញ ឱ្យខិតខំ អភិវឌ្ឍន៍វិស័យទាំងនេះ រួមគ្នាបន្តទៀត ជាមួយក្រសួង មន្ទីរ ស្ថាប័នគ្រប់ជាន់ថ្នាក់។
សម្ដេច ហ៊ុន ម៉ាណែត ក៏បានព្រមានទៅមន្ត្រី កុំឱ្យមន្ត្រីយកបទល្មើសឆបោកបច្ចេកវិទ្យា ទៅធ្វើជាទីផ្សារនាំមុខ។ «យើងធ្វើការវិនិយោគ ត្រូវគិតគូរ រឿងដូចសន្តិសុខបទល្មើសបច្ចេកវិទ្យានេះ វាដូចដំឡូងមី បានន័យថាវារាល ឆាប់បានផល ជាងស្វាយចន្ទី ប៉ុន្តែដាំទៅវាហឹរដី វាឆាប់ខូចដីហ្នឹងតែម្ដង។ បើសិនពឹងផ្អែកលើវត្តមាននៃការឆបោកតាមបច្ចេកវិទ្យានេះ ថាជាការចិញ្ចឹមទីផ្សារ គឺកុំឱ្យសោះ! »។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ហើយណែនាំឱ្យមន្ត្រីផ្ដោតលើ ការវិនិយោគពិត តាមផ្លូវច្បាប់។
ការព្រមាននេះ ទំនងជាសម្ដេច ហ៊ុន ម៉ាណែត បានឃើញព័ត៌មាន នាពេលចុងក្រោយនេះ មានការឃាត់ខ្លួនជនបរទេសជាង២៥០នាក់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការឃាត់ខ្លួនជនបរទេសនាថ្ងៃទី៦មីនា ភាគច្រើនជាជនជាតិចិន ដែលសមត្ថកិច្ចកម្ពុជាសង្ស័យថាជាប់ពាក់ព័ន្ធនឹង បទល្មើសអនឡាញខុសច្បាប់។
យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី ទទូចទៅអភិបាលខេត្តទាំង៤យ៉ាងដូច្នេះ៖ «សូមឱ្យខេត្តទាំង៤ ចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប ព្រោះបទល្មើសឆបោកតាមអនឡាញនេះ អាចមានក្នុងតំបន់នេះ ដែលត្រូវបន្តបោសសម្អាត»។
សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យអាជ្ញាធរការពារ ការវិនិយោគណាដែលត្រឹមត្រូវស្របតាមច្បាប់ គោរពតាមច្បាប់កម្ពុជា ផ្ដល់ផលចំណេញវិជ្ជមានដល់ពលរដ្ឋ ដើម្បីបង្កើតចំណូល សន្តិសុខ និងស្ថិរភាព ក្នុងរយៈពេលវែង។ សម្ដេចអះអាង ពីជំហរនៃការជំរុញ ការអភិវឌ្ឍឱ្យកាន់តែលឿនក្នុងភូមិភាគឦសាន គឺកាត់បន្ថយគម្លាត ជាមួយតំបន់ប៉ូលសេដ្ឋកិច្ចនៅភ្នំពេញ ព្រះសីហនុ និងសៀមរាប ដែលមានល្បឿនវិនិយោគនិងអភិវឌ្ឍន៍លឿនឬខ្ពស់ជាង៕
អ្នកសរសេរអត្ថបទ
