លោកត្រាំ បន្ថយពន្ធគយមកត្រឹម១០ភាគរយ រយៈពេល៩០ថ្ងៃសម្រាប់ចរចា លើកលែងចិន
- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:១២ នាទី ព្រឹក

រូបភាព សេតវិមាន
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមេសា បានផ្អាកការអនុវត្តពន្ធគយទៅវិញទៅមក (Reciprocal Tariff) ដោយបន្ថយយកពន្ធគយត្រឹម ១០ភាគរយ លើបណ្តាប្រទេសជាច្រើន សម្រាប់ចរចា។ ខុសពីបណ្តាប្រទេសដទៃ អាម៉េរិក បានបន្ថែមពន្ធលើចិនរហូតដល់ ១២៥ភាគរយ ក្រោយចិនបង្កើនពន្ធគយសងសឹកដល់ ៨៤ភាគរយ។
ប៉ុន្មានម៉ោងក្រោយពន្ធគយទៅវិញទៅមក ចូលជាធរមាន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social ដោយសម្រេចផ្អាកការអនុវត្តពន្ធគយលើបណ្តាប្រទេសច្រើងជាង៧៥ ហើយយកពន្ធគយត្រឹម ១០ភាគរយវិញ ក្នុងរយៈពេល ៩០ថ្ងៃ។ បើតាមលោក ត្រាំ ការកាត់បន្ថយពន្ធគយ និងទុករយៈពេល ៩០ថ្ងៃនេះ គឺដោយសារទុកឱ្យបណ្តាប្រទេសទាំងនោះ ចរចា។
«ខ្ញុំ សូមបញ្ជាឱ្យផ្អាកការយកពន្ធទៅវិញទៅមករយៈពេល ៩០ថ្ងៃ ហើយបន្ថយការយកពន្ធនៅត្រឹម ១០ភាគរយ ដោយចូលជាធរមានភ្លាមៗ»។ លោក ត្រាំ បានសរសេរបែបនេះ នៅថ្ងៃទី៩ ខែមេសា។

តាមការបញ្ជាក់របស់រដ្ឋមន្រ្តីរតនាគារអាម៉េរិក លោក Scott Bessent និងអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក្នុងរយៈពេល ៩០ថ្ងៃនេះ អាម៉េរិក នឹងយកពន្ធចំនួន ១០ភាគរយ លើកលែងតែចិន។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ឡើយ ថាតើនឹងមានអ្វីកើតឡើងបន្តក្រោយរយៈពេល ៩០ថ្ងៃនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS។
យ៉ាងណាមិញ សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក កាន់តែមានភាពតានតឹង ក្រោយមហាយក្សសេដ្ឋកិច្ចទាំងពីរ ប្រកាសដាក់ពន្ធសងសឹកទៅវិញទៅមក។ លោក ត្រាំ បានបង្កើនពន្ធគយលើចិនរហូតដល់ ១២៥ភាគរយ ក្រោយចិនប្រកាសដាក់ពន្ធលើអាម៉េរិកដល់ ៨៤ភាគរយ។ ដោយឡែក ប្រទេសដែលរងពន្ធគយមូលដ្ឋានចំនួន ១០ភាគរយ នៅតែបន្តចូលជាធរមានរយៈពេល ៩០ថ្ងៃ។ ក្រោយការប្រកាសរបស់លោក ត្រាំ ទីផ្សារភាគហ៊ុននៅអាម៉េរិក បានកើនឡើងវិញ ក្រោយដាំក្បាលចុះប៉ុន្មានថ្ងៃ។
កន្លងមក ពន្ធគយទៅវិញទៅមករបស់លោក ត្រាំ ក៏មានកម្ពុជាផងដែរ ដែលរងពន្ធគយរហូតដល់ ៤៩ភាគរយ។ ជាការឆ្លើយតប នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបង្កើនការនាំចូល និងកាត់បន្ថយពន្ធគយទំនិញអាម៉េរិកចំនួន ១៩ប្រភេទ ពី៣៥ភាគរយ មកត្រឹម ៥ភាគរយ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: