- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

Barcelona បំបាក់ជើងខ្លាំងអាល្លឺម៉ង់ Borussia Dortmund ចាស់ដៃ ក្នុងលទ្ធផល ៤-០ នៅជំនួបជើងទីមួយវគ្គ ៨ក្រុម ចុងក្រោយ UEFA Champions League នៅរាត្រីថ្ងៃទី៩ ខែមេសា។ ទោះមានឱកាសខ្ពស់ក្នុងការឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែលោក Hansi Flick អ្នកចាត់ការ Barca បានដាស់តឿនកូនក្រុម ឱ្យបន្តផ្តោតយកចិត្តទុកដាក់លើប្រព័ន្ធលេងក្រុមនៅជំនួបជើងទី២។
ឈ្នះការប្រកួតជាមួយលទ្ធផល ៤-០ នៅជើងទី១ បានជួយបង្កើនឱកាសដល់ Barca យ៉ាងខ្លាំង សម្រាប់ការប្រជែងដណ្តើមកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅមុនពេលវិលត្រឡប់ទៅប្រកួតជើងទី២ នៅទឹកដីអាល្លឺម៉ង់។ ទោះយ៉ាងណា លោក Flick ទទូចថាក្រុមមិនទាន់ឡើងវគ្គបន្ទាប់នៅឡើយ ហើយផ្តាំកូនក្រុមមិនឱ្យធ្វេសប្រហែសភ្លេចខ្លួន ត្រូវផ្តោតរក្សាប្រព័ន្ធលេងល្អរបស់ក្រុមបន្តទៀត។
«ទេៗ យើងមិនទាន់ជាប់ឆ្លងផុតទៅវគ្គបន្តនៅឡើយ អ្នកនឹងមិនដឹងទេថានឹងមានរឿងអ្វីកើតឡើង ព្រោះតែបាល់ទាត់គឺជាកីឡាមួយមិនបានអាចស្មានដឹងមុនទេ។ ដើម្បីឡើងវគ្គបន្តយើងត្រូវប្រកួតទល់ Dortmund ម្តងទៀត ដូចទៅនឹងអ្វីដែលយើងជួបថ្ងៃនេះ ហើយលេងដោយគ្មានកំហុស។ យើងលេងបានល្អខ្លាំង ពេលយើងយើងព្យាយាមលេងដូចទៅនឹងការដែលយើងរកបានគ្រាប់បាល់បានយ៉ាងល្អស្អាត នេះជាអ្វីដែលបានកើតឡើង។»។ លោក Flick បាននិយាយបែបនេះក្រោយបញ្ចប់ការប្រកួត។
ជ័យជម្នះនេះ ធ្វើឱ្យ Barcelona បន្តយកឈ្នះការប្រកួត និងស្មើ ចំនួន ២៣លើក មិនទាន់ចាញ់ការប្រកួតម្តងនៅឡើយ ចាប់តាំងពីខែធ្នូ គិតដល់ពេលនេះស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់។
Raphinha ស៊ុតបើកឆាកនាទី២៥, Robert Lewandowski ស៊ុតបាល់នាទី៤៨, ៦៦ ចំណែក ១គ្រាប់ ចុងក្រោយស៊ុតបានដោយខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal នាទី៧៧ ដើម្បីនាំជ័យជម្នះសម្រាប់អ្នកគាំទ្រ។
ដោយឡែកនៅទឹកបារាំង ម្ចាស់ផ្ទះ Paris Saint Germain ក៏បានយកឈ្នះការប្រកួតទល់នឹងក្រុម Aston Villa លទ្ធផល ៣-១ ជើងទីមួយ ស្ថិតក្នុងកីឡដ្ឋាន Parc des Prince។ ជ័យជម្នះនេះក៏បានផ្តល់ក្តីសង្ឃឹមខ្ពស់ដល់ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique ក្នុងការប្រជែងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះត្រូវវិលត្រឡប់ទៅការប្រកួតជើងទី២ នៅទឹកដីអង់គ្លេសវិញ នៅសប្តាហ៍ក្រោយក្តី៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
