ជម្រើសអាស៊ាន ASEAN All-Star នឹងចូលរួមប្រកួតមិត្តភាពទល់ Man Utd
- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០៣ នាទី រសៀល

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នឹងរបៀបចំការប្រកួតមិត្តភាពរវាងក្រុមអាស៊ាន ASEAN All-Star ទល់នឹងក្រុមយក្សអង់គ្លេស Manchester United នៅថ្ងៃទី២៨ ខែឧសភា នៅពហុកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។

បើតាមសចក្តីប្រកាសរបស់ AFF ក្រុម ASEAN All-Star នឹងត្រូវដឹកនាំដោយលោក Kim Sang-sik គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម។ ការសម្រេចឱ្យគ្រូសញ្ជាតិកូរ៉េខាងត្បូងនេះដឹកនាំក្រុមអាស៊ានអលស្តា ដើម្បីតតាំងនឹងក្រុមបិសាចក្រហម ដោយសារលោក Kim បានជួយដឹកនាំក្រុមវៀតណាមឈ្នះជើងឯក ASEAN Cup ឆ្នាំ ២០២៤។
ក្រុមកីឡាកររបស់ ASEAN All-Star ដែលត្រូវប្រកួតជាមួយ Man Utd នឹងត្រូវជ្រើសរើសចេញពីក្រុមសមាជិកទាំង១២ក្រុម របស់ AFF។ កីឡាករដែលត្រូវជ្រើសរើស គឺសុទ្ធសឹងជាកីឡាករលំដាប់កំពូលរបស់ក្រុមជម្រើសជាតិនីមួយៗ។
តើកីឡាករកម្ពុជាយើងរូបណា ដែលនឹងត្រូវបានជ្រើសចូលក្រុម ASEAN All-Star និងមានសំណាងបានប្រកួតទល់នឹងក្រុមដ៏មានប្រជាប្រិយលំដាប់ពិភពលោក?
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com