កម្ពុជាបានចំណូល ១១៦លានដុល្លារពីការនាំចេញកៅស៊ូ ក្នុងត្រីមាសទី១
  • ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
កម្ពុជាបានចំណូល ១១៦លានដុល្លារពីការនាំចេញកៅស៊ូ ក្នុងត្រីមាសទី១
រូបភាព៖ ក្រសួងកសិកម្ម

ភ្នំពេញ៖ នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ១១៦ ២៦៤ ០៨២ដុល្លារ ពីការនាំចេញជ័រកៅស៊ូ ៥៩ ៧៥៤តោន និងឈើកៅស៊ូ៥ ២៧៥ម៉ែត្រគីប។ នេះបើតាមរបាយការណ៍របស់​អគ្គនាយក​ដ្ឋានកៅស៊ូ នៅថ្ងៃទី១០ ខែមេសា។​

TTN-Free-Banner-In-Article-PC

អគ្គនាយក​ដ្ឋានកៅស៊ូ បានបញ្ជាក់ថា​ ចាប់ពីខែមករា ដល់មីនា កម្ពុជាផលិតជ័រកៅស៊ូបាន ៦៤ ០៨០តោន ថយចុះ ៥ ៥១៣តោន ឬស្មើ៧,៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែក ការនាំចេញវិញមានចំនួន ៥៩ ៧៥៤តោន ថយចុះ ៩ ៥៦៨តោន ស្មើនឹង១៣,៨ភាគរយ ធៀបពេលដូចគ្នាឆ្នាំមុន ដែលនាំឱ្យកម្ពុជាទទួលបានចំណូល ១១៤ ៩៣៥ ៧៦២ដុល្លារ។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាក៏បានបញ្ចេញលក់ឈើកៅស៊ូចំនួន ៥ ២៧៥ម៉ែត្រគីប ឬមានតម្លៃ ១ ៣២៨ ៣២០ដុល្លារផងដែរ។

សម្រាប់ខែមីនា កម្ពុជាផលិតជ័រកៅស៊ូបាន ៤ ៧៥៥តោន ថយចុះ ១៣ ២៣៧តោន ឬស្មើ ៧៣,៦ភាគរយ ធៀបនឹងខែមុន និងបានថយចុះ ៦ ០៩៩តោន ស្មើនឹង៥៦,២ភាគរយ ធៀបនឹងខែមីនាឆ្នាំមុន។ ក្នុងខែដដែលនេះ កម្ពុជាក៏ផលិតបានឈើកៅស៊ូចំនួន ៤ ៣៣៣ម៉ែត្រគីបដែរ។

សូមជម្រាបថា ក្នុងខែមីនាកន្លងទៅ តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគឺ ១ ៩០០ដុល្លារ ក្នុងមួយតោន ថយចុះ ៨ដុល្លារ ឬស្មើនឹង០,៣៩ភាគរយធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ៣៧០ដុល្លារ ក្នុងមួយតោន ស្មើ ២៤,២ភាគរយ ធៀបនឹងខែមីនា ឆ្នាំ២០២៤។ ចំណែក កៅស៊ូគិតជាមធ្យមមានតម្លៃ ២៣៣ដុល្លាក្នុងមួយម៉ែត្រគីប។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ ៤២៥ ៤៤៣ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមាន ៣៣០ ២៥៩ ហិកតា ស្មើ ៧៨ ភាគរយ និងផ្ទៃដីថែទាំ ៩៥ ១៨៤ ហិកតា ស្មើ ២២ ភាគរយ។ ផ្ទៃដី​កៅស៊ូកសិឧស្សាហកម្ម ២២៣ ១២២ ហិកតា ស្មើ ៥២ ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ ២២៣ ១២២ ហិកតា ស្មើ ៤៨ភាគរយ។

កាលពីឆ្នាំ ២០២៤កន្លងទៅ កម្ពុជាផលិតបានជ័រកៅស៊ូ ៤០៧ ២០៩ តោន ក្នុងនោះ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណ ៣៣៨ ០០០តោន ឬស្មើទឹកប្រាក់ ៦៥៨ ១៥២ ០០០ដុល្លារ៕


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា