- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

សហព័ន្ធកីឡាទោចក្រយានកម្ពុជា ផ្ដោតលើការហ្វឹកហាត់កង់គួក ដើម្បីត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ព្រោះម្ចាស់ផ្ទះ បានដកវិញ្ញាសាកង់ភ្នំ Olympic Cross Country ដែលកម្ពុជា ដណ្ដើមបានមេដាយ កាលពីស៊ីហ្គេម លើកទី៣២។ នេះបើតាមការបញ្ជាក់ពី លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជា។
អត្ដពលិកកីឡាទោចក្រយាន្ដកម្ពុជា ដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធិ១ លើវិញ្ញសាកង់ភ្នំ Olympic Cross Country ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីឆ្នាំ២០២៣ ។ ចំពោះវិញ្ញាសានេះ ត្រូវបានម្ចាស់ផ្ទះថៃ សម្រេចដកចេញពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣។
លោក នូ ចំរើន បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ថៃបានកាត់ចោលវិញ្ញាសាកង់ភ្នំមួយចំនួន ដោយសារអត្ដពលិកពួកគេធ្វើមិនបានល្អ កាលពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។
«ថៃ វិញ្ញាសាកង់គួកល្អច្រើនជាងកង់ភ្នំ ដោយគាត់បានកាត់ចោលវិញ្ញាសាមួយចំនួន មានក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ កន្លងមកនេះ វិញ្ញាសាកង់ភ្នំ គាត់អត់ល្អទេ។ ដូច្នេះ គាត់ផ្ដោតលើកង់គួក Road Tracking និង កង់ BMX។ យើង ត្រូវសម្របសម្រួលតាមអ្វីដែលគាត់ដាក់។ ដូច្នេះ ការហ្វឹកហាត់របស់យើង គឺយើងហ្វឹកហាត់ខ្លាំងលើកង់គួក។ ចំណែក កង់ភ្នំ មានតែ២ វិញ្ញាសាទេ គឺ Down Hill និង Mountain Bike XCE។»។ អគ្គលេខាធិការសហព័ន្ធរូបនេះ បានប្រាប់ដូច្នេះ។
ការប្រកួតកីឡាទោចក្រយាន រូបពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជាឈុតធំ ចំនួន ១០នាក់ រួមជាមួយគ្រូបង្វឹក ៤នាក់ បានបោះជុំរំហ្វឹកហាត់នៅភ្នំជាល ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីអគ្គលេខាធិការរូបនេះ អត្ដពលិក ៥នាក់ហ្វឹកហាត់កង់គួក និង ៥នាក់ទៀត ហ្វឹកហាត់កង់ភ្នំ។ ក្នុងចំណោមអត្ដពលិកទាំងនោះ ក៏មានកីឡាករថ្នាល ១នាក់ ហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍ 3rd Asian Youth Games 2025 នៅប្រទេសបារ៉ែន។
ការបោះជុំរំហ្វឹកហាត់នេះ គឺសហព័ន្ធកីឡាទោចក្រយានកម្ពុជា ទទួលបានគោលការណែនាំ ពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក នូ ចំរើន ប្រាប់បន្ថែមថា ការហ្វឹកហាត់កង់ភ្នំ គឺនៅភ្នំជាល ខណៈកង់គួក គឺត្រូវជិះទៅគិរីរម្យ ឬចេញតាមផ្លូវជាតិលេខ៣ ទៅបូកគោ នៅខេត្តកំពត។ តាមការបញ្ជាក់ពីលោក នូ ចំរើន ការរើសយកទីតាំងទាំងនេះ ដើម្បីឲ្យអត្ដពលិក បានហ្វឹកហាត់កាយសម្បទា ហើយស៊ាំជាមួយអាកាសធាតុនៅក្បែរសមុទ្រ និងនៅក្បែរភ្នំ។
អគ្គលេខាធិការរូបនេះ បាននិយាយថា៖«យើង ត្រូវស្វែងរកទីតាំងដែរឲ្យកីឡាករហ្វឹកហាត់ ហើយភ្នំពួកគាត់ធ្វើការបង្វឹក លើកាយសម្បទា និងឲ្យសាំអាកាសធាតុនៅក្បែរសមុទ្រ និងក្បែរភ្នំ។»៕
អ្នកសរសេរអត្ថបទ
