- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

«ប្រសិនបើអ្នកព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ កុហកដើម្បីទទួលបានទិដ្ឋាការ ធ្វើការដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់ ឬស្នាក់នៅលើសកាលកំណត់ក្នុងសហរដ្ឋអាមេរិក អ្នកនឹងទទួលការពិន័យធ្ងន់ធ្ងរ»។ នេះជាសារបើកចំហរមួយរបស់លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ក្នុងសារដែលចុះផ្សាយទាំងភាសាខ្មែរ និងអង់គ្លេសនៅលើវ៉ិបសាយស្ថានទូតអាម៉េរិក លោកស្រី Walker បានគូសបញ្ជាក់ពីការខិតខំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ដើម្បីធ្វើឱ្យសហរដ្ឋអាម៉េរិក មានសុវត្ថិភាព រឹងមាំ និងមានវិបុលភាព។
បើតាមលោកស្រីភារធារី អ្នកព្យាយាមចូលអាម៉េរិកដោយខុសច្បាប់ និងបាតុភាពអវិជ្ជមានផ្សេងទៀត នឹងទទួលរងពិន័យធ្ងន់ធ្ងរ រួមមាន ការចាប់ឃុំខ្លួន ការនិរទេសចេញ និងការហាមឃាត់ជាអចិន្ត្រៃយ៍ ក្នុងការទទួលបានទិដ្ឋាការចូលសហរដ្ឋអាម៉េរិកនៅអនាគត។
លោកស្រី Walker បានលើកឡើងថា ស្ថានទូតអាម៉េរិក បន្តធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបានថាប្រជាជនកម្ពុជាដែលស្ថិតនៅសហរដ្ឋអាម៉េរិកដោយខុសច្បាប់ ត្រឡប់មកកម្ពុជាបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងគោលដៅបញ្ឈប់ការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
«ដំណើរការសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក គឺជាដំណើរការមួយដែលមានសុវត្ថិភាពបំផុត ក្នុងពិភពលោក។ ប៉ុន្តែយ៉ាងណាក៏ដោយ បុគ្គលមួយចំនួននៅតែព្យាយាមគេចពីដំណើរការដែលមានសុវត្ថិភាពនេះ ដោយប្រើឯកសារក្លែងក្លាយ កុហកលើពាក្យស្នើសុំ ឬស្នាក់នៅលើសកាលកំណត់«។ លោកស្រី Walker បានកត់សម្គាល់យ៉ាងដូច្នេះ ដោយព្រមានថា ការក្លែងបន្លំទាក់ទងនឹងទិដ្ឋាការ និងការប្រើប្រាស់ទិដ្ឋាការមិនត្រឹមត្រូវ ជាបទល្មើសធ្ងន់ធ្ងរ ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីអាម៉េរិកម្តងទៀត។
ដោយលើកឡើងពីការពង្រឹងច្បាប់របស់រដ្ឋបាលលោកត្រាំ លោកស្រីភារធារីទូតអាម៉េរិក ណែនាំថា៖«ប្រសិនបើអ្នកជាប្រជាជនកម្ពុជាដែលមានគម្រោងធ្វើដំណើរទៅសហរដ្ឋអាម៉េរិក សូមចងចាំថា វាជាកាតព្វកិច្ចរបស់អ្នកក្នុងការគោរពតាមលក្ខខណ្ឌនៃទិដ្ឋាការរបស់អ្នក។ វាជាការខុសច្បាប់ក្នុងការធ្វើការងារនៅសហរដ្ឋអាមេរិក ដោយគ្មានទិដ្ឋាការ»។
ជាមួយគ្នានេះ រដ្ឋាភិបាលអាម៉េរិក ក៏ចាត់វិធានការផងដែរចំពោះបុគ្គលដែលជួយអ្នកដទៃចូលក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ដោយបុគ្គលទាំងនោះមានដូចជាជនប្រព្រឹត្តការរត់ពន្ធ ជនប្រព្រឹត្តការជួញដូរមនុស្ស និងមន្រ្តីរដ្ឋាភិបាលបរទេស ដែលអនុញ្ញាតឱ្យមានការបន្តធ្វើអន្តោប្រវេសន៍ខុសច្បាប់។
កាលពីពេលថ្មីៗកន្លងមកនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសអំពីគោលនយោបាយថ្មីដែលរឹតត្បិតដំណើរការសុំទិដ្ឋាការ សម្រាប់មន្រ្តីរដ្ឋាភិបាលបរទេស រួមទាំងមន្រ្តីអន្តោប្រវេសន៍ មន្រ្តីគយ និងបុគ្គលិកអាជ្ញាធរកំពង់ផែ ដែលបរាជ័យក្នុងការជួយបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
«ហានិភ័យនៃការព្យាយាមធើ្វអន្តោប្រវេសន៍ទៅសហរដ្ឋអាម៉េរិកដោយខុសច្បាប់ មានទម្ងន់ធ្ងន់ជាងអត្ថប្រយោជន៍ដែលអាចទទួលបានឆ្ងាយណាស់។ អ្នកអាចក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋជន ឬចុងក្រោយអ្វីដែលអ្នកទទួលបានគឺ មានកំណត់ត្រានៃការប្រព្រឹត្តខុសច្បាប់ ដែលអាចបំផ្លាញអនាគតរបស់អ្នក និងអនាគតគ្រួសាររបស់អ្នក»។ នេះជាការលើកឡើងរបស់លោកស្រី Walker។
តាមរយៈសារបើកចំហរនេះ ភារធារីស្ថានទូតអាម៉េរិក បានស្នើឱ្យមានការលើកទឹកចិត្តអ្នកដែលស្នាក់នៅអាម៉េរិកដោយខុសច្បាប់ ឆាប់ចាកចេញ មុនពេលពួកគេត្រូវចាប់ខ្លួន។ «ធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ អនុវត្តតាមច្បាប់ និងកុំយកសុវត្ថិភាពរបស់អ្នក គ្រួសារអ្នក ឬអនាគតរបស់អ្នកទៅប្រថុយឱ្យសោះ»។ លោកស្រី Walker បានផ្តល់សារសាមញ្ញបែបនេះ៕
អ្នកសរសេរអត្ថបទ
