កម្ពុជាមានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាមួយអាម៉េរិក
  • ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០២ នាទី រសៀល
កម្ពុជាមានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាមួយអាម៉េរិក
លោក ស៊ុន ចាន់ថុល ប្រធាន និងលោកស្រី ចម និម្មល អនុប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១០ ខែមេសា នេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធាន។
TTN-Free-Banner-In-Article-PC


ក្រុមការងារចំពោះកិច្ចនេះ ជាសេនាធិការជូននាយករដ្ឋមន្ត្រី  ដែលមានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិចប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។

បើតាមការសរសេរបញ្ជាក់នៅលើបណ្តាញសង្គមរបស់ប្រមុខរដ្ឋាភិបាល ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់សម្តេច ហ៊ុន ម៉ាណែត សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិកនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។

សមាជិកនៃក្រុមការងារចំពោះកិច្ច រួមមាន លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា, លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ, លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, លោក ចាន់ សុភាព អគ្គនាយករងគយ និងរដ្ឋាករ និងលោក អេង សុធីវ័ន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម