- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃទី១០ ខែមេសា បានប្តេជ្ញារក្សាកិច្ចចរចាប្រកបដោយការស្ថាបនាជាមួយអាម៉េរិក លើបញ្ហាពន្ធគយ ជាជាងដាក់ពន្ធតបត។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។
តាមរយៈជំនួបតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១០ ខែមេសា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជួបគ្នា ក្នុងបរិបទប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យបណ្តាប្រទេសជាច្រើនចរចាលើពន្ធគយបដិការ ហើយបន្ថយពន្ធគយមកត្រឹម ១០ភាគរយ។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានប្តេជ្ញា មិនដាក់ពន្ធគយតតាំងនឹងអាម៉េរិក ដូចចិនវិញឡើយ។
«យើងបង្ហាញពីបំណងរួមក្នុងការរក្សាកិច្ចចរចាប្រកបដោយការស្ថាបនា និងត្រឹមត្រូវ ជាមួយអាម៉េរិក ពាក់ព័ន្ធនឹងក្តីបារម្ភលើបញ្ហាពាណិជ្ជកម្ម»។ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលចេញនៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់បែបនេះ។
សេចក្តីថ្លែងការណ៍រួមដដែល បានបង្ហាញក្តីបារម្ភថា ពន្ធគយរបស់អាម៉េរិក នឹងធ្វើឱ្យមានភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមដ៏សំខាន់ សម្រាប់ធុរកិច្ច សហគ្រាសធុនតូច មធ្យម រួមទាំងសេដ្ឋកិច្ចសកល។ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន បានព្រមានថា បញ្ហាពន្ធគយ នឹងបង្អាក់លំហូរវិនិយោគ និងពាណិជ្ជកម្ម ក្នុងតំបន់ និងសកល ដូចជាច្រវាក់ផលិតកម្មនៅទូទាំងពិភពលោក។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមេសា បានផ្អាកការអនុវត្តពន្ធគយបដិការ (Reciprocal Tariff) ដោយបន្ថយយកពន្ធគយត្រឹម ១០ភាគរយ លើបណ្តាប្រទេសជាច្រើន សម្រាប់ចរចា។ ខុសពីបណ្តាប្រទេសដទៃ អាម៉េរិក បានបន្ថែមពន្ធលើចិនរហូតដល់ ១២៥ភាគរយ ក្រោយចិនបង្កើនពន្ធគយសងសឹកដល់ ៨៤ភាគរយ។ បញ្ហានេះ កាន់តែធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច មានភាពតានតឹង៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
