ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមេសា
- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:១៦ នាទី ព្រឹក

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១១ ខែមេសា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
សម្រាប់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ។
«ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀត ដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។»។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ដូច្នេះ មុននឹងបន្តថា មានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com