អំឡុងពេលចូលឆ្នាំខ្មែរ ក្រសួងសុខាភិបាល ឱ្យពលរដ្ឋប្រយ័ត្នករណីពុលអាហារ
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
អំឡុងពេលចូលឆ្នាំខ្មែរ ក្រសួងសុខាភិបាល ឱ្យពលរដ្ឋប្រយ័ត្នករណីពុលអាហារ

ភ្នំពេញ៖ ក្នុង​ឱកាស​ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ លើសុខភាពផ្ទាល់ខ្លួន ពាក់ព័ន្ធនឹង ការពុលអាហារ ពុលស្រា ជំងឺផ្តាសាយបក្សី និងបញ្ហាសុខភាពផ្សេងៗ។

TTN-Free-Banner-In-Article-PC

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១១មេសា បានណែនាំពីវិធានការបង្ការ ពីការពុលអាហារ និងជំងឺឆ្លង។ ក្រសួង ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ។ 

ពាក់ព័ន្ធនឹងការពុលស្រាវិញ ក្រសួងក្រើនរំលឹកយ៉ាងដូច្នេះ៖ «មិនត្រូវទទួលទានស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស្រា ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត»។ ជាមួយគ្នាដែរ ក្រសួងក៏ណែនាំឱ្យកាត់បន្ថយការផឹកគ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ 

ដើម្បីបង្ការជំងឺឆ្លង និងការពុលអាហារ ក្រសួងឱ្យពលរដ្ឋ សុំកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។ ចំណែក ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ហើយសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ រួមទាំងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ។ 

ករណីមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ក្រសួងណែនាំឱ្យប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។ ជាមួយគ្នាដែរ បើអ្នកមាននរណាម្នាក់ក្អក ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ។ បើសិនពលរដ្ឋ អាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពផ្សេងៗ ចៀសវាងចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី