- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

សេតវិមាន នៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា ពន្ធគយសរុបលើចិន គឺមានចំនួន ១៤៥ភាគរយ ពោលគឺមិនមែន ១២៥ភាគរយឡើយ។ ការបន្ថែមតួលេខនេះ គឺដោយសារអាម៉េរិកបូកបន្ថែមជាមួយពន្ធគយ១២៥ភាគរយ និងពន្ធគយចំនួន២០ភាគរយនៅក្នុងខែកុម្ភៈ និងមីនា ពាក់ព័ន្ធនឹងថ្នាំញៀន។
សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក កាន់តែខ្លាំងក្លាឡើយ ដ្បិតមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានដាក់ពន្ធគយទៅវិញទៅមក។ តាមការបញ្ជាក់របស់សេតវិមានអាម៉េរិក នៅថ្ងៃទី១០ ខែមេសា ពន្ធគយសរុបរបស់ចិន គឺកើនសរុបដល់ ១៤៥ភាគរយ មិនមែន១២៥ឡើយ។
សេតវិមាន បានលើកឡើងថា ការប្រកាសដំឡើងពន្ធគយដល់ ១២៥ភាគរយ របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកលើចិន មិនបានរួមបញ្ចូលលើពន្ធ ២០ភាគរយដែលមានស្រាប់ឡើយ។ នៅក្នុងខែកុម្ភៈ និងខែមីនា អាម៉េរិក បានដាក់ពន្ធគយលើចិនសរុបចំនួន ២០ភាគរយ។
ការដំឡើងពន្ធគយ របស់លោក ត្រាំ ធ្វើឡើងក្រោយរដ្ឋាភិបាលក្រុងបេកាំង បានប្រកាសដាក់ពន្ធលើទំនិញអាម៉េរិករហូតដល់ ៨៤ភាគរយ។ នៅក្នុងខែកុម្ភៈចិន បានដាក់ពន្ធ១០ភាគរយលើហ្គាស និងធ្យូងថ្ម និងខែមីនាលើផលិតផលកសិកម្ម និងអាហារអាម៉េរិក។
ក្រោយការដំឡើងពន្ធជាបន្តបន្ទាប់ ចិន បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្វែងរកដំណោះស្រាយ លើការដាក់ពន្ធគយ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង នឹងរឹតត្បិតការនាំចូលភាពយន្ត Hollywood បើទោះក្នុងមួយឆ្នាំៗ ចិននាំចូលតែ១០រឿងក្តី។
សូមបញ្ជាក់ថា ចិន បាននាំទំនិញ និងសេវាកម្មទៅអាម៉េរិក ក្នុងទំហំ៤៦៣ពាន់លានដុល្លារ ខណៈអាម៉េរិកនាំទំនិញទៅចិនមានទំហំ ១៩៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
