- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានគណៈកម្មការ និងយុវជនស្ម័គ្រចិត្តជាង៥ពាន់នាក់ ចូលរួមដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ១៥ និង១៦មេសាខាងមុខនេះ។ បើតាមក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមទាំងអស់ក្នុងនោះរាជធានីភ្នំពេញមាន ៣ ៤៥៩នាក់, សៀមរាប ១ ៣១៤នាក់ និងមកពីបណ្ដាខេត្តនានា ៥៧៦នាក់។
បច្ចុប្បន្នយុវជនទាំងនោះបានមកកាន់ខេត្តសៀមរាបបណ្ដើរហើយ។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសានេះ មានយុវជនស្ម័គ្រចិត្តសរុប ១ ០០០នាក់ហើយ បានចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ។
ជាមួយនឹងយុវជនស្ម័គ្រចិត្តនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏បានត្រៀមក្រុមគ្រូពេទ្យជិត២៨៨នាក់ផងដែរ សម្រាប់ការងារសង្គ្រោះបឋម និងបន្ទាន់ ក្រោមកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះពលរដ្ឋដែលមកលេងអង្គរសង្ក្រាន្ត។
ចំនួនគ្រូពេទ្យជិត៣០០នាក់ទាំងនោះ នឹងត្រូវពង្រាយនៅតាមគោលដៅចំនួន៩ទីតាំងរួមមាន មាត់ស្ទឹងសៀមរាបចំនួន ៥ស្ដង់, តំបន់អង្គរឃ្យុងយូ ១ស្ដង់ និងនៅអង្គរវត្ត ៣ស្ដង់ ដោយនៅតាមស្តង់នីមួយៗ បានរៀបចំដាក់គ្រូពេទ្យប្រចាំការ សម្ភារៈ គ្រឿងបរិក្ខារ និងថ្នាំសង្កូវផ្សេងៗ រួមនឹងរថយន្តសង្រ្គោះបន្ទាន់ផង។
គួរជម្រាបផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានកម្មវិធីធំៗចំនួន៣៨ រួមមានកម្មវិធីកម្សាន្ត ប្រពៃណី វប្បធម៌ និងពិព័រណ៍ជាដើម។ កម្មវិធីទាំងនោះ នឹងរៀបចំឡើងនៅ ៦ទីតាំងខុសៗគ្នា គឺនៅបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។
ដើម្បីងាយស្រួលលោកអ្នកនាងអាចស្វែងរក ទីតាំងកម្សាន្ត សកម្មភាពកម្សាន្ត ឬផែនទីនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តាមរយៈតំណភ្ជាប់នេះ https://www.facebook.com/share/p/16L9Kg7XwB/ ៕
អ្នកសរសេរអត្ថបទ
