តើការលេងគប់ទឹក ឬជះទឹកលើអ្នកដទៃ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ ប្រឈមមុខច្បាប់ដែរទេ?
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៤ នាទី រសៀល
តើការលេងគប់ទឹក ឬជះទឹកលើអ្នកដទៃ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ ប្រឈមមុខច្បាប់ដែរទេ?

ភ្នំពេញ៖ ការលេងគប់ទឹក និងជះទឹកដាក់គ្នា កំពុងក្លាយទៅជាទម្លាប់មួយហើយ នាអំឡុងពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ​។ យុវជនភាគច្រើន កំពុងសប្បាយរីករាយជាមួយការលេងបែបនេះ។ ចុះបើការលេងគប់ទឹក និងជះទឹកលើអ្នកដទៃ បណ្ដាលឱ្យគ្រោះថ្នាក់វិញ តើវាប្រឈមមុខច្បាប់ដែរទេ?

TTN-Free-Banner-In-Article-PC

ពិតណាស់ ការលេងគប់ទឹក និងជះទឹកលើអ្នកដទៃ បណ្ដាលឱ្យមានគ្រោះថ្នាក់នោះ វានឹងប្រឈមមុខផ្លូវច្បាប់។ ត្រង់ចំណុចនេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ពីទិដ្ឋភាពច្បាប់ដោយចែកចេញជា៣ករណី ក្នុងកម្រិតគ្រោះថ្នាក់ស្រាល មធ្យម និងធ្ងន់ធ្ងរ។

ចំពោះករណីគ្រោះថ្នាក់ស្រាល ដូចជា ខូចខាតទ្រព្យ បែកស្ដុបម៉ូតូ បែកកញ្ចក់ម៉ូតូ ក្បាំងម៉ូតូ ឬបែកកញ្ចក់ឡានជាដើម គឺត្រូវទទួលខុសត្រូវលើក្រមរដ្ឋប្បវេណី។ ក្នុងន័យនេះ បុគ្គល ដែលបានគប់ទឹក និងជះទឹកលើអ្នកដទៃ ត្រូវសងសំណងលើការខូចខាតទ្រព្យជាក់ស្ដែង ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី។ នេះបើតាមលោក ទូច សុឃៈ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ដល់ពលរដ្ឋ ជាពិសេសក្រុមយុវជន ដែលនិយមលេងគប់ទឹក តាមរយៈវីដេអូឃ្លីបជាង១២នាទី នៅថ្ងៃទី១១ មេសា យ៉ាងដូច្នេះ៖«នៅក្នុងទ្រឹស្តីក្នុងរដ្ឋប្បវេណី គឺថា ត្រូវទទួលខុសត្រូវលើអំពើរបស់ខ្លួន ដែលនាំឱ្យព្យសនកម្ម(ការខូចខាត ឬ សេចក្តីវិនាស) កើតឡើងទៅលើបុគ្គលដទៃ ពោលគឺនាំឱ្យមានការខូចខាត លើទ្រព្យសម្បត្តិរបស់អ្នកដទៃ។ អ៊ីចឹង គឺត្រូវទទួលខុសត្រូវលើការជួសជុលលើការខូចខាតជាក់ស្ដែងដូចជា បែកកញ្ចក់ បែកស្ដុប បែកក្បាំង ឬខូចខាតម៉ាស៊ីន»។

លោក សុឃៈ បានពន្យល់ទៀតថា បើគប់ទឹក និងជះទឹកលើអ្នកដទៃ បណ្ដាលឱ្យគ្រោះថ្នាក់ដួលម៉ូតូ រហូតមានរបួសស្នាម ដូចជា បាក់ដៃ បាក់ជើង បែកក្បាល របួសជង្គង់ មុខមាត់​ និងភ្នែកនោះ គឺត្រូវប្រឈមមុខនឹងបទល្មើស បង្ករបួសស្នាមដោយអចេតនា ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ «ករណីនេះ ចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌ គឺបទល្មើសបង្ករបួសស្នាមដោយអចេតនា ដែលមានចែងនៅក្នុងក្របព្រហ្មទណ្ឌ ឆ្នាំ២០០៩ កំណត់នៅក្នុងមាត្រា២៣៦ ដែលបងប្អូនកូនក្មួយ ប្រឈមមុខទាំងទោសព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណី»។ អ្នកនាំពាក្យ បន្ថែម។

ក្រមព្រហ្មទណ្ឌ មាត្រា ២៣៦ បានចែងថា បទល្មើសបង្ករបួសស្នាមដោយអចេតនា គឺជាអំពើដែលបណ្ដាលឱ្យមានរបួសដល់អ្នកដទៃដោយ៖ ទី១ ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ដែលបង្កឱ្យអសមត្ថភាព ក្នុងការធ្វើការងារស្មើ ឬលើសពី៨ថ្ងៃ។ ទី២ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្ន ដែលច្បាប់តម្រូវ។

បទ បង្ករបួសស្នាមដោយអចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ៤លានរៀល។

ដោយឡែកក្នុងករណីលេងគប់ទឹក និងជះទឹកលើអ្នកដទៃ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរហូតដល់បាត់បង់ជីវិត ជាយថាហេតុណាមួយនោះ នឹងប្រឈមមុខបទល្មើស មនុស្សឃាតដោយអចេតនា ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។

លោក ទូច សុឃៈ បានសង្កត់ធ្ងន់ដូច្នេះ៖« បណ្ដាលឱ្យអ្នកជិះម៉ូតូដួលម្នាក់ឯង ឬក៏ទៅប៉ះដៃចង្កូតម៉ូតូ១គ្រឿង ២គ្រឿងទៀតដួលជាក្រុមតែម្ដង ហើយពេលដួលហើយ មានម៉ូតូណាបើកលឿនមកបុកបន្ថែម នាំឱ្យគ្នារបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ទទួលមរណភាព ឬក៏ស្លាប់នៅនឹងកន្លែង។ គប់ទឹក ជះទឹក បណ្ដាលឱ្យម៉ូតូដួល ហើយមានឡានមកបុកបន្ថែមពីលើ នាំឱ្យគេស្លាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលគេហៅថា បទល្មើស មនុស្សឃាតដោយអចេតនា។ ជាករពិតហើយ បងប្អូនកូនក្មួយ គ្មានចេតនាទៅសម្លាប់គេទេ ប៉ុន្តែដូចបានលើកឡើងខាងដើមហើយថា យើងអត់បានបំពេញកាតព្វកិច្ចសន្តិសុខ យើងអត់បំពេញកាតព្វកិច្ចដែលច្បាប់តម្រូវឱ្យយើងធ្វើ យើងធ្វេសប្រហែស យើងខ្ជីខ្ជា បណ្ដាលឱ្យអំពើរបស់យើងធ្វើទៅនាំឱ្យអ្នកដទៃស្លាប់ ដោយគ្មានបំណង ដោយគ្មានចេតនា»។

នៅក្នុងមាត្រា២០៧នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា បទមនុស្សឃាតដោយ​អចេតនា ​គឺជា​អំពើបណ្តាលឱ្យស្លាប់អ្នកដទៃដោយ ទី១ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា។ ទី២ ការបំពាន​លើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។



បទល្មើសនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។ បទល្មើសនេះ នឹងត្រូវទទួលនូវទោសបន្ថែមផ្សេងទៀត ដែលបានចែងក្នុងមាត្រា ២០៨ នៃក្រម​ព្រហ្មទណ្ឌ ។

«សប្បាយអាចក្លាយជាទុក្ខ»! មែនទែនទៅ ការលេងគប់ទឹក និងជះទឹកដាក់គ្នានេះ វាបង្កើតភាពរីករាយ និងភាពស្និទស្នាលគ្នា គ្រប់ស្រទាប់វណ្ណៈ។ ប៉ុន្តែការលេងបែបនេះ វាអាចបង្កហានិភ័យខ្ពស់ ដល់អ្នកធ្វើដំណើរលើដងផ្លូវផងដែរ ។ មិនតែប៉ុណ្ណោះ វាក៏អាចបង្កឱ្យមានជម្លោះទៀតផង ព្រោះបុគ្គលគ្រប់រូប មិនមែនសុទ្ធតែចូលចិត្តការលេងបែបនេះឡើយ៕


អ្នកសរសេរអត្ថបទ

រំដួល ចិត្រា  (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។  ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា