- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៤៩ នាទី រសៀល

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែនបាននិយាយថា ប្លុកនេះនឹងប្រើប្រាស់ការប្រាក់ចំនួន ២,៤ពាន់លានដុល្លារ ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីគាំទ្រការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ។
«សហភាពអឺរ៉ុប (EU) នៅតែបន្តឈរជាមួយអ៊ុយក្រែន។ ប្លុកនេះនឹងប្រើប្រាស់ប្រាក់ចំណូលចំនួន ២,៤ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីផ្តល់ឱ្យទីក្រុងកៀវនូវអាវុធការពារដែនអាកាស និងគ្រាប់រំសេវដែលត្រូវការច្រើន»។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែន លោកស្រី Katarine Mathernova បានថ្លែងបែបនេះ នៅថ្ងៃទី១០ ខែមេសា។
បើតាមលោកស្រី Katarine ទឹកប្រាក់ប្រហែល ១,១ពាន់លានដុល្លារនៃចំនួននេះនឹងគាំទ្រដោយផ្ទាល់ដល់វិស័យការពារជាតិអ៊ុយក្រែនតាមរយៈប្រទេសដាណឺម៉ាក។ ដាណឺម៉ាកនៅឆ្នាំ២០២៤ បានក្លាយជាប្រទេសដំបូងគេដែលផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ តាមរយៈការទិញដោយផ្ទាល់ពីអ្នកម៉ៅការទំនិញការពារជាតិអ៊ុយក្រែន។
លោកស្រី Katarine បានកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២៤ សហភាពអឺរ៉ុបបានវិនិយោគជាង ៤០០លានដុល្លារនៅក្នុងវិស័យការពារជាតិអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃទី៩ ខែមេសាថា EU បានបែងចែកជំនួយចំនួន ១,១ពាន់លានដុល្លារបន្ថែមទៀត ក្រោមកម្មវិធីកម្ចី G7 សម្រាប់ទីក្រុងកៀវ។
បន្ទាប់ពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ដោយបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី និងមហាសេដ្ឋីជាង ៣២០ពាន់លានដុល្លារ។ ក្នុងចំណោមនោះ ទឹកប្រាក់ជាង ២២០ពាន់លានដុល្លា រត្រូវបានកាន់កាប់ដោយសហភាពអឺរ៉ុប ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសបែលហ្ស៊ិក Euroclear ហើយកំពុងបង្កើតប្រាក់ចំណេញជាបន្តបន្ទាប់។
អឺរ៉ុបកំពុងសម្លឹងរកការដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី និងបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន បន្ទាប់ពីបានឃើញពីការប្រែប្រួលថ្មីៗនៃគោលនយោបាយការបរទេសរបស់អាម៉េរិក។ កាលពីថ្ងៃទី១០ ខែមេសា ទីក្រុងម៉ូស្គូបានដោះលែងអ្នកទោសរុស្ស៊ី និងអាម៉េរិកជាថ្នូរនឹងអ្នកទោសអាល្លឺម៉ង់ និងរុស្ស៊ីពីទីក្រុងវ៉ាស៊ីនតោន ដែលជាការដោះដូរលើកទី២ រវាងប្រទេសទាំងពីរចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង។
បណ្តាប្រទេសនៅសហភាពអឺរ៉ុប បានយល់ព្រមប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិទាំងនេះដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែថ្មីៗនេះសមាជិកមួយចំនួនបានស្នើរសុំរឹបអូសទ្រព្យសម្បត្តិដើម ដើម្បីផ្តល់ជំនួយដល់ទីក្រុងកៀវ។
មានការខ្វែងគំនិតគ្នានៅក្នុងសហភាពអឺរ៉ុបអំពីរឿងនេះ។ រដ្ឋបាល់ទិកនៃអេស្តូនី ឡេតូនី និងលីទុយអានី ក៏ដូចជាប៉ូឡូញ បានគាំទ្រការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Eric Lombard បាននិយាយថា ទ្រព្យសម្បត្តិដែលបង្កកជារបស់ធនាគារកណ្តាលរុស្ស៊ី ហើយគ្មានហេតុផលសម្រាប់អឺរ៉ុបក្នុងការរឹបអូសយកទេ។
អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនទៀតបានចូលភាគីជាមួយបារាំង ដោយលើកហេតុផលថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីនឹងប៉ះពាល់ដល់ការចរចាក្រោយសង្គ្រាម៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
