- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០១ នាទី រសៀល

ចិន នៅថ្ងៃទី១១ ខែមេសា បានដំឡើងពន្ធនាំចូលទំនិញពីអាម៉េរិក ១២៥ភាគរយ ក្រោយអាម៉េរិកបានបញ្ជាក់ពីពន្ធសរុបលើចិនចំនួន ១៤៥ភាគរយ។
ចិនបានប្រកាសថាខ្លួននឹងដំឡើងពន្ធលើទំនិញអាមេរិកដល់ ១២៥ភាគរយពីអត្រា ៨៤ភាគរយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន ចេញនៅថ្ងៃទី១១ ខែមេសា។
បើតាមគណៈកម្មការពន្ធគយ ប្រសិនអាម៉េរិកនៅតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន ខ្លួននឹងតតាំងរហូតដល់ទីបញ្ចប់។ ក្នុងអត្រាពន្ធគយដ៏ខ្ពស់បែបនេះ ផលិតផលអាម៉េរិក នៅក្នុងទីផ្សារចិន នឹងមិនទទួលបានជោគជ័យឡើយ។ ការអនុវត្តពន្ធគយលើកចុងក្រោយរបស់ចិននេះ នឹងចូលជាធរមាននៅថ្ងៃទី១២ ខែមេសា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី១១ ខែមេសា បាននិយាយថា ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ហើយរក្សាយ៉ាងរឹងមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ។
បើតាមអ្នកនាំពាក្យដដែល វិធានការពន្ធគយរបស់អាម៉េរិកបង្ហាញឱ្យឃើញពីសកម្មភាព គំរាមកំហែង សម្លុត និងការបង្ខិតបង្ខំដោយឯកតោភាគី ដែលបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានលើច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ។
«យើងជំរុញឱ្យអាម៉េរិកកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងដកហូតពន្ធឯកតោភាគីទាំងអស់ដែលដាក់លើប្រទេសចិន»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលើកឡើងដូច្នេះ។
កាលពីថ្ងៃទី១០ ខែមេសា សេតវិមាន បានបញ្ជាក់ថា ពន្ធគយសរុបលើចិន គឺមានចំនួន ១៤៥ភាគរយ ពោលគឺមិនមែន ១២៥ភាគរយឡើយ។ ការបន្ថែមតួលេខនេះ គឺដោយសារអាម៉េរិកបូកបន្ថែមជាមួយពន្ធគយ១២៥ភាគរយ និងពន្ធគយចំនួន២០ភាគរយនៅក្នុងខែកុម្ភៈ និងមីនា ពាក់ព័ន្ធនឹងថ្នាំញៀន។
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅថ្ងៃទី១១ ខែមេសានេះ បានបញ្ជាក់ថា ៖« គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធគយឡើយ ហើយការឈរប្រឆាំងនឹងពិភពលោក ទីបំផុតនាំឱ្យឯកោខ្លួនឯង»៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
