- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:០០ នាទី ព្រឹក

មហាសង្ក្រាន្តឆ្នាំម្សាញ់ សប្តស័ក នឹងចូលមកដល់នាវេលាម៉ោង៤ និង៤៨នាទី ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះ។ បុត្រីទី២នៃកបិលមហាព្រហ្ម ព្រះនាម «គោរាគៈទេវី» មានតួនាទីជាមគ្គនាយិកាដែលត្រូវគ្រប់គ្រងជម្ពូទ្វីប។ នេះបើតាមក្បួនតម្រាក្នុងសៀវភៅមហាសង្ក្រាន្តដែលរៀបរៀងដោយលោក អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។
ព្រះនាង «គោរាគៈទេវី» ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយផ្កាអង្អារបស្ស។ ព្រះនាងគង់លើស្តេចខ្លា (ព្យាគ្ឃៈ) ទេវធីតាអង្គនេះ មានព្រះហស្តស្តាំទ្រង់ព្រះខ័ន និងព្រះហស្តឆ្វេងទ្រង់ឈើច្រត់។ តាមក្បួនតម្រា ព្រះមគ្គនាយិកាឆ្នាំថ្មី សោយ តេលំ ជាអាហារ។ តេលំជាប្រភេទប្រេងរុក្ខជាតិដែលអាចទទួលបានដូចជាប្រេងល្ង សណ្តែក ដូង ជាដើម។
បើតាមការគន់គូររបស់លោក អ៊ឹម បុរិន្ទ ពិធីចូលឆ្នាំនេះ មានរយៈពេល៣ថ្ងៃ។ ថ្ងៃទី១ ដែលចំថ្ងែចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ជាវារៈមហាសង្ក្រាន្ត ពោលគឺជាថ្ងៃចូលឆ្នាំ នាវេលាម៉ោង៤ និង៤៨នាទី ទៀបភ្លឺ។ ថ្ងៃអង្គារទី១៥ ខែមេសា ជាថ្ងៃវារៈវ័នបត។ ឈានចូលថ្ងៃពុធ ៩ ទី១៦ ខែ មេសា វេលាម៉ោង៨និង ២៧នាទី ៣៦វិនាទី ជាថ្ងៃវារៈឡើងស័ក គម្រប់សង្ក្រាន្ត៣ថ្ងៃ ស្រេចបរិបូណ៍ ដោយចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ១៣៨៧តទៅ។
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់គ្រឿងពលីការផ្សេងៗ ។ ចំពោះកម្រាល អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ ផ្តល់យោបល់ថា គួរក្រាលសំពត់ពណ៌ស ឬសំពត់តាមអម្ពរទេវធីតា ក៏បាន។
នាឱកាសសង្ក្រាន្តទាំង៣ថ្ងៃ អ្នកចងក្រងសៀវភៅមហាសង្ក្រាន្ត លោក អ៊ឹម បុរិន្ទ ក៏រំលឹកដល់ពលរដ្ឋប្រុសស្រីទាំងអស់ ខំលះបង់ចិត្តអាក្រក់ដែលជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមាននៅឆ្នាំចាស់ ឱ្យជ្រះស្រឡះ ហើយតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា តាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
អ្នកសរសេរអត្ថបទ
