- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:១៩ នាទី ល្ងាច

ភ្នំពេញ៖ សមត្ថកិច្ច បានរកឃើញស្រាក្លែងក្លាយចំនួន ៩១៦ដប ពីទីតាំងផលិតលក់ដូរមួយកន្លែង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមចេញផ្សាយនៅលើទំព័រហ្វេសប៊ុក «អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)» នៅថ្ងៃទី១១ ខែមេសា។
មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃទី១០ មេសា បានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរទីតាំងផលិតស្រាមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ក្នុងប្រត្តិបត្តិការនេះ មន្រ្តីជំនាញបានរកឃើញផលិតផលស្រាក្លែងក្លាយជាច្រើនប្រភេទ ដូចជា ស្រាសម្រាប់លាយ ២៨៩កេស ឬស្មើ ៣ ៣៩៦ដប, ស្រាក្លែងក្លាយចំនួន ៨០កេស ឬស្មើនឹង៩១៦ដប ព្រមទាំង ឧបរកណ៍កែច្នៃ កេស និងសំបកដបក្លែងម៉ាកស្រាល្បីមួយចំនួនថែមទៀត។
បច្ចុប្បន្ន ស្រាក្លែងក្លាយទាំងនោះ ត្រូវបានព្រះរាជអាជ្ញាសម្រេចដកហូត យកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។ ដោយឡែក ទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន។ ក.ប.ប. ចាត់ទុក ការលក់ក្លែងបន្លំនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបានព្រមានម្ចាស់អាជីវកម្មផលិតស្រាក្លែងក្លាយដទៃទៀត ឱ្យបញ្ឈប់សកម្មភាពបន្ទាន់ បើពុំដូច្នេះទេនឹងទទួលទោសទណ្ឌចំពោះមុខច្បាប់៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
