- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

លោក ហែល គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លើកឡើងថា កីឡាករ-កីឡា ការិនី នឹងមិនខ្លាំងឡើយ ប្រសិនជាគ្រាន់តែមានឆន្ទៈចង់ឈ្នះ អំឡុងពេលប្រកួត តែពេលហ្វឹកហាត់ គឺគ្រាន់តែបំពេញកិច្ច ព្រមទាំងគ្មានសីលធម៌ និងគ្មានវិន័យត្រឹមត្រូវ។
សហព័ន្ធខ្មែរកីឡាហែលទឹក មានភារកិច្ចច្រើន ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងឆ្នាំ២០២៥។ ព្រឹត្តិការណ៍អន្ដរជាតិទាំងនោះ មានដូចជា៖ ការប្រកួតហែលទឹកជើងឯកពិភពលោក នៅអំឡុងខែកក្កដា ក្នុងប្រទេសសិង្ហបុរី, ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន, ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ និងព្រឹត្តិការណ៍ហែលទឹកជើងទាជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី នាអំឡុងខែធ្នូ។
ដោយឡែកកាលពីថ្ងៃទី៩ សហព័ន្ធខ្មែរកីឡាហែលទឹក មានកិច្ចប្រជុំមួយស្ដីពីការត្រៀមប្រមូលផ្ដុំអត្ដពលិក ឆ្នាំ២០២៥។ តាមការបញ្ជាក់ពីលោក ហែម គីរី សហព័ន្ធ បានផ្ដោតលើការពង្រឹងសីលធម៌ វិន័យទៅដល់អត្ដពលិក ទន្ទឹមជាមួយការបង្វឹកនូវបច្ចេកទេសនានា។
សហព័ន្ធខ្មែរកីឡាហែលទឹក មានលក្ខណៈវិនិច្ឆ័យ ៣យ៉ាង ក្នុងការប្រមូលផ្ដុំកីឡាករ-កីឡាការិនីជម្រើសជាតិ ដូចជា៖ ជ្រើសរើសអត្ដពលិក ដែលមានវិន័យខ្ពស់, ជ្រើសរើសអត្ដពលិក ដែលប្រឹងប្រែងហ្វឹកហាត់ និងជ្រើសរើសអត្ដពលិក ដែលបានចម្រាញ់ចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។
អគ្គលេខាធិការរូបនេះ សង្កត់ធ្ងន់ថា សហព័ន្ធ ពង្រឹង និងណែនាំខ្លាំងអំពីក្រមសីលធម៌ក្នុងនាមជាអត្ដពលិកជម្រើសជាតិ។ តាមការពន្យល់ពីលោក ហែម គីរី ក្នុងនាមជាអត្ដពលិកជម្រើសជាតិ អ្នកទាំងនោះ ត្រូវមានភាពច្បាស់លាស់អំពីការគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ និងត្រូវមានសីលធម៌ខ្ពស់ ព្រមទាំងវិន័យក្នុងការហ្វឹកហាត់។
លោក ហែម គីរី និយាយថា ៖«ក្រមសីលធម៌របស់អ្នកកីឡា គឺត្រូវតែមានភាពច្បាស់លាស់អំពីការគោរពនូវ បទបញ្ជាផ្ទៃក្នុងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ជាពិសេសបទបញ្ជារបស់សហព័ន្ធ ដែលបានដាក់ចេញឲ្យពួកគាត់គោរព ហើយសំខាន់បំផុត ត្រូវតែឲ្យពួកគាត់គោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យក្នុងពេលហ្វឹកហាត់។ យើង មិនអនុញ្ញាតឲ្យពួកគាត់ ធ្វើនូវអាកប្បកិរិយាណាមួយ ដែលមិនអាចទទួលយកបានជាពិសេស គឺត្រូវឲ្យពួកគាត់គោរពនូវ អ្វីជារបៀបនៃការបដិសណ្ឋារកិច្ច ដែលជារបៀបរបស់ខ្មែរ ដូចជាមានការសំពះ និងរឿងសីលធម៌តូចៗ។ យើងត្រូវឲ្យគាត់ផ្ចិតផ្ចង់នូវរឿងទាំងអស់នេះដែរ។ នេះ គឺរាប់បញ្ចូលទាំងការនិយាយស្ដី ចេះគោរពចាស់ទុំ ទាំងអស់នេះ គឺធ្វើឲ្យពួកគាត់ មានអត្ដចរិកល្អ។»។
អគ្គលេខាធិការរូបនេះ បន្ដទៀតថា កីឡាករ-កីឡាការិនី នឹងមិនងាយសម្រេចបានលទ្ធផលល្អទេ ប្រសិនជាពួកគេ មានឆន្ទៈចង់ឈ្នះ ត្រឹមតែក្នុងពេលប្រកួត។ ដើម្បីឲ្យបានលទ្ធផលល្អ អត្ដពលិកទាំងនោះ ត្រូវមានឆន្ទៈចង់ឈ្នះ គឺចាប់តាំងពីពេលចូលហ្វឹកហាត់ រហូតមកដល់ពេលប្រកួត។ អត្ដពលិកតំណាងជាតិ ត្រូវមានគោលដៅច្បាស់លាស់។ នេះ បើតាមការលើកឡើង របស់លោក ហែម គីរី។
«អ្វី ដែលខ្ញុំសង្កត់ធ្ងន់ក្នុងការពង្រឹងស្មារតី ហ្វឹកហាត់របស់ក្មេងៗកីឡាករ គឺឆន្ទៈនៃការចង់ឈ្នះ។ កន្លងទៅ កីឡាករ-កីឡាការិនីខ្មែរយើងមួយចំនួន តែងគិតថាពេលប្រកួត ជាការងារសំខាន់ត្រូវតែប្រឹងឲ្យឈ្នះគេ ប៉ុន្ដែគាត់បានភ្លេចគិតអំពីបញ្ហាមួយ គឺអ្វីដែលសំខាន់ គាត់ត្រូវតែមានឆន្ទៈចង់ឈ្នះនៅពេល ដែលហ្វឹកហាត់ មុនទៅដល់ពេលប្រកួត។ ប្រសិនជាគាត់ ហ្វឹកហាត់គ្មានឆន្ទៈចង់ឈ្នះទេ ហាត់ឲ្យតែបាន ហាត់ឲ្យតែមាន ហើយគោលដៅអត់ច្បាស់លាស់ ក៏គាត់មិនអាចជោគជ័យក្នុងពេលប្រកួតបានដែរ។»។ លោក ហែម គីរី បាននិយាយដូច្នេះ៕
អ្នកសរសេរអត្ថបទ
