កម្ពុជា សិក្សាគម្រោងសាងសង់«កំពង់ផែទេសចរណ៍» តាមបណ្ដោយ​ទន្លេមេគង្គ និង​ទន្លេសាប
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
កម្ពុជា សិក្សាគម្រោងសាងសង់«កំពង់ផែទេសចរណ៍» តាមបណ្ដោយ​ទន្លេមេគង្គ និង​ទន្លេសាប
នាវាទេសចរណ៍ ចូលមកចតនៅចំណុចមុខវត្តសុវណ្ណរង្សី ភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីឆ្នាំ២០១៩។ រូបភាព៖ GDI

កម្ពុជាស្វែងរកការវិនិយោគលើគម្រោងសាងសង់ «កំពង់ផែទេសចរណ៍» នៅតាម បណ្ដាយដងទន្លេមេគង្គ និងទន្លេសាប ដើម្បីជំរុញកំណើនទេសចរ និងបង្កើតសកម្មភាពសេដ្ឋកិច្ចដល់ពលរដ្ឋមូលដ្ឋាន។ គម្រោងនេះ ត្រូវបានលើកមកពិភាក្សារួមគ្នារវាងក្រសួងទេសចរណ៍, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី៨ ខែមេសា។

TTN-Free-Banner-In-Article-PC

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានកត់សម្គាល់ថា ទេសចរដែលទៅកម្សាន្តនៅតាមតំបន់បឹងទន្លេសាប និងទន្លេមេគង្គប្រទេសកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ។

ទន្ទឹមនេះ បើសិនរដ្ឋាភិបាលអាចសាងសង់កំពង់ផែសម្រាប់ទូកទេសចរណ៍សំចតទៀតនោះ វានឹងជួយទាក់ទាញទេសចរបានកាន់តែច្រើន។ ការណ៍នេះ លោកស្រីយល់ថា វាមិនត្រឹមតែផ្ដល់ចំណូលដល់ចូលជាតិប៉ុណ្ណោះទេ តែក៏រួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋក្នុងសហគមន៍ តាមរយៈមុខរបរ និងឱកាសការងារផ្សេងៗផងដែរ។

ប្រធានសមាគមទេសចរណ៍កម្ពុជារូបនេះ សាទរចំពោះគំនិតផ្ដួចផ្ដើមសាងសង់កំពង់ផែទេសចរណ៍របស់អន្តរក្រសួង និងចាត់ទុកវាជាគម្រោងដ៏មានសារៈសំខាន់។ លោកស្រី ឆាយ ស៊ីវលីន ស្នើឱ្យរដ្ឋពន្លឿនការងារនេះ ដើម្បីកុំឱ្យខាតពេល ដ្បិតពីមួយឆ្នាំទៅមួយឆ្នាំកម្ពុជាប្រឹងប្រែងដណ្ដើមទីផ្សារទេសចរណ៍ជាមួយពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន។ 

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)។ រូបភាព៖ CATA

 លោកស្រី ឆាយ ស៊ីវលីន ប្រាប់ដូច្នេះថា៖ «កំពង់ផែនេះ ពិតជាមានសារៈសំខាន់ខ្លាំងក្នុងវិស័យទេសចណ៍ និងសេដ្ឋកិច្ច។ ដូច្នេះ ខ្ញុំចង់ឱ្យចាប់ផ្ដើមអនុវត្តឱ្យបានលឿន ដើម្បីកុំឱ្យខាតពេល ព្រោះថា ពីមួយឆ្នាំទៅមួយឆ្នាំកម្ពុជាប្រឹងប្រែងប្រកួតប្រជែងដណ្ដើមទីផ្សារទេសចរណ៍ជាមួយប្រទេសនានាលើពិភពលោក ជាពិសេសប្រទេសអាស៊ាន។»។

ទន្ទឹមនឹងការសាទរនេះ លោកស្រី ឆាយ ស៊ីវលីន ចង់ឱ្យរដ្ឋជួយបណ្ដុះបណ្ដាលជំនាញ​បដិសណ្ឋារកិច្ចភ្ញៀវដល់សហគមន៍មូលដ្ឋាន និងរៀបចំសេវាអមបន្ថែម ដូចជា សេវាដឹកជញ្ជូនតាមរទះ, ការសម្ដែងសិល្បៈវប្បធម៌, សកម្មភាពឡើងត្នោត, ស្ទូងស្រូវ។ ចំណែក វត្តអារាម គួរតែរៀបចំពិធីសាសនាផ្សេងៗ ដូចជា សូត្រមន្ត ឬប្រោះព្រំ ជាដើម ដែលសកម្មភាពទាំងនេះសុទ្ធសឹងជាគោលដៅនៃការស្វែងយល់ និងចង់ឃើញរបស់ទេសចរ។ 

លោកស្រី បន្ថែមដូច្នេះថា៖ «បើមានកំពង់ផែហើយ យើងគួរតែរៀបចំសេវាអមបន្ថែមទៀត ដើម្បីទាក់ទាញទេសចរ ព្រោះថា ភ្ញៀវដែលធ្វើដំណើរតាមទូកគេចំណាយពេល និងប្រាក់ច្រើន ជាងភ្ញៀវធ្វើដំណើរតាមយន្តហោះ។ ដូច្នេះ យើងគួររៀបឱ្យមានសេវាកម្មដឹកជញ្ជូន, ការសម្ដែងសិល្បៈវប្បធម៌ និងកសិ-ទេសចរណ៍ ដូចជា ការឡើងត្នោត ស្ទូងស្រូវ,។ ចំណែក ទេសចរណ៍ផ្នែកសាសនាវិញ នៅតាមវត្តអារាម គួរតែរៀបចំពិធីសូត្រមន្តកាត់គ្រោះ ឬប្រោះព្រំ ជាដើម។ ទាំងនេះសុទ្ធសឹងជាចំណុចទាក់ទាញទេសចរ។ ទន្ទឹមនេះ យើងក៏ត្រូវតែជួយបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋឱ្យបានល្អផងដែរ»។ 

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៧០០ ១២៥ នាក់ កើន ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះ បាននាំមកនូវចំណូលចំនួន ៣​ ៦៣៧  លានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលស្មើនឹង ៩,៤ ភាគរយ នៃផលិផលក្នុងស្រុកសរុប(GDP)ប្រចាំឆ្នាំ៕ 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា