ប្រធានាធិបតីបារាំង គ្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
  • ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
ប្រធានាធិបតីបារាំង គ្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
ប្រធានាធិបតីបារាំង ​អេម៉ានុយអែល ម៉ាក្រុង ស្វាគម​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​ ម៉ះមូដ អាបាស់ នៅឆ្នាំ២០២០។ AP - Majdi Mohammed

ក្នុងសំណុំរឿងសង្គ្រាមហ្កាហ្សា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាសគាំទ្រដំណោះស្រាយរដ្ឋពីររស់នៅក្បែរគ្នា គឺ​ប៉ាឡេស្ទីន និងអ៊ីស្រាអែល ​ ដោយ​បញ្ជាក់ថា ប្រទេសបារាំង គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខែមិថុនា​ខាងមុខ។ ទន្ទឹម​នឹង​គ្នា​នេះ​ លោកប្រមុខ​រដ្ឋបារាំង​ ម៉ាក្រុង ក៏សន្យាជំរុញឲ្យប្រទេសដែល​មិនទាន់ទទួលស្គាល់រដ្ឋអ៊ីស្រាអែល ឲ្យព្រមទទួលស្គាល់ដែរ។
TTN-Free-Banner-In-Article-PC

ការ​ទទួល​ស្គាល់រដ្ឋ​​ប៉ាឡេស្ទីន និង​រដ្ឋ​​អ៊ីស្រាអែល ​​ជាសំណុំ​រឿង​ដ៏ចម្រូង​ចម្រាស​នៅលើ​ឆាកអន្តរជាតិ។ ​ទីបំផុត​ទៅ​ លោក ប្រធានាធិបតីបារាំង អេម៉ានុយអែល​ ម៉ាក្រុង បាន​ចេញមុខ​​បញ្ជាក់ថា ប្រទេស​បារាំង​អាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅ​ខែមិថុនា ឆ្នាំ២០២៥ ​ពោលគឺក្នុង​ឱកាសដែល​បារាំង​និងអារ៉ាប៊ីសាអូឌីត ធ្វើ​ជា​សហប្រធាន​ដឹកនាំ​សន្និសីទអង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។​ ការ​ប្រកាស​ដូច្នេះបាន​ធ្វើឡើង​ក្នុង​បទសម្ភាសរបស់​ទូរទស្សន៍​បារាំងប៉ុស្តិ៍​លេខ ៥​ ក្នុង​កម្មវិធី ​C’est à vous កាលពីថ្ងៃ​ពុធ ទី​៩មេសា។​

ខុសស្រឡះ​ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ ដែល​ធ្លាប់​តែ​បដិសេធ​​ដំណោះស្រាយ​រដ្ឋពីរ​ លោក​ប្រមុខ​រដ្ឋ​បារាំង ម៉ាក្រុង បា​នពន្យល់ថា កិច្ចសហការ​រវាង​​បារាំងនិងអារ៉ាប៊ីសាអូឌីត នឹង​​ជំរុញ​ឲ្យ​​ទទួល​យក​ដំណោះស្រាយ​រដ្ឋពីររស់​នៅ​ក្បែរគ្នា និង​បំផុស​ស្មារតីរួបរួម​សាមគ្គី។ វ​ត្ថុបំណងគឺជំរុញ​ឲ្យ​ទទួលស្គាល់គ្នា​ទៅវិញទៅមក។ ពោលគឺលើកទឹកចិត្តឲ្យ​​​ក្រុម​ប្រទេស ដែល​គាំទ្រ​​​រដ្ឋប៉ាឡេស្ទីន​ ពិសេស​រដ្ឋសមាជិក​សម្ព័ន្ធអារ៉ាប់​ ក៏​ឲ្យ​គេ​ទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល ដ្បិតថា រហូត​មកទល់​ពេលនេះ មាន​ប្រទេស​ជាច្រើន​ នៅ​មិនទាន់​ទទួល​ស្គាល់​អ៊ីស្រាអែល ​នោះទេ​​​។ 

គួរ​ជ្រាបថា ប្រទេសកាន់សាសនាអ៊ីស្លាម តួយ៉ាង ​អេមីរ៉ាត់​អារ៉ាបរួម បារ៉ែន ស៊ូដង់ និង​ម៉ារ៉ុក ទើបតែប្រកាស​​ទទួលស្គាល់​រដ្ឋអ៊ីស្រាអែល នៅឆ្នាំ២០២០តែប៉ុណ្ណោះ។ អារ៉ាប៊ីសាអូឌីត បាន​ត្រៀម​ផ្តើម​នីតិវិធី​ចរចា​ទទួលស្គាល់​អ៊ីស្រាអែលដែរ​ ប៉ុន្តែ​ត្រូវ​ខកខាន​ព្រោះតែ​ភ្លើងសង្គ្រាមនៅហ្កាហ្សា។​

​សព្វថ្ងៃនេះ ប្រទេស​ជិត​​១៥០​​ដែល​បាន​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​។ ជាច្រើនខែក្រោយ​ផ្ទុះ​សង្គ្រាម​សន្ធោសន្ធៅនៅហ្កាហ្សា  ប្រទេស​អៀរឡង់ ន័រវែស អេស្ប៉ាញ និង​ស្លូវេនី បាន​ប្រកាស​ទទួល​ស្គាល់​ រដ្ឋ​ប៉ាឡេស្ទីន​ ព្រមៗគ្នា​ ក្នុង​ឆ្នាំ២០២៤​។ ​គ្រានេះ​ អាជ្ញាធរប៉ាឡេស្ទីនទទួលបន្ទុកកិច្ចការបរទេស Varsen Aghabekian Shahin ប្រកាសត្រេកអរថា ​​គម្រោង​ទទួល​ស្គាល់​អត្ថិភាពរដ្ឋប៉ាឡេស្ទីនពីសំណាក់ប្រធានាធិបតីបារាំង ​ជាជំហានមួយល្អ​​នៅលើ​គន្លង​ផ្លូវ​ដ៏ប្រសើរ​។

ផ្ទុយទៅវិញ​ ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​នៅតែ​ប្រតិកម្មជំទាស់នឹង​​ដំណោះស្រាយ​រដ្ឋពីរ​។​ គម្រោង​ការ​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីនជា​ការ​ផ្តល់​រង្វាន់​ដល់​ក្រុម​ភេរវជន។ នេះបើតាមប្រមុខ​ការ​ទូត​អ៊ីស្រាអែល លោក Gideon Saar ដោយ​បញ្ជាក់ទៀត​ថា ​ទង្វើនេះ​នឹង​មិន​នាំឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​នោះឡើយ តែ​វា​កាន់តែ​ធ្វើ​ឲ្យ​ពួក​ភេរវជន​ហាម៉ាស​ ឡើង​ចាង​បាន​ចិត្ត​ និង​ច្រាន​សន្តិភាព​ឲ្យ​ចេញឆ្ងាយ​៕​​

ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)
 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other