AFP៖ ប៉ាណាម៉ា អនុញ្ញាតឱ្យអាម៉េរិកពង្រាយទ័ពនៅព្រែកជីករបស់ខ្លួន
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
AFP៖ ប៉ាណាម៉ា អនុញ្ញាតឱ្យអាម៉េរិកពង្រាយទ័ពនៅព្រែកជីករបស់ខ្លួន
រូបភាព Xinhua

អាម៉េរិក នឹងអាចបញ្ជូនទ័ពទៅមូលដ្ឋានយោធានៅព្រែកជីកប៉ាណាម៉ា ក្រោមកិច្ចព្រមព្រៀងរួមគ្នាមួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ក្រោមកិច្ចព្រមព្រៀងនេះ អាម៉េរិកអាចបញ្ជូនទ័ពទៅព្រែកជីកប៉ាណាម៉ា ដោយចំនួនមិនជាក់លាក់។

TTN-Free-Banner-In-Article-PC

ប្រមុខការពារជាតិអាម៉េរិក លោក Pete Hegseth នៅថ្ងៃទី៩ ខែមេសា បានបំពេញទស្សនកិច្ចនៅប៉ាណាម៉ា ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចោទចិន កំពុងពង្រីកឥទ្ធិពលលើព្រែកជីក ដែលសាងសង់ដោយអាម៉េរិក។ 

ក្នុងអំឡុងទស្សនកិច្ចនេះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីសន្តិសុខសាធារណៈប៉ាណាម៉ា លោក Frank Abrego បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ហើយត្រូវបានឃើញដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ ខែមេសា។ 

តាមកិច្ចព្រមព្រៀងនោះ អាម៉េរិក អាចបញ្ជូនទ័ពទៅមូលដ្ឋានយោធានៅព្រែកជីកប៉ាណាម៉ា និងក្នុងចំនួនមិនជាក់លាក់។ អាម៉េរិកអាចបញ្ជូនទ័ពទៅគ្រប់មូលដ្ឋានគ្រប់គ្រងដោយប៉ាណាម៉ាទាំងអស់ ក្រោមលក្ខខណ្ឌហ្វឹកហ្វឺន សមយុទ្ធ និងសកម្មភាពផ្សេងទៀត។ 

យ៉ាងណាមិញ ក្នុងអនុស្សរណៈនោះមិនបានបញ្ជាក់ពីការកសាងមូលដ្ឋានយោធាអាម៉េរិក នៅព្រែកជីកប៉ាណាម៉ានោះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខការពារជាតិអាម៉េរិក បានលើកឡើងពីលទ្ធភាពក្នុងការបញ្ជូនទ័ពទៅគ្រប់គ្រងព្រែកជីកប៉ាណាម៉ាវិញ។ 

ជុំវិញបញ្ហានេះ លោក Jose Raul Mulino ប្រធានាធិបតីប៉ាណាម៉ា បានជំទាស់ ដោយចោទរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ចង់ដុតប្រទេសរបស់លោក និងបង្កភាពវឹកវរនៅប៉ាណាម៉ា។ បើតាមលោក Mulino វត្តមានមូលដ្ឋានទ័ពអាម៉េរិក នៅប៉ាណាម៉ា ជារឿងមិនអាចទទួលយកបាន។ 

សូមបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលជួយសន្សំពេលវេលាធ្វើដំណើរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។ ព្រែកជីកនេះ ត្រូវបានសាងសង់ដោយអាមេរិកក្នុងឆ្នាំ១៩១៤ ហើយប្រគល់ឱ្យប៉ាណាម៉ាគ្រប់គ្រងក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៧៧ ហើយប៉ាណាម៉ាបានគ្រប់គ្រងទាំងស្រុងនៅឆ្នាំ១៩៩៩៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ