- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឱ្យពលរដ្ឋ ដែលដើរលេងកម្សាន្ត អំ ឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ យោគយល់គ្នា ពេលជួបសេវាកម្មយឺតយ៉ាវ នៅតាមហាង ភោជនីយដ្ឋាន រមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ដោយសារអ្នកបំពេញការងារគ្រប់កន្លែង ភាគច្រើនត្រូវឈប់សម្រាក ខណៈអ្នកប្រើប្រាស់សេវាកម្មមានការកើនឡើង។ នេះបើតាមសេចក្ដីអំពាវនាវរបស់ក្រសួងការងារ ចុះថ្ងៃទី១០ ខែមេសា។
ចូលឆ្នាំប្រពៃណីខ្មែរ មានកម្មករនិយោជិត និងប្រជាពលរដ្ឋជាច្រើន នៅទូទាំងប្រទេស ធ្វើ ដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា រួមទាំងធ្វើដំណើរកម្សាន្ត។ ហេតុនេះ នៅតាមរមណីយដ្ឋាន មណ្ឌល កម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា នឹងមានភាពមមាញឹកទ្វេដង ក្នុង ការផ្តល់សេវាដល់អតិថិជន ខណៈអ្នកនៅបំពេញការងារមានចំនួនតិចតួចប៉ុណ្ណោះ។
ដូច្នេះ ទើបក្រសួងការងារ ស្នើសុំឱ្យមានការយោគយល់ នៅពេលជួបសេវាកម្មយឺតយ៉ាវ។ ក្រសួងសុំការយោគយល់បែបនេះ៖ «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និង
សាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ(ចូលឆ្នាំខ្មែរ)»។
ទន្ទឹមនឹងនេះ ក្រសួងការងារ បានកោតសរសើរចំពោះស្មារតី កម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជាសារវន្ត អំឡុងពេលចូលឆ្នាំ។ ក្រសួងក៏អំពាវនាវ ឱ្យកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋគ្រប់រូប បង្កើនការប្រុងប្រយ័ត្ន ករណីអគ្គិភ័យផងដែរ ដោយត្រូវតែពិនិត្យបណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីផ្ទះ និងកន្លែងការងារ៕
អ្នកសរសេរអត្ថបទ
