ហេតុ​អ្វី​លោក​ដូណាល់​ត្រាំប្តូរ​ចិត្ត​មក​ដំឡើង​ពន្ធត្រឹម​១០%?
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
ហេតុ​អ្វី​លោក​ដូណាល់​ត្រាំប្តូរ​ចិត្ត​មក​ដំឡើង​ពន្ធត្រឹម​១០%?
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ ប្រកាស​ផ្អាក​ការ​ដំឡើង​​ពន្ធ​៩០​ថ្ងៃ AP

ទីផ្សារ​ភាគហ៊ុន​បាន​ប្រែពណ៌ ក្រោយ​ពី​​ប្រធានាធិបតី​អាមេរិកបាន​​ប្រែក្រលាស់​ចិត្ត ដោយ​ប្រកាសនៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​៩​មេសា ​ផ្អាក​ការអនុវត្ត​ពន្ធគយ​បដិការ​រយៈ​ពេល​៩០​ថ្ងៃ។ ទើប​ចូល​ជា​ធរមាន​បាន​​ ​មួយ​ថ្ងៃ អត្រាពន្ធ​នាំ​ចូល​​ដ៏​ធ្ងន់ សម្រាប់​ប្រទេស​ជាង​៦០លើក​លែង​តែ​ចិន ត្រូវ​បញ្ចុះ​មក​នៅ​ត្រឹម​១០%​វិញ។ ហេតុ​អ្វី​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិកស្រាប់​តែ​ប្តូរ​ចិត្ត​ដូច្នេះ? តើ​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​គូសវាស​ទុក​រួច​ហើយ ឬ​ជា​ប្រតិកម្ម​​ស្តារ​នយោបាយសេដ្ឋកិច្ច?

TTN-Free-Banner-In-Article-PC

ក្រោយ​ពី​បាន​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ជ្រួល​ច្របល់​និង​ទីផ្សារ​ភាគ​ហ៊ុន​ក្រឡាប់​ចាក់​មក នៅ​ល្ងាច​ថ្ងៃពុធទី​៩​មេសា​​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានក្រលាស់​ចិត្ត ​ប្រកាស​ផ្អាក ​​រយៈ​ពេល​៩០ថ្ងៃ ការ​យក​ពន្ធ​នាំ​ចូល​ក្នុង​អត្រា​ដ៏​ខ្ពស់​ ដែលទើប​ចូល​ជា​ធរមាន​​កាលពី​ប៉ុន្មាន​ម៉ោង​មុន។ លើក​លែង​តែ​ប្រទេស​ចិន​មួយ​ ប្រទេស​ជា​ដៃគូ ​ជាង​៦០ប្រទេសផ្សេង​ទៀត ជាពិសេស​​សហភាពអឺរ៉ុប ឬ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ នឹង​មាន​ពន្ធនាំ​ចូល​ត្រឹម​១០% ​ប៉ុណ្ណោះ ចាប់​ពី​ម៉ោង​នេះ​ទៅ។ តែ​​​ពន្ធនាំ​ចូល​​លើ​ផលិតផល​មក​ពី​ចិន ​ត្រូវ​ដំឡើង​ដល់​១២៥% ព្រោះ​ចិន​មិន​គោរពទីផ្សារ​ពិភពលោក។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ត្រាំ ដោយ​បញ្ជាក់​ថា ការ​ងាក​មក​បញ្ចុះ​អត្រាពន្ធ​នាំ​ចូលវិញ​នេះ​ ​​ជា​វិធានការ​ដែល​បាន​គ្រោង​ទុក​តាំងពី​យូរ​មក​ហើយ ដើម្បី​យក​ឈ្នះ​ចិន ដាក់​ចិន​ឱ្យ​ឯកា។

ចំណែក​អ្នក​នាំពាក្យ​របស់​សេតវិមាន​និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បាន​ចេញ​មុខ​មក​ពន្យល់​ដោយ​អះអាងថា នេះ​ជា​តាកតិច​តាំងពី​ដំបូង​ដើម្បី​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​មក​ចរចា​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​ផ្តល់​ប្រយោជន៍​ដល់​អាមេរិក​បាន​ច្រើន​ជាង​មុន។ 

គិត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ជាង​៧៥​បាន​បង្ហាញ​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក។ ​ឧទាហរណ៍ រដ្ឋាភិបាល​វៀតណាមបាន​ប្រកាស​នៅ​ព្រហស្បតិ៍ទី​១០​មេសា​​នេះ​ ចាប់​ផ្តើម​ចរចាពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​។ សហភាព​អឺរ៉ុប ដែល​ទើប​អនុម័ត​វិធានការ​តបតម្លៃជាង​​​២០ពាន់​លាន​អឺរ៉ូ​​ ដៅ​​​​ដំឡើង​ពន្ធ​​​នាំចូល​ផលិតផល​អាមេរិកមួយ​ចំនួន​ និង​ដែល​គ្រោង​ចេញ​វិធានការ​ថ្មី​ទៀត​នៅ​សប្តាហ៍​ក្រោយ ក៏​ត្រៀម​ផ្អាក​ការ​ដំឡើង​ពន្ធតបត​នឹង​អាមេរិក​វិញ​ដែរ បើ​មាន​កិច្ចព្រមព្រៀង​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​សមធម៌ ជាមួយ​វ៉ាស៊ីនតោន។

ប៉ុន្តែ​បើ​តាម​ប្រធាន​ធនាគារ​ Mirabaud លោក John Plassard ក្រុម​ជំនិតរបស់​លោក​ដូណាល់ត្រាំ បាន​សាក​ល្បងឆ្លើយ​ដោះសារនៅ​ចំពោះ​ទង្វើ​​ដែល​បាន​ធ្វើ​ពិភពលោក​ទាំង​មូល​ភ្ញាក់ផ្អើល​ តែ​​មូលហេតុ​ពិត​នៅ​ពីក្រោយ​​ការ​ប្តូរ​ផ្លាស់​នយោបាយ​ដំឡើង​អត្រាពន្ធគយ គឺ​ស្ថានភាព​សេដ្ឋកិច្ចជាក់ស្តែង​និងផលវិបាក​នៃ​នយោបាយ​ដំឡើង​ពន្ធ។ ប្រជាពលរដ្ឋ​អាមេរិក រំពឹង​លើទ្រព្យធន​ពីរ គឺ​អចលទ្រព្យ​និង​ភាគហ៊ុន។ បើ​តម្លៃ​អចលនទ្រព្យ ឬ​ភាគហ៊ុនធ្លាក់​ចុះ វា​ច្បាស់​ជា​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋដែល​អាច​ធ្វើ​ឱ្យ​លោក​ត្រាំ​ចាញ់​ នៅ​ពេល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៦។ នេះ​បើ​តាមនាយកធនាគារ​ដដែល។ អ្នក​វិភាគ​និង​អ្នក​ជំនាញ​ផ្សេង​ទៀត ក៏​យល់​ដូច​គ្នាថា លោក​ដូណាល់​ត្រាំ​មិន​អាច​ប្រឈម​នឹងភាព​ស្លន់​ស្លោរបស់​​ទីផ្សារ​ភាគ​ហ៊ុនពិភពលោក​​ដែល​ជ្រួល​ច្របល់​និង​ដាំក្បាល​ចុះ​យ៉ាង​ខ្លាំង​បាន​ទេ។

សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ត្រូវ​វិល​ជុំ​វិញការ​ប្រកួត​​រវាង​មហាអំណាចពីរ គឺ​​​អាមេរិក​និង​ចិន​ ដែល​ឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី។ អាមេរិក​ដំឡើង​ពន្ធនាំចូល​ពី​ចិន​ដល់​១២៥%​ ឯ​ចិន​ដំឡើង​ពន្ធនាំចូល​ពី​អាមេរិក​ដល់​៨៤%។ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ច្បាស់​ជាធ្លាក់​ចុះ​ខ្លាំង។ ទីផ្សារ​ភាគ​ហ៊ុន​ អាមេរិក អឺរ៉ុប តូក្យូ តៃវ៉ាន់ សុទ្ធ​តែមាន​សន្ទុះ​ឡើង​វិញ​ទាំង​អស់ លើក​លែង​តែ​ភាគ​ហ៊ុន​ចិន​ដែល​ស្ថិត​នៅ​កំរិត​សូន្យ​៕

ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other