- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១១ ខែមេសា បានលើកឡើងថា គ្មានឡើយអ្នកឈ្នះ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយសកម្មភាពប្រឆាំងពិភពលោក មានតែធ្វើឱ្យអាម៉េរិកស្ថិតក្នុងស្ថានភាពឯកោប៉ុណ្ណោះ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez ពីទីក្រុងប៉េកាំង នៅថ្ងៃទី១១ ខែមេសា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជជែកពីពាណិជ្ជកម្មជាមួយអឺរ៉ុប ជាពិសេសសង្រ្គាមពាណិជ្ជកម្ម ដែលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដាក់ពន្ធគយតបតគ្នាទៅវិញទៅមក។ តាមការព្រមានរបស់លោក ស៊ី រដ្ឋាភិបាលក្រុងប៉េកាំង មិនខ្លាចរងការកៀបសង្កត់ពីសំណាក់ក្រុងវ៉ាស៊ីនតោនឡើយ ហើយគ្មានភាគីណា ទទួលបានផលចំណេញពីសង្រ្គាមពាណិជ្ជកម្មទេ។
«គ្មានឡើយអ្នកឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយការប្រឆាំងពិភពលោក នឹងទទួលបានលទ្ធផលឯកោប៉ុណ្ណោះ»។ លោក ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញ។ ដ្បិតមិនលើកឡើងពីប្រទេសណាមួយឱ្យបានច្បាស់ ប៉ុន្តែលោកស៊ី ទំនងសំដៅដល់អាម៉េរិក ដែលបង្កើនពន្ធគយលើចិនរហូតដល់ ១៤៥ភាគរយ ខណៈចិនដាក់លើអាម៉េរិកចំនួន ១២៥ភាគរយ។
នៅចំពោះមុខមេដឹកនាំអេស្ប៉ាញ លោកប្រធានាធិបតីចិន បានទទូចឱ្យអឺរ៉ុប មានការទទួលខុសត្រូវផ្នែកអន្តរជាតិ ហើយតតាំងការគំរាមសម្លុតរបស់អាម៉េរិក។
ជាការឆ្លើយតប ប្រមុខរដ្ឋាភិបាលអេស្ប៉ាញ លោក Sanchez បានចាត់ទុកចិនជាដៃគូសម្រាប់អឺរ៉ុប និងជាដៃគូកិច្ចសហប្រតិបត្តិការ។ បើតាមលោក Sanchez អេស្ប៉ាញ មានបំណងធ្វើការជាមួយចិន ដើម្បីដោះស្រាយបញ្ហារួម និងការវិនិយោគប្រកបដោយតុល្យភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
កន្លងមក ចិន បានប្តេជ្ញាតតាំងជាមួយអាម៉េរិករហូតដល់ទីបញ្ចប់ ពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្ម ហើយថែមទាំងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកថែមទៀត។
សូមបញ្ជាក់ថា ចិន បាននាំទំនិញ និងសេវាកម្មទៅអាម៉េរិក ក្នុងទំហំ៤៦៣ពាន់លានដុល្លារ ខណៈអាម៉េរិកនាំទំនិញទៅចិនមានទំហំ ១៩៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
