- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៣៩ នាទី ព្រឹក

វិមានក្រេមឡាំង នៅថ្ងៃទី១១ ខែមេសា បានបញ្ជាក់ថា ជំនួបរវាងលោក Steve Witkoff ប្រេសិតអាម៉េរិកប្រចាំនៅតំបន់មជ្ឈិមប៉ូព៌ា និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ចប់ហើយ ដោយភាគីទាំងពីរ បានជជែកពីផែនការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។
តាមរយៈជំនួបនៅទីក្រុង St. Petersburg លោក Steve Witkoff ប្រេសិតអាម៉េរិកប្រចាំនៅតំបន់មជ្ឈិមប៉ូព៌ា បានជួបលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាលើកទីបី ដើម្បីជជែកពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។
«ប្រធានបទនៃកិច្ចប្រជុំគឺការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន»។ វិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបនៅថ្ងៃទី១១ ខែមេសា។
ប្រេសិតរុស្ស៊ី លោក Kirill Dmitriev បានបញ្ជាក់ថា កិច្ចប្រជុំរវាងភាគីទាំងពីរទទួលបានលទ្ធផលល្អ ហើយមន្រ្តីរូបនេះ ក៏បានជួបជាមួយមន្រ្តីអាម៉េរិក ក្នុងកិច្ចប្រជុំដោយឡែកផងដែរ។
មកទល់ពេលនេះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន មិនទាន់លេចជារូបរាងឡើងឡើយ បើទោះភាគីទាំងពីរ បានឯកភាពចរចា នៅកិច្ចប្រជុំមុនៗក្តី៕
