- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៣៩ នាទី រសៀល

ថៃ នឹងកាត់បន្ថយពន្ធគយលើផលិតផលពោតនាំចូលពីអាម៉េរិក ដើម្បីជាផ្នែកមួយនៃការចរចាពន្ធគយ។ លោក Pichai Chunhavajira រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែមេសា។ ថៃ ត្រូវការនាំចូលពោតជាច្រើន ដើម្បីផលិតចំណីសត្វ។
ដូចបណ្តាប្រទេសផ្សេងទៀត ថៃ បានរងពន្ធគយបដិការ ៣៦ភាគរយ ប៉ុន្តែត្រូវបានរដ្ឋាភិបាលអាម៉េរិកបញ្ចុះដល់ ១០ភាគរយ សម្រាប់ការផ្អាកពន្ធរយៈពេល ៩០ថ្ងៃ ដើម្បីចរចា។ ក្នុងរយៈពេលនេះ ថៃកំពុងពិចារណាលើការកាត់បន្ថយពន្ធលើទំនិញជាច្រើន ហើយប្តេជ្ញានាំចូលផលិតផលអាម៉េរិកបន្ថែម ដើម្បីបង្ការការដាក់ពន្ធគយពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
«តម្លៃពោតរបស់អាម៉េរិក គឺទាប ដែលធ្វើឱ្យតម្លៃចំណីសត្វរបស់ថៃទាប»។ លោក Pichai Chunhavajira រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែមេសា ដោយបន្ថែមថា ថៃត្រូវការពោតប្រចាំឆ្នាំរហូតដល់ ៩លានមេទ្រីកតោន ដោយ ៤ទៅ៥លានមេទ្រីកតោន នាំចូល។ ក្នុងពេលបច្ចុប្បន្ន ថៃដាក់ពន្ធលើពោតនាំចូលពីអាម៉េរិកចំនួន ៧៣ភាគរយ។
យ៉ាងណាមិញ ថៃនៅពិចារណាលើទំហំនៃផលប៉ះពាល់លើការនាំចូលពោត ហើយថៃអាចកាត់បន្ថយពន្ធផលិតផលកសិកម្មពីអាម៉េរិកដល់សូន្យភាគរយ និងនាំចូលហ្គាសធម្មជាតិបន្ថែម។ លើសពីនេះ ក្រុមហ៊ុន Thai Airways នឹងទិញយន្តហោះពីអាម៉េរិកបន្ថែម។
សូមបញ្ជាក់ថា អាម៉េរិកជាទីផ្សារដ៏ធំមួយរបស់ថៃ ដោយមានទំហំរហូតដល់ ៥៤,៩៦ពាន់លានដុល្លារ។ ទន្ទឹមនេះ ទំហំអតុល្យភាពរវាងថៃ និងអាម៉េរិក មានដល់៤៥,៦ពាន់លានដុល្លារ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
