អង្គរសង្ក្រាន្ត​ ជាឱកាសទាក់ទាញទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង
  • ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
អង្គរសង្ក្រាន្ត​ ជាឱកាសទាក់ទាញទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង

«រដូវកាលបៃតង» (Green Season) ជាយុទ្ធនាការ​ដែល​ក្រសួងទេសចរណ៍ប្រើ​ដើម្បីដាក់ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» (Low Season) ហើយ​ក៏ទទួលបាន​ការគាំទ្រ​យ៉ាងពេញទំហឹង​ពី​សម្តេច ហ៊ុន ម៉ាណែត ​ផងដែរ។ ប្រមុ​ខ​រដ្ឋាភិបាល បានជំរុញសកម្ម​ភាពទេសចរណ៍​ក្នុង​រដូវកាលបៃតងពី​ខែមេសា ដល់ខែតុលា ហើយការបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសង្ក្រាន្ត​តាមបណ្តារាជធានី-ខេត្ត ជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍។
TTN-Free-Banner-In-Article-PC

 
ពី High-Low ទៅ High-Green
 
ក្នុងពិធីចែកសញ្ញាបត្រមួយកាលពីខែមីនា សម្តេច ហ៊ុន ម៉ាណែត បាន​ប្រតិកម្ម​ចំពោះមតិរិះគន់មួយចំនួន​ដែល​លើកឡើងថា ការ​រៀបចំអង្គរសង្ក្រាន្តជាការចំណាយ​លុយឥតប្រយោជន៍។ ត្រង់ន័យនេះ សម្តេច​មាន​ទស្សនៈផ្អែកទៅភាពជាក់ស្តែង ពោលគឺព្រឹត្តិការណ៍ដែល​រៀបចំដោយសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) ជាការរួមចំណែក​លើកកម្ពស់​វិស័យទេសចរណ៍ ជាពិសេសជីវភាពរស់នៅរបស់អ្នកសៀមរាប។ «ខែ High ខែ Low ឥឡូវឯកឧត្តម ហួត ហាក់ ថា ខែ Green »។ សម្តេច​បាន​ឯកភាព​ចំពោះការកំណត់​បែបនេះ របស់រដ្ឋមន្ត្រីទេសចរណ៍ ប៉ុន្តែសម្តេចណែនាំឱ្យធានា​កុំឱ្យមាន​គម្លាត​ខុសគ្នាឆ្ងាយ។
 
នាពិធីបុណ្យ​ទន្លេលើកទី​៩នៅខេត្តតាកែវ សម្តេច ហ៊ុន ម៉ាណែត​ បាន​លើកឡើងថា៖ «ក្នុង low season ឬ green season នេះ ធ្វើម៉េចដើម្បីទាញភ្ញៀវបាន។ អ៊ីចឹង​ឆ្នាំនេះ យើងបង្កើតព្រឹត្តិការណ៍អង្គរ (សង្ក្រាន)ហ្នឹងដើម្បីទាញឲ្យបានច្រើន។ ភ្ញៀវមកកាន់តែច្រើន គេស្គាល់យើងកាន់តែច្រើន បានផលប្រជាជនច្រើន»។
 
ជាទូទៅឱកាស​បុណ្យចូលឆ្នាំ ខ្សត់ភ្ញៀវអន្តរជាតិ

ពលរដ្ឋខ្មែរ​មួយចំនួន​បាន​យកឱកាស​នៃ​ពេល​ឈប់​សម្រាក​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី សម្រាប់ដំណើរ​កម្សាន្ត​នៅក្រៅប្រទេស ខណៈ​លំហូរភ្ញៀវអន្តរជាតិ​ចូលមក​កម្ពុជា​វិញ នៅ​មានកម្រិត។ បើតាម​លោក ស៊ិន ចាន់​សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចូលដល់ខែមេសា ជាទូទៅ​ គឺ​ដល់​រដូវកាល​ខ្សត់ភ្ញៀវអន្តរជាតិ។
 
លោកបាន​គូសបញ្ជាក់ថា អ្នកដែលហោះចូលមកកម្ពុជា នាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនេះ​ ភាគច្រើនលើសលុប ជាសាច់ញាតិអ្នកនៅក្នុងស្រុកតែម្តង។​​ ផ្ទុយពីចំនួនភ្ញៀវបរទេស​ចូលកម្ពុជា  នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ បែរជាមានពលរដ្ឋជាច្រើនចេញទៅលេងដើរកម្សាន្តនៅឯក្រៅប្រទេស។  
លោក ស៊ីន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ រូបថត៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រទេសដែលជាគោលទេសចរណ៍របស់ពលរដ្ឋខ្មែរនាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ រួមមាន ប្រទេសនៅ​តំបន់អឺរ៉ុប (បារាំង អ៊ីតាលី អាល្លឺម៉ង់) សហរដ្ឋអាម៉េរិក ឌូបៃ (អេមីរ៉ាតអារ៉ាប់រួម) អូស្រា្តលី ចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ រួមទាំងបណ្តាប្រទេសមួយចំនួន​ក្នុងតំបន់ ជាពិសេសវៀតណាម និងសិង្ហបុរី-ម៉ាឡេស៊ី។
 
តែយ៉ាងណាមិញ លោកស្រី ឆាយ ស៊ីវលីន​ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរខ្មែរប្រមាណ៦ម៉ឺននាក់ ដែលចេញទៅដើរលេងកម្សាន្តនៅបរទេស​នាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ គឺមានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២៤។ ការណ៍នេះ ក៏ព្រោះតែនៅក្នុងប្រទេសមានការរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្ត ស្ទើតែគ្រប់រាជធានី-ខេត្ត ជាពិសេស​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប​ ដើម្បីអបអរសាទរនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

កញ្ចប់ទេសចរណ៍ក្រៅបរទេស គឺអាស្រ័យទៅតាមប្រទេស និងតំបន់ ដែលពលរដ្ឋខ្មែរទៅដើរលេងកម្សាន្ត​។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថល​ថ្មីៗថា៖ « ការចំណាយរបស់ភ្ញៀវយើងទៅក្រៅប្រទេសឆ្នាំនេះ គឺមានភាពប្រយ័ត្នខ្លាំង។ មានន័យថា ទីកន្លែងដែលពួកគាត់ជ្រើសរើសដើរកម្សាន្តនោះ ក៏មានតម្លៃទាបជាងឆ្នាំមុនៗ ដោយពួកគាត់ទៅលេងដើរនៅកន្លែងមានកញ្ចប់ទេសចរទាប ដូចជា នៅចិន និងវៀតណាម ជាដើម»។
 
ព្រឹត្តិការណ៍សង្ក្រាន្ត​បង្កើនចរន្តទេសចរផ្ទៃក្នុង​
 
ពិតណាស់ ពិធីបុណ្យ​ចូលឆ្នាំពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា គឺចំរដូវកាលខ្សត់ភ្ញៀវ (Low Season) ប៉ុន្តែ​តាមរយៈ​ផែន​ការសកម្មភាពពិពិធកម្ម​កម្មវិធីឱ្យមាន​ភាពសម្បូរបែប ព្រឹត្តិការណ៍សង្ក្រាន្តតាម​បណ្តារាជធានី-ខេត្ត ជាពិសេសអង្គរសង្ក្រាន្ត​ ជាចំណែក​ដ៏សំខាន់ក្នុងការពង្រីក​ផលិត​ផលទេសចរណ៍​ក្នុងខែបៃតង។
 
លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា បាន​បញ្ជាក់ថា នាអំឡុងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សណ្ឋាគារ និងផ្ទះសំណាក់ ទទួលបានការ​កក់បន្ទប់ស្នាក់នៅស្ទើរតែពេញគ្រប់ទី​កន្លែង​​។ ទិន្នន័យនេះ បង្ហាញឱ្យឃើញថា បពលរដ្ឋដែលជាភ្ញៀវទេសចរក្នុងស្រុក ចាប់អារម្មណ៍ខ្លាំងទៅលើព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​នេះ។
 
«ចំនួនកក់សណ្ឋាគារ និងផ្ទះសំណាក់ដែលយើងទទួលបាន គឺមានការកើនឡើងច្រើន​ បើធៀបនឹងឆ្នាំមុនៗ។ ការកក់នោះ គឺមាននៅគ្រប់បណ្តាសណ្ឋាគារ អាចសណ្ឋាគារផ្កាយ៣ ផ្កាយ៤...ជាដើម។ ហើយក៏មានការកក់សណ្ឋាគារលំដាប់ខ្ពស់មួយចំនួនដែរ»។ នេះជាការ​អះអាងរបស់​លោក ឌុច សារ៉េត។
លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា។ រូបថត៖ Duch Sareth

តាមរយៈការកក់បន្ទប់ស្នាក់នៅនេះ​ បង្ហាញឱ្យឃើញថា ទេសចរក្នុងស្រុកផ្តោតអារម្មណ៍មកលេងកម្សាន្តខេត្តសៀមរាបច្រើន ។ ការណ៍នេះហើយធ្វើឱ្យលោក ឌុច សារ៉េត មានសុទិដ្ឋិ​និយមខ្ពស់ចំពោះកំណើនភ្ញៀវទេសចរផ្ទៃ ដែលមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
 
«ចំនួនភ្ញៀវទេស​ចរមកលេងអង្គរសង្ក្រាន្តសម្រាប់ឆ្នាំនេះ! ពិតប្រាកដណាស់ នឹងមានចំនួនកាន់​តែ​ច្រើន។​ នេះជារឿងដែលយើងគិតថា មិនខុសទេ ហើយវាពិតជាកើនឡើងច្រើនជាងរាល់ឆ្នាំ»។ លោកអនុប្រធានសមាគមទេសចរណ៍កម្ពុជាបានអះអាងបែបនេះ​ ដោយមើលឃើញថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចមូលដ្ឋាន។
 
លោកស្រី ឆាយ ស៊ីវលីន ក៏មើលឃើញដូចគ្នាពីកំណើនភ្ញៀវទេសចរក្នុងស្រុកក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តនេះផងដែរ។​  តែយ៉ាងណាមិញ លោកស្រី ក៏បានបង្ហាញការស្តោកស្តាយផងដែរ ចំពោះព្រឹត្តិការណ៍នេះ ដែលមិនអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនកុះករមកកាន់កម្ពុជា​។

«ភ្ញៀវទេសចរអន្តរជាតិ! នៅពេលយើងប្រកាស និងចែករំលែកទៅភាគីនៅក្រៅប្រទេសអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺមានការចាប់អារម្មណ៍ គ្រាន់តែថា ការប្រកាសរបស់យើងហាក់ដូច​ជា​កៀកពេលបន្តិច​ ធ្វើឱ្យអ្នកចាប់អារម្មណ៍ អត់អាចកក់សំបុត្រយន្តហោះបាន ហើយពិបាកក្នុងការផ្លាស់ប្តូរទិសដៅមកកម្ពុជា»។​ នេះជាការលើកឡើងរបស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។



តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ពីខែមករា-ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន​ ១,២៦៣,៩៨៥នាក់ កើន២៧,៩ភាគរយធៀបនឹងឆ្នាំ២០២៤​។​ ជាមួយគ្នានេះ ភ្ញៀវទេសចរខ្មែរ ដែលទៅកម្សាន្តនៅក្រៅប្រទេសមានចំនួន ៣១២,០៦៤នាក់ កើន១៨,៨ភាគរយ ផងដែរ។
 
បើតាម លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ចំនួនជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា​ ពីថ្ងៃទី២៤-៣១ខែមីនា គឺមាន៦១៤ជើង ឬស្មើនឹង១,២២ជើង(ទ្វេទិស)។  របាយការណ៍ បង្ហាញថា សប្តាហ៍ទី៣ នៃខែមីនា អាកាសយានអន្តរជាតិភ្នំពេញ មានជើងហោះហើរចំនួន ៤៣៣ជើង ឬស្មើ៨៦៦ជើង (ទ្វេទិស), ព្រលានយន្តហោះខេត្តព្រះសីហនុ មាន១៦៣ជើង ឬ ៣២៦ជើង (ទ្វេទិស)។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ពីថ្ងៃទី២៤ខែមីនា-ថ្ងៃទី៦ ខែមេសា  គឺមាន១៨ជើង ឬ៣៦ជើង (ទ្វេទិស)៕

 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន