ចូលឆ្នាំថ្មី ៖ «ធូប» ធ្វើដោយដៃអ្នកភូមិព្រះដាក់ ខេត្តសៀមរាប មិនសូវមានអ្នកទិញឡើយ
- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ «ធូប» គឺជាគ្រឿងបូជា ដែលត្រូវបានប្រើប្រាស់នៅគ្រប់ពិធីទាំងអស់។ នៅក្នុងពិធីចូលឆ្នាំថ្មី តម្រូវការគ្រឿងបូជានេះ នឹងរឹតតែមានតម្រូវការខ្ពស់។ ទោះជាយ៉ាងនេះក្តី «ធូប» ដែលធ្វើដោយដៃរបស់អ្នកភូមិព្រះដាក់ ខេត្តសៀមរាប ហាក់មិនទទួលបានការគាំទ្រពីអតិថិជន ក្នុងស្រុកទាល់តែសោះ។

អ្នកស្រី សៅ សែម អ្នកធ្វើ «ធូប»ចាស់វស្សាម្នាក់ នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ដូចឆ្នាំមុនៗដែរ ធូបរបស់អ្នកភូមិព្រះដាក់ មិនសូវទទួលបានការបញ្ជាទិញពីអតិថិជននោះទេ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ។ ការណ៍នេះ ទំនងមកពីកង្វះការផ្សព្វផ្សាយ និងការឱ្យតម្លៃពីអតិថជនក្នុងស្រុក ស្របពេលមនុស្សម្នាជាច្រើននិយមប្រើប្រាស់ធូបពីទីផ្សារ ដែលភាគច្រើន«ធូប»ទាំងនោះ ទំនងជានាំចូលពីក្រៅប្រទេស។
អ្នកស្រី សៅ សែម ប្រកបរបរធ្វើធូបរយៈពេល ១០ឆ្នាំហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកស្រី សង្កេតឃើញថា សន្ទុះនៃការគាំទ្រ «ធូប» ក្នុងស្រុក ថយចុះឥតឈប់ឈរ។ យ៉ាងណាមិញ ស្រ្តីវ័យ ៦៧ឆ្នាំរូបនេះ មិនដែលរំពឹងរកចំណូលបានច្រើន ពីរបរធ្វើ «ធូប» នេះទេ ប៉ុន្តែដោយសារការស្រលាញ់ និងចង់ថែរក្សាប្រពៃណីកុំឱ្យបាត់បង់ ទើបរូបគាត់ចចេះធ្វើ ទោះស្ថិតក្នុងលក្ខណ្ឌទីផ្សារចង្អៀតដ៏ដោយ។

លោកយាយ សៅ សែម ដែលជាអ្នកធ្វេីធូបលក្ខណៈគ្រួសារនៅក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រូបភាព៖ ញឹក ស្រីល័ក្ខ
ថ្ងៃខ្លះ អ្នកស្រី សៅ សែម អាចលក់ធូបបាន ៣ទៅ៥ដុំ តែថ្ងៃខ្លះ ក៏លក់មិនដាច់ដែរ។ ក្នុងមួយដុំមានធូប ១០០សរសៃ ដោយសម្រាប់ខ្នាត ៣០សង់ទីម៉ែត្រ មានតម្លៃ ៨០០០រៀល។ ខ្នាត ៥០សង់ទីម៉ែត្រ មានតម្លៃ ១២ ០០០រៀល និង១ម៉ែត្រ មានតម្លៃ ៣៥ ០០០រៀល។
អ្នកស្រី សៅ សែម ប្រាប់ដូច្នេះថា៖«ខ្ញុំអត់រំពឹងថា បានចំណូលច្រើនពីរបរធ្វើ «ធូប» នេះទេ ព្រោះជិតដល់ចូលឆ្នាំហើយ។ ចួនណា ក៏មានអ្នកទិញ ថ្ងៃខ្លះក៏អត់។ ខ្ញុំឃើញថា ឥឡូវគេទិញធូបមកពីផ្សារច្រើន។ ខ្ញុំជឿថា ប្រហែលជាគាត់មិនសូវស្គាល់ ហើយអត់សូវជឿជាក់លើខ្មែរយើង ដែលផលិតដោយដៃចេញពីធម្មជាតិ»។
ចំណែក អ្នកស្រី លី សាវឿន អ្នកផលិតធូបនៅភូមិព្រះដាក់ម្នាក់ទៀត បានលើកឡើងយ៉ាងខ្លីថា កៀកថ្ងៃចូលឆ្នាំហើយ ប៉ុន្តែមានអតិថិជនតិចតួចប៉ុណ្ណោះ ដែលបញ្ជាទិញធូបពីគ្រួសារអ្នកស្រី។ ទោះជាបែបណាក៏ដោយ ស្រ្តីវ័យ៥៧ឆ្នាំរូបនេះ មិនបានតូចចិត្តនោះទេ ដ្បិតយល់ថា បញ្ហានេះ បណ្ដាលមកពីកង្វះការផ្សព្វផ្សាយ ខណៈការផលិតរបស់ខ្លួនក៏ស្ដួចស្ដើង។
អ្នកស្រី ប្រាប់ដូច្នេះថា៖« សព្វថ្ងៃនេះ មានគេ(អតិថិជន) មកទិញធូបដែរ តែមិនច្រើនទេ។ ខ្ញុំគិតថា ប្រហែលអត់សូវដឹង បានអត់សូវមានទិញ។ ម្យ៉ាង បើគេទិញច្រើន ក៏ពួកខ្ញុំធ្វើមិនទាន់ដែរ ព្រោះអីយើងធ្វើពីធម្មជាតិ និងផលិតដោយដៃ»។
អ្នកស្រី សៅ សែម និងអ្នកស្រី លី សាវឿន អាចផលិតធូបបានចន្លោះពី ៣ ទៅ៥ដុំប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ការធ្វើធូបដោយដៃនេះ ត្រូវចំណាយពេលយូ ជាពិសេសស្វែងរកគ្រឿងផ្សំពីធម្មជាតិជាច្រើន ដូចជា ល្មៀត ដើមពោល្យំ ពុំសែន វល្លិឆ្នូត និងអាចម៍រណារ ជាដើម។ ក្នុងចំណោម វត្ថុធាតុដើមទាំងនោះ មានខ្លះទាមទារឱ្យអ្នកភូមិព្រះដាក់ ធ្វើដំណើរទៅរកដល់ខេត្តព្រះវិហារ។
ចុងក្រោយ ស្រ្តីចំណាស់ទាំង២រូប បានអំពាវនាវពលរដ្ឋជួយគាំទ្រ «ធូប» ខ្មែរឱ្យបានកាន់តែច្រើន ដើម្បីផ្ដល់ប្រាក់ចំណូលលើកកម្ពស់ជីវភាពអ្នកផលិត ជាពិសេស ចូលរួមអភិរក្សប្រពៃណី និងទំនៀមទម្លាប់កុំឱ្យបាត់បង់៕





អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: