- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

សៀមរាប៖អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម រៀបចំកម្មវិធីពិសេសចំនួនពីរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺព្រឹត្តិការណ៍រាត្រីភ្លឺផ្លេក និងការសម្ដែងនាងទេពមច្ឆា។ បើតាមកញ្ញា ខុន សុភ័ក្រ ព្រឹត្តិការណ៍ទាំងពីរនេះ ជាព្រឹត្តិការណ៍កម្រ ដែលមានក្នុងឱកាសពិសេសៗ ឬពីធីបុណ្យទានប៉ុណ្ណោះ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា ខុន សុភ័ក្រ បុគ្គលិកនៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម បានឱ្យដឹងថា អាងពិព័រណ៍ត្រី និងសត្វព្រៃ នឹងរៀបចំព្រឹត្តិការណ៍ចំនួនពីរ ដើម្បីទទួលទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប ដោយព្រឹត្តិការណ៍ទី១នោះ គឺរាត្រីភ្លឺផ្លេក ឬAWA New Year’s Light Celebration ដែលជាទស្សនីយភាពថ្មីមួយ ដែលត្រូវបានរៀបចំតុបតែងសួនឧទ្យានជាមួយពន្លឺភ្លើងភ្លឺផ្លេករស់រវើក លម្អដោយផ្កាចម្រុះ និងរូបភាពសត្វផ្សេងៗ។
បើតាមកញ្ញា សុភ័ក្រ ព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធថ្មីប្លែក ពីការតុបតែងលម្អដោយពន្លឺភ្លើង ដែលគួរឱ្យទាក់ទាញ ក្រៅពីទស្សនាប្រភេទត្រីកម្រ និងសត្វងាយរងគ្រោះដែលមានវត្តមាននៅ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។
ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមទទួលទេសចរពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់។ ឯតម្លៃសំបុត្រចូលទស្សនាវិញ ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ សម្រាប់មនុស្សគ្រប់វ័យ។
ចំណែកព្រឹត្តិការណ៍ពិសេសទី២ គឺការសម្ដែងនាងទេពមច្ឆា ឬ Mermaid Show។ កម្មវិធីនេះជាការសម្ដែងនាងទេពមច្ឆា ដែលមនុស្សភាគច្រើនធ្លាប់បានស្គាល់តាមរយៈរឿងតុក្កតា ឬព្រេងនិទាន បន្ថែមពីលើការចូលទស្សនាសត្វត្រីកម្រ និងសត្វព្រៃនានា នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។
ការសម្ដែងនាងទេពមច្ឆានេះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការសម្ដែង៤ដងក្នុងមួយថ្ងៃ គឺនៅម៉ោង១០ព្រឹក, ១១កន្លះព្រឹក និងពេលរសៀលនៅម៉ោង២ និងម៉ោង៤។
គួរជម្រាបផងដែរថាAngkor Wildlife and Aquarium ជាគោលដៅទេសចរណ៍ទាក់ទាញមួយ ក្នុងខេត្តសៀមរាប ដែលបង្ហាញពីជីវៈចម្រុះសម្បូរបែប របស់កម្ពុជា។ ពីអាងចិញ្ចឹមត្រី ដែលបង្ហាញពីជីវិតរស់រវើក ពីទន្លេ សមុទ្រ ទាំងក្នុងតំបន់ និងក្រៅតំបន់ រហូតដល់ប្រភេទសត្វព្រៃជាច្រើនប្រភេទ។ លើសពីការទស្សនាកម្សាន្តទីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់ការអភិរក្ស និងការយល់ដឹងអប់រំពីបរិស្ថាន សត្វព្រៃ ទៅកាន់សាធារណជន។
Angkor wildlife and Aquarium ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ដើម្បីភាពងាយស្រួល លោកអ្នកនាង អាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬចុចតំណភ្ជាប់នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it។
ព័ត៌មានបន្ថែមលោអ្នកនាង អាចទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០៨១ ៥០២ ៥៥៥ និង ០៦១ ៥០២ ៥៥៥៕
អ្នកសរសេរអត្ថបទ
