- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំជាមួយសហព័ន្ធកីឡាជាតិ ចំនួន១៧ ដែលមានភារៈកិច្ចត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games) នៅប្រទេសបារ៉ែន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី១១ មេសា ឆ្នាំ២០២៥ ក្នុងគោលដៅត្រៀមលក្ខណៈទៅប្រកួត និងការទទួលទង់ម្ចាស់ផ្ទះ បន្ដវេន សម្រាប់ឆ្នាំ២០២៩។
បារ៉ែន នឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២២-៣១ ខែតុលា។ កម្ពុជា នឹងចូលរួមព្រឹត្តិការណ៍នេះ លើ១៧ប្រភេទកីឡា មានដូចជា៖ ហែលទឹក(កីឡាបាល់ទះលើទឹក), អត្តពលកម្ម, វាយសី, បាល់បោះ, យូដូ, ជឺជីតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល។
ដោយឡែក ចំនួនប្រតិភូកីឡា គ្រូបង្វឹក អត្ដពលិក និងវិញ្ញាសា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់អាចបញ្ជាក់ថាមានចំនួនប៉ុន្មាននាក់ឡើយ ដោយត្រូវរង់ចាំកិច្ចប្រជុំមួយ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះចំនួនអត្ដពលិកទៅចូលរួមតិច ឬច្រើន លោក វ៉ាត់ ចំរើន ត្រូវពង្រឹងលើគុណភាព និងប្រសិទ្ធភាព ក្នុងការប្រកួត និងស្វែងរកលទ្ធផលល្អ។
អគ្គលេខាធិការរូបនេះ បាននិយាយថា៖«ក្នុងចំណោមប្រភេទកីឡាដែលយើងបញ្ជូនទៅ មិនទាន់កំណត់អត្តពលិកប៉ុន្មាននាក់ទេ គឺចំនួនស្ថិតក្នុងការវាយតម្លៃ របស់គណៈកម្មការជ្រើសរើសហើយស្នើសុំការសម្រេចពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះទាំងអស់នេះយើងត្រូវតែកំណត់គ្នាថា ទោះបីទៅតិច ទៅច្រើនក៏ដោយ តែត្រូវមានប្រសិទ្ធភាព និងគុណភាព។ ទៅតិចក៏បានលទ្ធផលល្អ ទៅច្រើនក៏បានលទ្ធផលល្អ។»។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិទាំងនេះ គឺដើម្បីបញ្ជ្រាបព័ត៌មាន ក៏ដូចជាពិនិត្យការងារសំខាន់ៗ ដែលត្រូវពន្លឿន និងពង្រឹងការត្រៀមលក្ខណៈ បានប្រសើរ ដូចជាឯកសារ និងកិច្ចការរដ្ឋបាលផ្សេងៗរបស់ប្រតិភូ គ្រូបង្វឹក និងអត្ដពលិក សម្រាប់ចុះឈ្មោះចូលរួមព្រឹត្តិការណ៍។
ក្នុងកិច្ចប្រជុំដដែលនេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជា ក៏ត្រូវត្រៀមលក្ខណៈទទួលទង់ធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ផងដែរ។ កម្ពុជា ក៏នឹងបញ្ជូនប្រតិភូសិល្បៈ ទៅសម្ដែង ក្នុងពិធីទទួលទង់កីឡាយុវជនអាស៊ីនេះ។ នេះ បើតាមការបញ្ជាក់ពី អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិករូបនេះ៕
អ្នកសរសេរអត្ថបទ
