- ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

ការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាចោលឈូង បោះអង្គញ់ លាក់កន្សែង ខួង ខ្លែងឆាបកូនមាន់ ហាក់មិនសូវទទួលបានការពេញនិយមលេងកម្សាន្តច្រើនឡើយពីសំណាក់ យុវជនខ្មែរ។ ផ្ទុយទៅវិញ ការលេងប៉ាត់ម្សៅ ការលេងបាញ់ទឹក និងរាំចង្វាក់កន្ត្រាក់របស់បរទេស បែរជាពេញនិយមខ្លាំងសម្រាប់យុវជនក្នុងកម្មវិធី សង្ក្រាន្ដ។ ហេតុនេះ នៅក្នុងពិធីបុណ្យឆ្នាំខ្មែរនេះ រដ្ឋបាលខេត្តមួយចំនួន បានរៀបចំល្បែងកម្សាន្ដបែបប្រជាប្រិយ រួមជាមួយកីឡាអត្ដសញ្ញាណ ដើម្បីលេងកម្សាន្តនៅក្នុងកម្មវិធី។
នៅក្នុងឆ្នាំ២០២៥នេះ បណ្តារាជធានី-ខេត្តនានានៅកម្ពុជា នឹងរៀបចំសង្ក្រាន្ដឆ្នាំថ្មី ដោយនៅក្នុងកម្មវិធីនោះ មានការលេងល្បែងកម្សាន្ដដូចជា ចោលឈូង បោះអង្គញ់ លាក់កន្សែង ខួង ជាដើម។ ក្រៅពីនេះ នៅក្នុងខេត្តខ្លះ ក៏បានដាក់បញ្ចូល កីឡាអត្ដសញ្ញាណផងដែរ ដូចជា គុនខ្មែរ គុនល្បុក្កតោ អុកចត្រង្គ ទាញព្រ័ត្រ ប្រណាំងគោ ក្របីជាដើម។ អង្គរសង្ក្រាន្ដ ត្រូវបាន ស.ស.យ.ក. និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំឲ្យមានការប្រកួតអុកចត្រង្គ ការ សម្ដែងគុនល្បុក្កតោ ការបង្ហាញពីភូមិយុទ្ធគុនដូនតាខ្មែរ ការលេងល្បែងទាញព្រ័ត្រ និងកីឡាផ្សេងៗទៀត ដើម្បីកម្សាន្ដ។
រីឯ ខេត្តកំពត រដ្ឋបាលខេត្តនេះ ក៏មានរៀបចំការប្រកួតអុកចត្រង្គ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដ ផងដែរ។ ក្រៅពីនេះ ក៏មានការរៀបចំកន្លែងសម្រាប់រាំ និងកន្លែងលេងល្បែងប្រជាប្រិយ ដូចគ្នាទៅនឹងសង្ក្រាន្ដនាខេត្តផ្សេងទៀតដែរ។
ការសម្ដែងគុនល្បុកកតោ
ដោយឡែក រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំការរត់ពាក់កណ្ដាលម៉ារ៉ាតុង ជុំវិញបឹងកន្សែង នាថ្ងៃទី១២ ខែមេសា មុនពេលចូលឆ្នាំខ្មែរ ២ថ្ងៃ។ នេះគឺជាលើកដំបូង ដែលរដ្ឋបាលខេត្តនេះ បានរៀបចំឲ្យមានការរត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីអបអរពិធីចូលឆ្នាំខ្មែរ។ រីឯ អំឡុងពេលចូលឆ្នាំ រដ្ឋបាលខេត្ត ក៏មានរៀបចំឲ្យមានការជិះកង់ប្រណាំង និងការសម្ដែងគុនល្បុក្កតោផងដែរ។ ក្រៅពីខេត្ត ៣ ខាងលើនេះ ក៏នៅមានខេត្តផ្សេងទៀត ដែលរៀបចំសង្ក្រាន្ដឆ្នាំខ្មែរ ផងដែរ។
កញ្ញា មាស តឿ អគ្គលេខាធិការរងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា យល់ថាការលេងល្បែងប្រជាប្រិយ និងប្រពៃណីខ្មែរ ព្រមទាំងកីឡាអត្ដសញ្ញាណ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដ គឺជាការថែរក្សា និងផ្សព្វផ្សាយនៅវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។
«យើងលេងល្បែងកម្សាន្ដ មានទាញព្រ័ត្រជាដើមនេះ ជាការថែរក្សាវប្បធម៌យើង ព្រោះល្បែងកម្សាន្ដមួយចំនួន មានជារូបចម្លាក់នៅតាមប្រាសាទបុរាណយើង។»។ អគ្គលេខាធិការរងរូបនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមបណ្តាញតេលេក្រាមដូច្នេះ៕
ការលេងលោតប៉ាវ
ការប្រកួតអុកចត្រង្គ
អ្នកសរសេរអត្ថបទ
