- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៣០ នាទី ព្រឹក

ក្នុងជម្លោះសង្គ្រាមពាណិជ្ជកម្ម រដ្ឋអំណាចចិនហាក់កំពុងតែតាំងខ្លួនជាវីរបុរសការពារប្រទេសក្រីក្រ និងងាយរងគ្រោះព្រោះការដំឡើងពន្ធគយរបស់មហាអំណាចអាមេរិក។ ថ្លែងប្រាប់ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក មន្ត្រីជាន់ខ្ពស់ចិនបានចោទប្រកាន់ថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសក្រីក្រនិងទន់ខ្សោយ។
មហាអំណាចអាមេរិក ធ្វើព្យុះធ្វើភ្លៀងឥតល្ហែ ដោយដំឡើងរនាំងពន្ធគយមិនចេះឈប់ឈរ បង្កឲ្យក្រឡាប់ចក្រ ហើយអស្ថិរភាពក្នុងពិភពលោក។ ភាពស្រពិចស្រពិល និងភាពចលាចល មិនត្រឹមតែប៉ះពាល់ដល់ដំណើរពិភពលោកទាំងមូលប៉ុណ្ណោះទេ សូម្បីតែផ្ទៃក្នុងអាមេរិកខ្លួនឯងក៏រំជើបរំជួលដែរ។ ទាំងនេះ ជាប្រសាសន៍របស់លោក Wang Wentao រដ្ឋមន្ត្រីពាណិជ្ជកម្មចិន។ រដ្ឋមន្ត្រីចិនបានថ្លែងប្រាប់លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ។
តាមរយៈសេចក្តីថ្លែងការណ៍ ពីថ្ងៃសៅរ៍ ទី១២មេសា ក្រសួងពាណិជ្ជកម្មចិនហាក់តាំងខ្លួនជាវីរបុរសការពារផលប្រយោជន៍ប្រទេសក្រីក្រដែលត្រូវគេធ្វើបាប។ រដ្ឋអំណាចចិនវាយតម្លៃថា ការបញ្ឆេះភ្លើងសង្គ្រាមពាណិជ្ជកម្មពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គឺជាការបង្ក«គ្រោះថ្នាក់ធ្ងន់ធ្ងរ»ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលក្នុងចំណោមនោះមានប្រទេសក្រីក្រយ៉ាងច្រើនសន្ធឹក ហើយទង្វើរបស់អាមេរិកដូច្នេះ អាចនឹងបណ្តាលឲ្យមាន«វិបត្តិមនុស្សធម៌»ដ៏អាក្រក់។
បើតាមទិន្នន័យរបស់គយចិន ក្នុងចំណោមទំនិញផលិតផលចិនទាំងមូលដែលនាំចេញទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានតំណាងឲ្យប្រមាណ ១៦,៤% ដែលស្មើនឹងទំហំផ្លាស់ប្តូរពាណិជ្ជកម្ម ប្រហែលជា ៥០០ ពាន់លានដុល្លារ។ ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះបង្ហាញពីឱនភាពជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង២។ ម្ល៉ោះហើយ ទើបប្រធានាធិបតី ដូណាល់ ត្រាំ ចេះតែរករឿងចិន និងបន្ទោសចិនថាលួចកេញចំណេញពីអាមេរិក។ ការដាក់ពន្ធឲ្យធ្ងន់សង្កត់កចិន ជាវិធានការចំពោះមុខ ដើម្បីឈានទៅរកកិច្ចចរចាពាណិជ្ជកម្ម ដែលលោក ដូណាល់ ត្រាំ គិតថានឹងអាចផ្តល់ប្រយោជន៍ល្អដល់អាមេរិក។
ថ្ងៃព្រហស្បតិ៍ ទី១០មេសា ចៅហ្វាយសេតវិមានអាមេរិក បានផ្អាកការដំឡើងពន្ធបន្ថែមលើអឺរ៉ុប រយៈពេល៣ខែសិន ក៏ប៉ុន្តែ បុរសខ្លាំង ដូណាល់ ត្រាំ នៅតែបន្តសង្កត់កចិន ដោយដំឡើងពន្ធបន្ថែមដល់ ១៤៥% (បូកសរុបគ្រប់លើក) ចំពោះផលិតផលនាំចូលពីស្រុកចិន។
ដោយមិនតត់ស្លុតនឹងការកំញើញរបស់អាមេរិក រដ្ឋអំណាចចិនបានប្រកាសវិធានការវាយបក ដោយដំឡើងពន្ធនាំចូលទំនិញពីអាមេរិក រហូតដល់ ១២៥% វិញដែរ។
ការវាយបកដំឡើងពន្ធទំនិញដាក់គ្នាទៅវិញទៅមក រវាងមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២ បង្កឲ្យមានភាពជ្រួលច្របល់វឹកវរសេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែង តម្លៃមាសឡើងថ្លៃកប់ពពក ពិភពជំនួញ ក្រឡុកក្រឡាប់ចក្រ ហើយរំញ្ជួយទីផ្សារភាគហ៊ុនគ្រប់ទីកន្លែង៕
ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)
