ថៃរំពឹងទទួលភ្ញៀវបរទេសជាង ៤៧ម៉ឺននាក់ អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣០ នាទី ល្ងាច
ថៃរំពឹងទទួលភ្ញៀវបរទេសជាង ៤៧ម៉ឺននាក់ អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី
ការលេងជះទឹកនៅថ្ងៃចូលឆ្នាំថៃ ២០២៤ ។ រូបភាព ៖ AFP

ថៃរំពឹងថា នឹងរកចំណូលបាន ជាង ២៦,៥ ពាន់លានបាត (៧៦៣លានដុល្លារ) អំឡុងថ្ងៃ បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ដែលជាការរំពឹងក្នុងកំណើន ៨ភាគរយ បើប្រៀបធៀបឆ្នាំមុន។ ក្នុង​នោះ ប្រទេសនេះ រំពឹង​មាន​ទេសចរ​បរទេស​ ប្រមាណ ៤៧៦ ០០០នាក់ ដែលកើន​ឡើង ៣ភាគរយ ធៀបគ្រាដូចគ្នាឆ្នាំមុន។

TTN-Free-Banner-In-Article-PC
 

ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ថៃ បានស្វាគមន៍ទេសចរបរទេស​ជាង ១០ លាននាក់ ដែលបង្កើតប្រាក់ចំណូលជិត ៥០០ ពាន់លានបាត (១៤,៣ពាន់​លាន​ដុល្លារ)។ នេះបើតាមសារព័ត៌មាន Khaosod ស្រង់ទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡា​ថៃ។ 

បើតាមក្រសួងទេសចរណ៍ថៃ អំឡុងថ្ងៃចូលឆ្នាំថ្មី ២០២៥ ការមកដល់របស់ទេសចរបរទេស​នឹងកើនឡើងបន្ថែមទៀត ដោយសារកត្តាផ្សព្វផ្សាយ រួមទាំងការឈប់សម្រាកសិក្សា​នៅ​អឺរ៉ុប និងវិធានការផ្តល់ភាពងាយស្រួលនៃការធ្វើដំណើររបស់រដ្ឋាភិបាលថៃ ក៏ដូចជាការ​លើកលែងតម្រូវការកាតអន្តោប្រវេសន៍ TM6 និងលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍ បង្កើនជើងហោះហើរជាដើម។  

ក្រុមហ៊ុន Airports of Thailand Public Company Limited បានប៉ាន់ស្មានជើងហោះហើរ ចន្លោះថ្ងៃទី ១១-១៧ ខែមេសា ដោយជើងហោះហើរអន្តរជាតិ មានចំនួន ២៦៧ ៦០៣ជើង កើនឡើង ៩,១ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ សម្រាប់ជើងហោះហើរក្នុងស្រុក មានចំនួន ២១៣ ៧៩២ជើង កើនឡើង ២២,៧ភាគរយ។  

សម្រាប់អ្នកដំណើរសរុបក្នុងរយៈពេល ៧ថ្ងៃខាងលើនេះ ក្រុមហ៊ុនប៉ាន់ស្មានថា មានចំនួន ៧៩ ១៩១ ៤៣១នាក់ កើនឡើង ១៨,៣ភាគរយ។ ក្នុងនោះអ្នកដំណើរអន្តរជាតិ មានចំនួន  ៤៨ ២៤៣ ៨៤៥នាក់ កើនឡើង ១៤,១ភាគរយ។  

ទន្ទឹមនេះ អាកាសយានដ្ឋានអន្តរជាតិទាំង៦ របស់ថៃរួមមាន សុវណ្ណភូមិ ដូនមឿង ឈៀង​ម៉ៃ ម៉ែហ្វាហ្លួង-ឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ) នឹងបង្កើនបុគ្គលិកដើម្បីត្រួត​ពិនិត្យស្ថានីយ​អ្នកដំណើរ និងជួយក្នុងការផ្ទៀងផ្ទាត់ឯកសារធ្វើដំណើរ។ 

លើសពីនេះ អាកាសយានដ្ឋានចំនួន៤ នឹងផ្តល់ជូនកន្លែងចតរថយន្ត​ ដោយឥតគិតថ្លៃ​ចាប់​ពីថ្ងៃទី១២-១៦ ខែមេសា៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង