ចូលឆ្នាំ៖ កសិករពិបាករក«មាន់ស្រែ» ផ្គត់ផ្គង់ឱ្យអ្នកទិញ ព្រោះតម្រូវការខ្ពស់ពេក
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី យប់
ចូលឆ្នាំ៖ កសិករពិបាករក«មាន់ស្រែ» ផ្គត់ផ្គង់ឱ្យអ្នកទិញ ព្រោះតម្រូវការខ្ពស់ពេក
រូបភាព៖ កសិដ្ឋានមាន់ស្រែ ស្វាយរៀង

ភ្នំពេញ៖ តម្រូវការ «មាន់ស្រែ» កាន់តែកើនឡើងខ្លាំង​ក្នុងអំឡុងពេល​កម្ពុជា ត្រៀមប្រារព្ធ​ពិធីបុណ្យចូលឆ្នាំខ្មែរ។ ការណ៍នេះ ធ្វើឱ្យកសិករខ្លះបង្ហាញការស្ដាយ ដែលពុំមានលទ្ធភាព​ផ្គត់ផ្គង់ទីផ្សារតាមការចង់បាន។

TTN-Free-Banner-In-Article-PC

លោក តូច សេង ស្ថិតក្នុងចំណោមកសិករម្នាក់នៅខេត្តស្វាយរៀង ដែលខ្វះលទ្ធភាព​ផ្គត់​ផ្គង់​មាន់ស្រែ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ លោក បានរៀបរាប់ថា​ ជាធម្មតា​កសិដ្ឋានរបស់លោក មានមាន់លក់ចេញជាហូរហែ​ ប៉ុន្តែនៅពេលតម្រូវការ និងតម្លៃកើន​ឡើង បែរជាលោកមិនមានមាន់ច្រើន សម្រាប់លក់ទៅវិញ។

ម្ចាស់កសិដ្ឋានខ្នាតតូចរូបនេះ បង្ហាញការសោកស្ដាយ ដ្បិតថ្ងៃចូលឆ្នាំខ្មែរនេះ លោក មាន​មាន់​ប្រហែល ៣០ ក្បាលប៉ុណ្ណោះ សម្រាប់លក់ឱ្យអតិថិជនក្នុងតំបន់។

បច្ចុប្បន្ន មាន់ស្រែមានតម្លៃចន្លោះពី១៨០០០រៀល ទៅ២០០០០រៀល ក្នុងមួយគីឡូក្រាម ធៀប​នឹងថ្ងៃធម្មតាបានតម្លៃក្រោម១៧០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ មូលហេតុ​មាន់ស្រែត្រូវប៉ាន់ ដោយសារវាមានរសជាតិឆ្ងាញ់ជាងមានចិញ្ចឹមផ្សេងៗ ស្របពេលតម្លៃ​សាច់គោ និងសាច់ជ្រូកឡើងថ្លៃដែរនោះ ក៏ជាកត្តាជំរុញឱ្យពលរដ្ឋកាន់តែច្រើន ​ងាកមក​ទទួលទានមាន់ស្រែវិញ។ នេះបើតាម លោក តូច សេង។ 

លោក តូច សេង ប្រាប់ដូច្នេះថា៖ «សម្រាប់ចូលឆ្នាំខ្មែរ គេចូលចិត្តហូបមាន់ស្រែណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ គួបផ្សំបច្ចុប្បន្ន សាច់គោ និងសាច់ជ្រូកឡើងថ្លៃប្រហាក់ប្រហែល​សាច់មាន់ដែរ ដូច្នេះការបញ្ជាទិញ និងការលក់របស់ខ្ញុំក៏ប្រសើរដែរ។ ប៉ុន្តែស្ដាយដែលអត់​សូវមានមាន់លក់។»។  

ចំណែក លោក ភូ ធា កសិករម្នាក់មកពីខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា មុនចូលឆ្នាំប៉ុន្មានថ្ងៃ លោកលក់មាន់បានប្រមាណ ១០០ក្បាល រួចទៅហើយ។ សម្រាប់ថ្ងៃចូលឆ្នាំ លោកនៅ​សល់មាន់តែ ៤០ ក្បាលប៉ុណ្ណោះ សម្រាប់លក់រាយបែបលក្ខណៈគ្រួសារ។ 

មិនខុសពី លោក តូច សេង ប៉ុន្មានទេ លោក ភូ ធា បានអះអាងថា ឆ្នាំនេះពលរដ្ឋនិយម​បរិភោគមាន់ស្រែច្រើន។ រីឯតម្លៃដែលលោកទទួលបាន ក៏ល្អប្រសើរផងដែរ។ នៅប៉ែក​ស្រុក​សំរោង ខេត្តកំពង់ស្ពឺ មាន់ស្រែមានតម្លៃលក់រាយចន្លោះពី ១៩ ០០០រៀល ទៅ ២០ ០០០​រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងថ្ងៃធម្មតា បានត្រឹម ១៤ ០០០ រៀលប៉ុណ្ណោះ ក្នុង​មួយគីឡូក្រាម។​

លោក ភូ ធា ប្រាប់ដូច្នេះថា៖ «ឆ្នាំនេះ មាន់ស្រែ គេត្រូវការច្រើនណាស់។ ហើយឥឡូវ ខ្ញុំ​ឡើងអស់មានលក់ឱ្យគេ(អតិថិជន)ហើយ។ គ្រាន់តែមុនចូលឆ្នាំប៉ុន្មានថ្ងៃ​ ខ្ញុំលក់​អស់​ប្រ​ហែល ១០០ ក្បាល។ នៅថ្ងៃចូលឆ្នាំ ខ្ញុំសល់ប្រហែល ៤០ក្បាលដែរ ប៉ុន្តែ គេបានកក់ទុក​អស់ហើយ។»។

បើតាមកសិករទាំងពីរ​ មាន់ស្រែ ងាយស្រួលចិញ្ចឹម ដោយគ្រាន់តែលែងចោលក្នុងទីធ្លាផ្ទះ ឬ​ចម្ការ ហើយក្នុងមួយថ្ងៃ គេផ្ដល់ចំណីតែម្ដង ឬពីរដងប៉ុណ្ណោះ។ មាន់មួយក្បាលត្រូវ​ចំ​ណាយពេលចិញ្ចឹមជាង៣ខែ ទើបបានទម្ងន់ ១,២ ទៅ១,៥គីឡូក្រាម៕ 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា