កម្ពុជាបានចំណូល ៧៥៥លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងត្រីមាសទី១
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០០ នាទី ព្រឹក
កម្ពុជាបានចំណូល ៧៥៥លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងត្រីមាសទី១
រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក)

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជារកបានចំណូលប្រមាណ ៧៥៥លានដុល្លារ ពីការនាំចេញអង្ករ ២១១ពាន់តោន និងស្រូវ ២,៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។

TTN-Free-Banner-In-Article-PC

យោងតាមទិន្ន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា​ (ស.អ.ក.) នៅថ្ងៃទី១២ ខែមេសា ចាប់ពីខែមករា ដល់មីនា កម្ពុជានាំចេញអង្ករបាន ២១១ ០៥៨ តោន ទៅកាន់ ៥៥គោលដៅ ដែលគិតជាទឹកប្រាក់ចំនួន ១៦០,៥១លានដុល្លារ។ ក្នុងពេលដដែលនេះ កម្ពុជាក៏បាននាំចេញស្រូវ ២ ៤៤០ ៥២៤ តោន ឬមានតម្លៃ ៥៧៥,៣២លានដុល្លារ ទៅកាន់ប្រទេសជិតខាងផងដែរ។ 

សហគមន៍អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ ​ក្នុងទំហំ ១០៦ ៥១៣ តោន ឬគិតជាទឹកប្រាក់ចំនួន ៨៤,៨៣ លានដុល្លារ។ ចិន និងតំបន់រដ្ឋបាលស្វយ័ត ឈរនៅលេខ២ ដែលបានបញ្ជាទិញក្នុងបរិមាណ ៣៧ ៨២១ តោន ឬស្មើ ២២,៥៩ លានដុល្លារ។ តាមពីក្រោយដោយ ប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ៣៤ ៩២៣ តោន ឬ ២៤,៩៥ លានដុល្លារ និងចុងក្រោយ គឺតំបន់អាហ្រ្វិក មជ្ឈឹមបូព៌ា ដែលបានបញ្ជាទិញក្នុងរង្វង់ ៣១ ៨០១ តោន ឬស្មើ ២៨,១៤ លានដុល្លារ។  

អង្ករក្រអូបគ្រប់ប្រភេទ បានគ្រប់ដណ្ដប់ការនាំចេញច្រើនជាងគេរហូតដល់ ៨១ភាគរយ។ ក្រៅពីនោះក៏មានការរួមចំណែកពី អង្ករសគ្រាប់វែង, អង្ករចំហុយ និងអង្ករសរីរាង្គផងដែរ។ នេះបើតាម ស.អ.ក.។ 

​សូមជម្រាបថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ១ ៩៨៧,១៩ លានដុល្លារ ពីការនាំចេញស្រូវ ជាង​ ៥ ​លាន​​តោន និង​អង្ករជាង ៦៥ម៉ឺនតោន ទៅ​កាន់ទីផ្សារអន្តរជាតិ៕


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា