- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ រដ្ឋាភិបាល បានអនុម័តផែនការអភិវឌ្ឍន៍ «តំបន់ខ្នងផ្សារ» ដោយចាប់ផ្ដើមពីការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាមុនសិន។ ផែនការអភិវឌ្ឍន៍នេះ មានទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែមេសា បានដឹកនាំកិច្ចប្រជុំមួយស្តីពី «ការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ» ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដោយមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក។
ក្នុងកិច្ចប្រជុំនេះ ស្ថានប័នពាក់ព័ន្ធ បានពិភាក្សាលើលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវជាយុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកាន់តំបន់ភ្នំខ្នងផ្សារ។
ក្រៅពីផ្លូវ រដ្ឋាភិបាលក៏នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា ទីតាំងចតរថយន្ត, បន្ទប់ទឹក ,កន្លែងងូតទឹក, មជ្ឈមណ្ឌលព័ត៌មាន, មជ្ឈមណ្ឌលសង្គ្រោះបឋម, អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម។ រចនាបថនៃហេដ្ឋារចនាទាំងនេះ នឹងចាក់បញ្ចូលនូវស្ថាបត្យកម្មខ្មែរ និងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនី។ ទន្ទឹមនេះ រដ្ឋក៏គិតគូរដាំដើមឈើឡើងវិញដែរ ដើម្បីបង្កើនសោភ័ណភាពធម្មជាតិនៃតំបន់នេះ។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មួយនេះតម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងសហការឱ្យបានជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់និងបន្ទាន់របស់រដ្ឋាភិបាល ដើម្បីបម្រើឱ្យប្រយោជន៍សហគមន៍មូលដ្ឋាន។
គួរបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់យកគម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារឱ្យក្លាយជាគោលដៅលំហែបៃតងគំរូដំបូងគេបង្អស់នៅកម្ពុជា។ ប្រមុខរដ្ឋាភិបាលរូបនេះ មានជំនឿយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញទេសចរ ដោយនៅតែរក្សាបាននូវតុល្យភាពនៃបរិស្ថាន និងសោភ័ណភាពធម្មជាតិ។
ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុម៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នេះបើតាមក្រសួងបរិស្ថាន ដោយបន្ថែមថា នៅទីនោះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល ១ ០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ។ ភ្នំនេះ មានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
