លោកដូណាល់ ត្រាំ តឿនឲ្យរុស្សីត្រូវតែប្រញាប់រួសរាន់​រកដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣០ នាទី រសៀល
លោកដូណាល់ ត្រាំ តឿនឲ្យរុស្សីត្រូវតែប្រញាប់រួសរាន់​រកដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន
សំណេររបស់​លោកដូណាល់ ត្រាំ នៅ​បណ្តាញសង្គម Truth Social ថ្ងៃទី​១១មេសា​២០២៥ © RFI

នៅក្នុងសំណុំរឿងអ៊ុយក្រែនឯនោះវិញ លោក​ដូណាល់ ត្រាំ ហាក់​បង្ហាញ​ការអត់ទ្រាំ​កាន់តែលែងបាន នៅចំពោះមុខ​ដំណើរអូសជើងរបស់ភាគីរុស្ស៊ី​។ កាលពីថ្ងៃសុក្រ ទី​១១មេសា លោក​ដូណាល់ ត្រាំ បាន​បង្ហោះសារ​សរសេរតឿន​ថា រុស្ស៊ី​ត្រូវតែប្រញាប់រូតរះឡើង​ ដើម្បីស្វែងរកដំណោះស្រាយ​ក្នុងបញ្ហាអ៊ុយក្រែន។ សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រេសិតតំណាងលោកដូណាល់ ត្រាំ បានធ្វើដំណើរទៅជួប​លោក​ពូទីន ជាថ្មីម្តងទៀត​​ នៅឯទីក្រុងសាំងប៉េតេសបួរ ដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែន តែលទ្ធផល​ហាក់ដូចជាគ្មានទាល់តែសោះ។

TTN-Free-Banner-In-Article-PC

នៅថ្ងៃសុក្រ ទី​១១មេសា លោកដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយ​លោក​បាន តឿនរន្ធាន់ថា រុស្ស៊ីត្រូវតែប្រញាប់រួសរាន់ឡើង ក្នុងការ​រកដំណោះស្រាយ​បិទបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន​។ លោកដូណាល់ ត្រាំ ត្អូញថា មនុស្សច្រើនពាន់នាក់​ស្លាប់​ជារៀងរាល់សប្តាហ៍ នៅក្នុងសង្គ្រាម​ដែល​មិន​គួរកើតឡើងសោះ រយៈពេលជាង​៣ឆ្នាំមកនេះ​​។

គួរកត់សំគាល់ថា នេះគឺជាសារ​បែប​អន្ទះសាជាលើកទី២ហើយ​របស់​លោកដូណាល់ ត្រាំ​ នៅចំពោះមុខ​ដំណើរអូសជើងរបស់រុស្ស៊ី ដែល​ហាក់ដូចជាមិនកម្រើកទាល់តែសោះដើម្បីបញ្ចប់សង្គ្រាម​។ កាលពីចុងខែមីនា លោកដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតថា លោកមួម៉ៅនឹងលោកពូទីនដែរ ដែលទាមទារលក្ខខណ្ឌមិនចេះចប់មិនចេះហើយ។ តែជាមួយគ្នានេះ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ ហាក់ដូចជាគ្មានយន្តហោះការអ្វីទាល់តែសោះ ដើម្បី​ដាក់សំពាធចាប់បង្ខំ​ឲ្យលោកពូទីន​​​ប្រញាប់រួសរាន់​។​

សូ​មបញ្ជាក់ថា សំណេរតឿនបង្ខំ​របស់​ដូណាល់ ត្រាំ ទៅកាន់រុស្ស៊ីនេះ គឺស្របពេល​ដែល​ប្រេសិតពិសេសតំណាង​របស់​លោកដូណាល់ ត្រាំ​ គឺលោក Steve Witkoff បានធ្វើដំណើរទៅជួបលោក​ពូទីនជាលើកទី​៣ នៅឯទីក្រុងសាំងប៉េតេសបួរ កាលពីថ្ងៃសុក្រទី​១១មេសា។ ខ្លឹមសារនៃការជជែក​គ្នា​យ៉ាងណា គឺគ្មាននរណាដឹងទេ។

​លោក​ឌីមីទ្រ ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង បានត្រឹមតែបញ្ជាក់ថា លោកពូទីន និងប្រេសិតអាមេរិក បាននិយាយគ្នាច្រើនប្រធានបទណាស់ ជុំវិញសំណុំរឿងអ៊ុយក្រែន ដែលជារឿងដ៏ស្មុគស្មាញ​។

គួរបញ្ជាក់ដែរថា លោកដូណាល់ ត្រាំ ល្មមនឹង​មួម៉ៅក្នុងចិត្ត​ដែរ ព្រោះគាត់ធ្លាប់អះអាងថា​នឹងចំណាយ​ពេល​ត្រឹម​តែ​២៤ម៉ោងប៉ុណ្ណោះ ដើម្បី​​បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ តែរហូតពេលនេះ​៨០ថ្ងៃហើយ​ដែល​លោកបានចូលកាន់អំណាច តែសំណុំរឿងនេះ នៅតែគ្មានដំណោះស្រាយ​ដដែល​។ ផ្ទុយទៅវិញ​ លោក Steve Witkoff តំណាងពិសេស​របស់​លោក​ដូណាល់ ត្រាំ ត្រូវគេសំឡឹងឃើញថា ហាក់ដូចជា​​ទន់ទោរពេញចិត្តលោកពូទីនខ្លាំងឡើង។ នៅក្នុងបទសម្ភាសន៍​មួយ​កាលពីខែមីនា លោកប្រេសិតម្នាក់នេះ បានអះអាងថា លោកពូទីនគឺជាមនុស្ស​ល្អណាស់ មិនអាក្រក់ដូចគេចោទ​ឡើយ​។

នៅក្នុងបទសម្ភាសន៍​មួយ​ឲ្យសារព័ត៌មាន Times លោកប្រេសិត​អាមេរិកម្នាក់ទៀត​សម្រាប់អ៊ុយក្រែន ឈ្មោះ keith Kellogg បាន​លើកឡើងនូវ​ អំពី​សំណើមួយចំនួនដើម្បីឈានទៅ​បិទបញ្ចប់សង្គ្រាម ក្នុងនោះមានដូចជា ការ​អនុញ្ញាតឲ្យ​មានវត្តមាន​ចែកតំបន់គ្នា រវាង​កងទ័ពរុស្ស៊ី និង​កងទ័ពបស្ចឹមលោក ​ដោយ​យកគម្រូតាមទីក្រុង​​ប៊ែរឡាំងក្រោយសង្គ្រាមលោកលើកទី២ តែដោយគ្មានវត្តមានកងទ័ពអាមេរិក​។ ចំណែក​សំណើមួយទៀត គឺការបង្កើតតំបន់ស គ្មានទាហានគ្មានអាវុធ រវាងអ៊ុយក្រែននិងរុស្ស៊ី ដើម្បីបញ្ចៀសកុំ​ឲ្យ​មានការបាញ់​បោះប្រយុទ្ធ។​

សូមរំលឹកថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​រៀបចំ​កិច្ចប្រជុំ​ដាច់ដោយឡែក ជាមួយភាគីរុស្ស៊ីផង ភាគីអ៊ុយក្រែនផង ដើម្បីឈានទៅរកបទឈប់បាញ់ទាំងស្រុង​នៅអ៊ុយក្រែន​។ ក៏ប៉ុន្តែ​គិតត្រឹមពេលនេះ​​ អ្វីដែលលោកពូទីន​​​បានយល់ព្រម គឺមានតែមួយចំណុចគត់ គឺសន្យា​​ផ្អាកជាបណ្តោះអាសន្ន​ នូវការវាយប្រហារលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល។ ជា​ការសន្យា​ដែល​មានតែលើ​បបូរមាត់ទេ​ ​ព្រោះថាធាតុពិតជាក់ស្តែង អ៊ុយក្រែនអះអាងថា រុស្ស៊ីនៅតែបន្តវាយប្រហារមកលើអ៊ុយក្រែន ឥតមាន​ផ្អាកឡើយ​។ មិនត្រឹមតែប៉ុណ្ណោះទេ ថ្មីៗនេះ​ លោក​ហ្សេឡេនស្គី បានអះអាងថា ​មានជនជាតិចិនជាច្រើននាក់ ដែលត្រូវរុស្ស៊ីរើសចូល​យកមកប្រយុទ្ធ ហើយរដ្ឋចិន​ក៏ដឹងរឿងនេះច្បាស់ដែរ​៕

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other