ការលេងល្បែងទាញព្រ័ត្រ ក្នុងកម្មវិធីសង្ក្រាន្ដ​ឆ្នាំថ្មី គឺចូលរួមរក្សាកីឡាប្រពៃណី និងកីឡា​អត្ដ​សញ្ញាណ
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:០០ នាទី ល្ងាច
ការលេងល្បែងទាញព្រ័ត្រ ក្នុងកម្មវិធីសង្ក្រាន្ដ​ឆ្នាំថ្មី គឺចូលរួមរក្សាកីឡាប្រពៃណី និងកីឡា​អត្ដ​សញ្ញាណ
ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ រូបតំណាង

ភ្នំពេញ៖ ល្បែងកម្សាន្ដ និងចង្វាក់រាំបែបប្រពៃណីខ្មែរ ដូចជារាំវង់ សារាវ៉ាន់ ឡាំលាវ ជាដើម មិន​សូវ​ពេញនិយម ក្នុងពិធីសង្ក្រាន្ដឆ្នាំថ្មី ដូចពីមុនឡើយ​ ខណៈយុវជន យុវតីភាគច្រើន ចូល​ចិត្ត​​ការរាំចង្វាក់ញាក់ញ័រ និងចូលចិត្តលេងបាញ់ទឹក ប៉ាត់ម្សៅ ជាដើម។ ទន្ទឹមនឹងការថមថយ​ចុះនៃការលេងល្បែងប្រជាប្រិយ ល្បែង​ទាញព្រ័​ត្រ ដែលជាកីឡាប្រពៃណីផង និងជាកីឡា​អត្ត​សញ្ញាណដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូផងនោះ ក៏ស្ទើរតែបាត់វត្តមាន​ ពិធីបុណ្យចូលឆ្នាំខ្មែរដែរ។

TTN-Free-Banner-In-Article-PC

កញ្ញា មាស តឿ អគ្គ​លេខា​ធិការរងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ស្នើឲ្យតាមស្ថាប័ន ដែល​​​រៀបចំសង្ក្រាន្ដឆ្នាំថ្មី ជួយ​ដាក់ល្បែងទាញព្រ័ត្រ ព្រោះដើម្បីថែរក្សាល្បែងប្រពៃណី និង​ជាកីឡាអត្ដសញ្ញាណជាតិ​មួយ​របស់កម្ពុជា ដែលមានភស្ដុតាងនៅប្រាសាទបុរាណ។

ល្បែងទាញព្រ័ត្រ គឺជាល្បែង​ប្រ​ពៃ​​​ណីខ្មែរមួយ ក្នុងចំណោមល្បែងផ្សេងទៀត ដូចជា​ចោល​ឈូង, បោះអង្គញ់, លាក់​កន្សែង, ប្រណាំងគោ​ ក្របី និងវាយក្អមជាដើម​។ ប៉ុន្ដែល្បែង​កម្សាន្ដទាំងនោះ ហាក់បីដូចជាមិនសូវបានយកមកលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដូច​ពីមុនទេ។ បច្ចុប្បន្ន ក្មេងៗភាគច្រើន និយមលេងបាញ់ទឹក ជះទឹក ចោលទឹក និងប៉ាតម្សៅ ទៅវិញ។

បច្ចុប្បន្ននេះ ល្បែងកម្សាន្ដនេះ ត្រូវបានវិវឌ្ឍទៅជាកីឡាមួយ ដែលមានបទបញ្ជា ​និងក្បួន​ច្បាប់នៃការប្រកួតត្រឹមត្រូវ។ ល្បែងមួយនេះ ត្រូវបានមនុស្សទូទាំងពិភពលោក យកទៅ​លេងបែបកម្សាន្ដខ្លះ និងបែបប្រកួតកីឡាខ្លះ។ ដោយឡែកកីឡាទាញព្រ័ត្រ ឬល្បែង​ទាញ​ព្រ័ត្ររបស់កម្ពុជា មានប្រវត្តិយូរលង់ណាស់មកហើយ ថែមទាំងមានការគាំទ្រ​ច្រើនពី​ខ្មែរ​សម័យ​មុន ដោយមានចម្លាក់តាមប្រាសាទបុរាណខ្លះ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធពី កូ សមុទ្រ​ទឹកដោះ ជាសក្ខីភាព។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កម្ពុជា ជោគជ័យក្នុងការដាក់កីឡាទាញព្រ័ត្រ ទៅក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ នៅទីក្រុងវិនឌុក ប្រទេស​ណា​មីប៊ី។

កញ្ញា​ មាស តឿ អំពាវនាវឲ្យអ្នករៀបចំកម្មវិធីសង្ក្រាន្ដ​ឆ្នាំថ្មី តាមភូមិ ឃុំ សហគម និង​ខេត្ត ដាក់បញ្ចូលកីឡានេះ ចូលក្នុងកម្មវិធីកម្សាន្ដ។ អគ្គលេខាធិការរងរូបនេះ មាន​សុទិដ្ឋិនិយម​ថា ការលេងល្បែងកម្សាន្ដនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ខ្មែរ និងក៏​ជាការផ្សព្វ​ផ្សាយ​ពីកីឡាទាញព្រ័ត្រនៅកម្ពុជាដែរ។

កញ្ញា មាស តឿ បាននិយាយប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញ​តេលេក្រាម​ថា៖ ​«​ល្បែង​នេះ បើយើងយកមកលេង គឺផ្ដល់ផលវិជ្ជមានសម្រាប់កម្ពុជាយើង។ ទីមួយ យើងមានអត្ដ​សញ្ញាណល្បែងទាញព្រ័ត្ររបស់យើង នៅលើប្រាង្គប្រាសាទអង្គរវត្តស្រាប់ ដែលជាកេរ​មរតករបស់ខ្មែរយើង។ ហើយល្បែងនេះ ក៏ជាសម្បត្តិវប្បធម៌របស់យើង។»។

សម្រាប់អគ្គលេខាធិការរងរូបនេះ លើសពីការផ្សព្វផ្សាយ និងថែរក្សាវប្បធម៌ខ្មែរ ការ​លេង​កីឡាទាញព្រ័ត្រ ក៏ជាការបង្កើត​នូវ​មិត្តភាព និងសាមគ្គីភាពផង ដោយអ្នកចូលរួមលេង ត្រូវ​ចែកគ្នាជា២ក្រុម និងភាគីម្ខាងៗ មានគ្នីគ្នាយ៉ាងតិច៥នាក់។ ទោះជាសមាជិកក្រុម​នីមួយៗ មិនស្គាល់គ្នាពីមុនមក ប៉ុន្ដែអ្នក​លេងទាំ​ងនោះ នៅតែអាចលេងជាមួយគ្នា ដោយសា្នម​ញញឹម និងសាមគ្គីភាពដើម្បីជ័យ​ជម្នះ និងលេងបែបសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ​

កញ្ញា មាស តឿ បាននិយាយថា៖ «ការលេងល្បែងទាញព្រ័ត្រ គឺបង្ហាញថាយើង មាន សាមគ្គីភាពល្អ ទោះបីជាយើង មិនធ្លាប់ស្គាល់គ្នាពីមុន ប៉ុន្ដែយើងបានកម្សាន្ដក្នុងបុណ្យ​ចូលឆ្នាំជាមួយគ្នា ហើយយើងបានចាប់ក្រុមជាមួយគ្នាលេងល្បែងទាញព្រ័ត្រ។ ល្បែង​កម្សាន្ដ មិនត្រឹមតែជាប្រភេទកីឡាទេ ប៉ុន្ដែក៏ជាការសាងមគ្គីគ្នា និងគ្នាក្នុងឱកាសបុណ្យ ទាន មិនត្រឹមតែប៉ុណ្ណឹង នេះក៏ជាការបំផុសនៅវប្បធម៌ខ្មែររបស់យើងដែរ។»។

គួរបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ឬកីឡាទាញព្រ័ត្រ គឺជាកីឡាដែល​​ងាយ​លេង ងាយ​រៀបចំ​ជាង​កីឡាផ្សេងទៀត ព្រោះល្បែងនេះ មិនត្រូវការបច្ចេកទេសរៀបចំច្រើន គឺគ្រាន់តែមាន​ខ្សែ​ព្រ័ត្រ ឬខ្សែដែលរឹងមាំ អាចឲ្យភាគីទាំង២ក្រុមទាញកម្សាន្ដប៉ុណ្ណោះ។ ម្យ៉ាង​ ការលេង​ល្បែង​​កម្សាន្ដ​​នេះ មិនរើសទីតាំងពេកនោះទេ ពោលគឺអាចលេងកម្សាន្តបានទោះនៅលើស្មី លើដីធម្មតា ឬក៏លើខ្សាច់ក៏បាន។ ដូច្នេះ ការដាក់បញ្ចូលកីឡាទាញព្រ័ត្រ ក្នុងកម្មវិធីកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីអបអរចូលឆ្នាំខ្មែរ ក៏មិនពិបាកនោះដែរ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា