ខេត្តតាកែវ លើកទឹកចិត្តពលរដ្ឋលេងល្បែងប្រជាប្រិយ និងហាមបាញ់ទឹកបង្កគ្រោះថ្នាក់លើអ្នកដំណើរ
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣០ នាទី ល្ងាច
ខេត្តតាកែវ លើកទឹកចិត្តពលរដ្ឋលេងល្បែងប្រជាប្រិយ និងហាមបាញ់ទឹកបង្កគ្រោះថ្នាក់លើអ្នកដំណើរ
ទិដ្ឋភាពពលរដ្ឋខេត្តតាកែវលេងល្បែងប្រជាប្រិយ កាលពីឆ្នាំ ២០១៥។ រូបភាព៖ រដ្ឋបាលខេត្តតាកែវ

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ លើកទឹកចិត្តឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយ ជំនួសការលេងគប់ ឬបាញ់ទឹក ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុលើអ្នកដំណើរ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី១៤ ដល់១៦ ខែមេសា។

TTN-Free-Banner-In-Article-PC
 

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ចេញនៅថ្ងៃទី១៣ ខែមេសានេះ បានសម្រេចហាមឃាត់មិនឱ្យពលរដ្ឋលេងជះទឹក, គប់ស្បោងទឹក, លាបធ្យូង ឬប៉ាតម្សៅ, ការប្រើប្រាស់ឧបករណ៍បាញ់ទឹកដែលមានកម្លាំងខ្លាំង និងឧបករណ៍ផ្សេងៗទៀតទៅអ្នកដំណើរតាមយានយន្តគ្រប់ប្រភេទ ដ្បិតសកម្មភាពទាំងនេះ អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត បង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិ ជាដើម។ 

មិនត្រឹមប៉ុណ្ណោះទេ ខេត្តភាគខាងត្បូងមួយនេះ ក៏ហាមដាច់មិនឱ្យលេងល្បែងខុសច្បាប់គ្រប់ប្រភេទ និងអុជផាវ ឬគ្រឿងផ្ទុះនានា ដែលអាចបង្កឱ្យមានសំឡេងរំខានដល់សាធារណជន។ យ៉ាងណាមិញ រដ្ឋបាលខេត្តតាកែវ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជន យុវនារី នាំគ្នាលេងល្បែងប្រជាប្រិយឱ្យបានច្រើនកុះករ ដើម្បីចូលរួមថែរក្សាប្រពៃណីខ្មែរ។

ការហាមប្រាមរបស់រដ្ឋបាលខេត្តតាកែវនៅពេលនេះ ធ្វើឡើងក្នុងទិសដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក៏ដូចជារក្សាបាននូវវប្បធម៌ ប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ៕  


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា