អត្ដពលិកបេស្បល ខ្វះទីលានហ្វឹកហាត់ ក្នុងការត្រៀមប្រកួត BFA Women’s Asian Cup
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣០ នាទី យប់
អត្ដពលិកបេស្បល ខ្វះទីលានហ្វឹកហាត់ ក្នុងការត្រៀមប្រកួត BFA Women’s Asian Cup
ក្រុមកីឡាការិនីបេស្បល រូបពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

សហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា នឹងបញ្ជូនអត្ដពលិកជម្រើសជាតិ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 2025 IV BFA Women’s Asian Cup (Qualify)នៅប្រទេសថៃ ដែលត្រូវធ្វើចាប់ពីថ្ងៃទី ២១-៣០ ខែមេសា។ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ពៅ ឧត្តម គ្រូជំនួយ បានឲ្យដឹងថា ការហ្វឹកហាត់របស់ជម្រើសជាតិបេស្បលផ្នែកនារី បានជាប់ជាប្រចាំ ប៉ុន្ដែការលំបាក គឺការហ្វឹកហាត់លើទីលាន ដែលមិនមានស្ដង់ដា ដោយប្រើប្រាស់ទីលានបាល់ទាត់ជំនួសវិញ។

TTN-Free-Banner-In-Article-PC

ថៃ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ 2025 IV BFA Women’s Asian Cup វគ្គជម្រុះ ចាប់ពីថ្ងៃទី២១-៣០ មេសា ឆ្នាំ២០២៥។ វគ្គជម្រុះនេះ មាន ៧ប្រទេសចូលរួម ដូចជាម្ចាស់ផ្ទះ ថៃ, កម្ពុជា, ឥណ្ឌូណេស៊ី អ៊ីរ៉ាក់, ម៉ាឡេស៊ី, ស្រីលង្កា និងប៉ាគីស្ថាន។

លោក ពៅ ឧត្តម បានបញ្ជាក់ថា ការប្រមូលផ្ដុំក្រុមជម្រើសជាតិនារី ទើបតែបានចំនួន ១៥ថ្ងៃប៉ុណ្ណោះ។ រីឯការហ្វឹកហាត់ គ្រូជំនួយរូបនេះ បន្ថែមថា មានការលំបាក់ព្រោះត្រូវហ្វឹកហាត់លើទីលាន បាល់ទាត់ជំនួស ដែលជាទីលានមិនមែនជាស្ដង់ដា ជាលក្ខណៈកីឡាបេស្បល ប៉ុន្ដែជម្រើសជាតិទាំងនោះ បានហ្វឹកហាត់ជាប់ជាប្រចាំ។

នេះ គឺជាលើកដំបូង ដែលកីឡាការិនីជម្រើសជាតិកម្ពុជា ផ្នែកកីឡាបេស្បលកម្ពុជា បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិ។ លោក ពៅ ឧត្តម រំពឹងថាអត្ដពលិកនារីទាំងនោះ អាចនឹងដណ្ដើមបានមេដាយជូនជាតិ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា