- ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៤៨ នាទី ព្រឹក

សម្ដេច ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅមើលទិដ្ឋភាពជាក់ស្ដែងនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៣ ខែមេសា នេះ។ នៅលើម៉ូតូកង់បី សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា សៀមរាប មានទេសចរច្រើននារដូវភ្ញៀវច្រើន (High Season) ប៉ុន្តែអ្នកពាក់ព័ន្ធ ត្រូវបង្កើតព្រឹត្តិការណ៍ឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរឱ្យមកលេងកម្សាន្តនៅសៀមរាប នៅ ក្នុងអំឡុង Green Season ដែលកន្លងមកគេហៅនិយមហៅថា Low Season។
សម្ដេច ហ៊ុន ម៉ាណែត ណែនាំដូច្នេះ៖«អ៊ីចឹង ខែhigh យើងបាន១០០ភាគរយ ខែ Low យើងធ្វើយ៉ាងណាជំរុញឱ្យបាន៧០ ទៅ៧៥ភាគរយ គឺល្អហើយ។ យើងបង្កើតព្រឹត្តិការណ៍ឱ្យច្រើន។ នៅតាមផ្លូវ ខេត្តត្រូវរៀបចំបង្កើតសកម្មភាពសេដ្ឋកិច្ចឱ្យច្រើនជាប្រចាំ មិនបាច់តែចូលឆ្នាំទេ។»។
សម្រាប់ សម្ដេច ហ៊ុន ម៉ាណែត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្កលក្ខណៈឲ្យសកម្មភាព សេដ្ឋកិច្ច ក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុង មានភាពរស់រវើក។ ប្រមុខរាជរដ្ឋាភិបាល រំភើបចំពោះសម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទឹកដីសៀមរាប បន្ថែមលើសង្ក្រាន្តតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដ្បិតព្រឹត្តិការណ៍នេះ បានជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានា នៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាបនិងនៅតំបន់ជុំវិញផងដែរ។
«ខ្ញុំមានការសប្បាយរីករាយ ដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជននិងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរនិងសកម្មភាពកម្សាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង។» នេះបើតាមសំណេររបស់សម្ដេច ហ៊ុន ម៉ាណែត។
កំណើនទេសចរមកកម្សាន្តនៅរមណីយដ្ឋានអង្គរ បានកើនឡើងពីមួយខែទៅមួយខែ ដែលនាំឱ្យរមណីយដ្ឋានទទួលបានភ្ញៀវទេសចរច្រើន។ បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងខែមីនា ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសចំនួន ១១៨ ៩២៧នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើន៦,៤៩ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០២៤។
ក្នុងរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ទេសចរបរទេសបានចំនួន ៣៩៥ ៥៣១នាក់ កើន ១៤,៦៧ភាគរយ។ ចំណូលពីការលក់សំបុត្រនេះ មានចំនួន ១៨ ៧១៨ ៧២២ដុល្លារ កើន១៣,២២ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤៕
អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕
